ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​សាធារណការ​ ទុក​ពេល​៣​ខែ​ ឲ្យ​អ្នក​ធ្វើ​អាជីវកម្ម​ត្រីចក្រយានយន្ត​ទាំង​អស់ ​ទៅ​រៀន​ប្រឡង​យក​ប័ណ្ណបើកបរ

ភ្នំពេញ​ ៖ ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ បាន​ទុក​ពេល​៣​ខែ ​ឲ្យ​អ្នកធ្វើអាជីវកម្ម​ត្រីចក្រ​យាន​យន្ត ​ឬ​ហៅថា ម៉ូតូ​កង់​បី​ទាំងអស់ ​ត្រូវ​ទៅ​រៀន​ប្រឡង​យក​ប័ណ្ណបើកបរ​ដោយ​ឥតគិតថ្លៃ ​ដើម្បី​ចូល​រួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹង​នៅ​ក្នុង កិច្ចប្រជុំ​បូកសរុប​ការងារ​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កាលពី​ថ្មីៗ​នេះ​ថា​ ដើម្បី​លើកកម្ពស់​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ក្រសួង​ទុក​រយៈពេល​៣​ខែ​ គិត​ចាប់ពី​ខែ​ឧសភា ឆ្នាំ​២០១៩​ខាងមុខនេះ​តទៅ​ ឲ្យ​ម្ចាស់​ត្រីចក្រយានយន្ត​ទាំងអស់ ​ត្រូវ​ទៅ​រៀន​ប្រឡង​យក​ប័ណ្ណបើកបរ​ ហើយ​ផុត​កាលកំណត់​នេះ​ ក្រសួង​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ គឺ​ចាប់​ផាកពិន័យ​ដោយ​បង្ខំ​ និង​ដោយ​គ្មាន​ការ​លើកលែង​ជាដាច់ខាត​។​
​​
លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា​ បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជា មាន​ត្រីចក្រយានយន្ត​ប្រមាណ​ពីរ​ម៉ឺន​គ្រឿង​កំពុងតែ​ធ្វើ​អាជីវកម្ម​នៅលើ​ដងផ្លូវ​សាធារណៈ​ ក្នុងនោះ​៩៨​ភាគរយ ​ខ្វះ​ការយល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ និង​គ្មាន​ប័ណ្ណបើកបរ​ ដែល​ទាំងនេះ​វា​ជា​ផ្នែក​មួយ​បង្ក​ឲ្យ​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅលើ​ដងផ្លូវ​ជា​ញឹកញាប់​។​

លោក វ៉ា ស៊ឹម​សុរិយា អគ្គនាយក​រដ្ឋបាល ​និង​ហិរញ្ញវត្ថុ និង​ជា​អ្នកនាំពាក្យ​ក្រសួង សាធារណការ ​និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា​ ការ​រៀន​យក​ប័ណ្ណបើកបរ​ត្រីចក្រយានយន្ត​នេះ​ គឺ​មិនមាន​តម្រូវ​ឲ្យ​បង់​ប្រាក់​ទេ​ ដោយ​ប្រើ​រយៈពេល​យ៉ាង​យូរ​ពី​ពីរ​ទៅ​បី​ថ្ងៃ​ប៉ុណ្ណោះ ​ព្រោះ​ផ្តោតជាសំខាន់​តែ​ទៅលើ​ស្លាក​សញ្ញា ​និង​ច្បាប់​ចរាចរណ៍។

លោក​បាន​បន្ត​ទៀត​ថា ​ចំពោះ​ទីតាំង​ នៃ​ការរៀន​ដើម្បី​ប្រឡង​យក​ប័ណ្ណបើកបរ​ត្រីចក្រយានយន្ត​នេះ​គឺ​ខាង​សាលា​រាជធានី​ភ្នំពេញ​ជា​អ្នក​រៀបចំ។ ​ចំណែក​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ក៏​មាន​សាលា​បើកបរ​រថយន្ត​មួយ​ដែរ ​សម្រាប់​ជួយ​ផ្តល់​ជា​កន្លែង​រៀន​បើកបរ​ប្រសិនបើ​ចាំបាច់។

មន្ត្រី​ក្រសួង​សាធារណការ​ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ​ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ​,​ដឹកទំនិញ​ធុន​ធ្ងន់​ និង​មធ្យម​,​រថយន្ត​កុងតឺន័រ​ ដែល​មិន​ទាន់​មាន​ភាព​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​,​អ្នកបើកបរ​គ្មាន​ប័ណ្ណ​បើកបរ​ ក៏​នឹងមិន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ​សាធារណៈ​ជាដាច់ខាត ធ្វើ​ដូចនេះ​គឺ​ដើម្បី​ចូល​រួម​ចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​។​

តែ​យ៉ាងណាក៏ដោយ​ កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩​កន្លងទៅ ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​បន្ត​វគ្គ​បណ្ដុះបណ្ដាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​សិក្ខាកាម​ជា​អ្នក​បើកបរ​ត្រីចក្រយានយន្ត​(​ម៉ូតូ​កង់​បី​) ដែលមាន​សិក្ខាកាម​ចំនួន​២២៧​នាក់ បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល ​ស្តីពី​ច្បាប់​ចរាចរ​ផ្លូវគោក​ដោយ​ឥតគិតថ្លៃ នៅ​អង្គភាព​ផ្តល់​ប័ណ្ណ​បើកបរ​ នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​។​

សូម​បញ្ជាក់​ថា ​វគ្គ​បណ្ដុះបណ្ដាល​ ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​សម្រាប់​ត្រីចក្រយានយន្ត បង្រៀន​ដោយ​ឥតគិតថ្លៃ​រៀងរាល់ថ្ងៃ​សៅរ៍ រហូតដល់​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​អង្គភាព​ផ្តល់​ប័ណ្ណ​បើកបរ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114