ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងកសិកម្ម​ សហការ​ជាមួយ​សង្គម​ស៊ីវិល ​គ្រោង​អភិវឌ្ឍន៍​តំបន់​សហគមន៍​នេសាទ​ផាត់​សណ្តាយ ឲ្យ​ទៅជា​តំបន់​អេកូ​ទេសចរណ៍​

​ភ្នំពេញ​ ៖ ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ ​សហការ​ជាមួយ​សង្គម​ស៊ីវិល​គ្រោង​អភិវឌ្ឍន៍​តំបន់​សហគមន៍​នេសាទ​ផាត់​សណ្តាយ ខេត្ត​កំពង់ធំ ​ឲ្យ​ទៅជា​តំបន់​អេកូ​ទេសចរណ៍​ ដើម្បី​ការពារ​ថែរក្សា​ធនធាន​ជីវចម្រុះ​នៅ​តំបន់​នេះ​ឲ្យ​ធានា បាន​និរន្តរភាព ​និង​លើកកម្ពស់​សេដ្ឋកិច្ច ​សហគមន៍​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។

ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ គម្រោង​បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជា​នេសាទ​តាមរយៈ​ការ​ការពារ​គ្រប់​គ្រង​ធនធានធម្មជាតិ​ នៅ​តំបន់​ដី​សើម​ក្នុង​បឹង​ទន្លេសាប ​កាលពី​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​មេសា ​ឆ្នាំ​២០១៩​ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ លោក​ ឱម សាវ៉ាត​ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល បាន​ឲ្យ​ដឹងថា ​គម្រោង​ប្រែក្លាយ​សហគមន៍​នេសាទ​ផាត់​សណ្តាយ​ជា​សហគមន៍​ទេសចរណ៍​នេះ ​គឺជា​ផ្នែក​មួយ​ក្នុង​គម្រោង​បង្កើន​ជីវភាព​រស់នៅ​រប​ស់​ប្រជា​នេសាទ​តាមរយៈ​ការការពារ​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់ដីសើម​ក្នុង​បឹង​ទន្លេសាប​ដើម្បី​កសាង សមត្ថភាព​របស់​សហគមន៍ បង្កើន​ការគ្រប់គ្រង​ធនធាន​ជលផល និង​បង្កើន​ប្រភព​មុខរបរ ចម្រុះ​នៅ​ក្នុង​សហគមន៍​។

លោក​បាន​មានប្រសាសន៍​ទៀតថា ក្រុម​ប្រជា​សហគមន៍​នេសាទ​ផាត់​សណ្តាយ​បាន​ឯកភាព​គ្នា​រួច​ហើយ​ត្រៀម​កែច្នៃ​តំបន់​មួយចំនួន​ឲ្យ​ក្លាយ​ជា តំបន់​អេកូ​ទេសចរណ៍​តាម​រូបភាព​រក្សា​ព្រៃ​លិច​ទឹក ការពារ​ជម្រក​សត្វ​ស្លាប ​និង បង្កើត​ទូក​ដឹកជញ្ជូន​ភ្ញៀវ​ទស្សនា​ព្រៃ​លិច ដើម្បី​ទាញ​យក​ប្រភព​ចំណូល​បន្ថែម​ក្រៅពី​មុខរបរ​នេសាទ​។​

លោក​បាន​បន្តទៀតថា​ ការ​អភិវឌ្ឍ​សហគមន៍​​នេះ​ នឹង​បង្កើត​ផ្ទះ​ស្នាក់នៅ​បណ្តែត​ទឹក​សម្រាប់​ភ្ញៀវ​ស្នាក់នៅ រួមទាំង​សេវាកម្ម​បម្រើ​ម្ហូបអាហារ​គ្មាន​គីមី​ពិសេស​ត្រី​ដែល​រកបាន​នៅក្នុង​សហគមន៍​នេះ​។

លោក​បាន​បញ្ជាក់ថា នៅពេល​ប្រជា​សហគមន៍​ទទួលបាន​ប្រភព​ចំណូល​ពី​តំបន់​នេះ នឹងធ្វើ​ឲ្យ​ពួក​គេ​កាន់តែ​បង្កើន​កិច្ច អភិរក្ស​ដើរ​ល្បាត និង​ ទប់ស្កាត់​ការ​នេសាទ​ខុសច្បាប់​យ៉ាង​មាន​ប្រសិទ្ធភាព ខណៈ​ដែល​វិស័យ​ទេសចរណ៍​ផ្តល់​ប្រភព​បាន​ច្រើន​។​

ចំណែក​ លោក អ៊ុត សំអន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​គម្រោង​ប្រែក្លាយ​តំបន់​ផាត់​សណ្តាយ​ឲ្យ ទៅជា​តំបន់​អេកូ​ទេសចរណ៍ ​ព្រោះ​វា​បាន​ជួយ​ឲ្យ​តំបន់​នោះ​កាន់​តែមាន​កិច្ច​គាំពារ​កម្រិត ខ្ពស់​លើ​វិស័យ​ធនធាន​ជល​ផល​ព្រៃ​លិច​ទឹក និង​សត្វ​ស្លាប​ជាដើម​។

ឯកឧត្ដម​បាន​អះអាងថា ការការពារ​បាន​តំបន់ សហគមន៍​នេសាទ​ផាត់​សណ្តាយ​នេះ​វា​នឹង​ក្លាយ​ជា​គំរូ​សម្រាប់​យកទៅ​គ្រប់គ្រង​នៅ​សហគមន៍ នេសាទ​ជាច្រើន​ទៀត​ក្នុង​ប្រទេស​កម្ពុជា​។​

សូមបញ្ជាក់ថា សហគមន៍​នេសាទ​ផាត់​សណ្តាយ ​ស្ថិតនៅក្នុង​ឃុំ​ផាត់​សណ្តាយ​ ស្រុក​កំពង់ស្វាយ​ខេត្ត​កំពង់ធំ​ ដែលមាន​ប្រជាពលរដ្ឋ​រស់​លើផ្ទះ​បណ្តែត​ទឹក​ប្រមាណ​ជាង​៤.៥០០​នាក់ ​ដែល​ភ្ញៀវ​ទេសចរ​អាចធ្វើ​ដំណើរ​ទៅលេង​សហគមន៍​នេះ​តាម​ខេត្ត​កំពង់ធំ និង​ ខេត្ត​កំពង់ឆ្នាំង​ ដោយ​ធ្វើដំណើរ​តាម​ទូក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114