ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម Atalanta បំបាក់​ក្រុម Napoli​ដើម្បី​ឡើង​កាន់​តែ​ជិត​នឹង​តំណែង​លេខ​៤ Serie A

​ក្រុម Atalanta បាន​បង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ចាប់អារម្មណ៍​របស់​ពួកគេ ពេលដែល​បោះជំហាន​កាន់តែ​ជិត​នឹង​តំណែង​កំពូល​ទាំង​៤​នៅ​ក្របខណ្ឌ Serie A​ជាមួយនឹង​ជ័យជំនះ​២-១​លើ​ក្រុម Napoli​កាលពី​ថ្ងៃ​ចន្ទ​។

ខណៈ​ពេល​ដែល​ក្រុម​លេខ​២ Napoli​មាន​៦៧​ពិន្ទុ និង​មាន​៦​ពិន្ទុ​នាំមុខ​ក្រុម​លេង​៣ Inter Milan នោះ ក្រុម Atalanta​បាន​ឡើង​មកឈរ​នៅ​លេខ​រៀង​ទី​៥​វិញ មាន​៥៦​ពិន្ទុ​។ ពួកគេ​មាន​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម AC Milan ឈរ​នៅ​លេខ​រៀង​ទី​៤ និង​មាន​១​ពិន្ទុ​នាំមុខ​ក្រុម​លេខ​៦ AS Roma ជាមួយនឹង​៥​ប្រកួត​ទៀត ត្រូវ​លេង​បញ្ចប់​រដូវ​កាល​។

​ក្រុម Napoli យល់ឃើញថា យ៉ាងហោចណាស់​ក៏​ពួកគេ​រកបាន​១​ពិន្ទុ​ដែរ បើសិនជា​មិនមែន​៣​ពិន្ទុ​ទាំងអស់​នោះ ក្រោយ​លេង​គ្របដណ្តប់​ការប្រកួត​ទាំងស្រុង តាំងពី​ដំបូង​ដល់ពេល​បញ្ចប់​។ ប៉ុន្តែ​ពួកគេ បែរជា​ដៃទទេ​ស្អាត ដោយសារតែ​ខ្សែការពារ​ដ៏​រឹងមាំ​របស់​ក្រុម Atalanta​។

កីឡាករ Mertens បានធ្វើ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​នាំមុខ​ជាមួយនឹង​គ្រាប់​បាល់​ទី​១២​របស់​គាត់​នៅក្នុង​រដូវ​កាល​នេះ នៅ​នាទី​២៨​។ គាត់​ធ្វើ​បាន​សម្រេច​ពី​កា​រប​ញ្ជូ​ល​បាន​របស់​កីឡាករ Kevin Malcuit មុន​ពេលដែល​កីឡាករ Duvan Zapata តាម​ស្មើ​វិញ​សម្រាប់​ក្រុម Atalanta នៅ​២០​នាទីចុងក្រោយ​។ បន្ទាប់មក កីឡាករ Zapata បាន​ជួយ​ឲ្យ​កីឡាករ Mario Pasalic សម្រេចបាន​គ្រាប់​បាល់​ឈ្នះ​។​

​ក្រុម​អ្នកគាំទ្រ​ម្ចាស់ផ្ទះ បាន​ទាមទារ​ឲ្យ​មាន​បាល់​ប៉េ​ណា​ល់​ទី​ផងដែរ ពេល​ដែល​កីឡាករ Mertens រត់​ជុំវិញ​អ្នកចាំទី​របស់​ក្រុម Atalanta​ធ្វើ​ឲ្យ​គាត់​ដួល ប៉ុន្តែ​ត្រូវបាន​អាជ្ញាកណ្តាល​ច្រានចោល៕