ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​បណ្ឌិតសភា​ចា​រ្យ​សុខ ទូច ថា​ ៖ ប្រវត្តិសាស្ត្រ​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រជាជាតិ​មួយ

ភ្នំពេញ ៖ អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ បណ្ឌិត មួយចំនួន​បាន​មក​ជួបជុំគ្នា នៅក្នុង វេទិកា​ជំនួប​អ្នកប្រវត្តិសាស្ត្រ​ស្តីពី​ការ​ឯកភាព​លើ​កាលប្រវត្តិ​សាស្ត្រ​នៃ​ប្រទេស​កម្ពុជា ដែល​បាន​រៀបចំឡើង​ដោយ​រាជបណ្ឌិត្យសភាកម្ពុជា​នា​ព្រឹក​ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០១៩​។

វេទិកា​នេះ​ជា​ជំនួប​អ្នកប្រវត្តិសាស្ត្រ​លើក​ទី​៣ បន្ទាប់ពី​វិទ្យាស្ថាន​មនុស្ស​សាស្ត្រ​និង​វិទ្យាសាស្ត្រ​សង្គម បាន​រៀប​ចំ​វេទិកា​បែបនេះ​ចំនួន​ពីរ​លើក​រួច​មក​ហើយ ដែលមាន​ការ​ពិភាក្សា​គ្នា​ជាពិសេស លើ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម័យមុន​អង្គរ​។

លោក​បណ្ឌិតសភា​ចា​រ្យ ស៊ន សំណាង បាន​លើក​ឡើង​នៅក្នុង​ខួប​ទី​៤៤​នៃ​ថ្ងៃទី​១៧​មេសា​ថា អ្នក​មិន​ចាំ​អតីតកាល ត្រូវ​ប្រវត្តិសាស្ត្រ​ដាក់ទោស ឲ្យ​ធ្វើ​ខុស​ដដែលៗ​។ ប្រវត្តិសាស្ត្រ​គឺជា​ការ​ចងចាំ​របស់​ប្រជាជាតិ​មួយ ការ​ចងចាំ​រឿងរ៉ាវ​ដែល​ធ្លាប់​ជួបប្រទះ ដើម្បី​ស្វែងរក​តំលៃ​ត្រឹមត្រូវ ឬ​មិនត្រូវ ល្អ ឬ​អាក្រក់ មាន​ប្រយោជន៍​ឬ​អត់​ប្រយោជន៍ និង​ការ​គិត​បែប​ប្រឌិត​ សម្រាប់​ស្វែងរក​នូវ​ភាព​គង់វង្ស សន្តិសុខ សន្តិភាព​និង​មានការ​អភិវឌ្ឍ​របស់​ប្រជាជាតិ​មួយ​។

លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បាន​មានប្រសាសន៍​លើក​ឡើង​ថា ប្រវត្តិសាស្ត្រ​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រជាជាតិ​មួយ​។ ជាតិ​សាសន៍​មួយ​រីកចម្រើន​ទាមទារ​មាន​អ្នកប្រវត្តិសាស្ត្រ ហើយ​អ្នក​ដែល​គ្រប់គ្រង​ប្រទេស​ភាគច្រើន​គឺ​ចេញ​មកពី​អ្នកប្រវត្តិសាស្ត្រ ផងដែរ​។

ដំណើរ​សង្គម នយោបាយ​បច្ចុប្បន្ន​នៃ​ប្រទេស​កម្ពុជា ត្រូវ​បាន​អ្នកប្រវត្តិសាស្ត្រ​និង​អ្នកនយោបាយ​មួយចំនួន​មើល​ឃើញ​ថា ជំលោះ​ផ្នែក​ស្មារតី​ខាង​សង្គម វប្បធម៌ នយោបាយ​និង សេដ្ឋកិច្ច​កំពុង​តែ​បន្ត​ដុត​រោល​ប្រជាជាតិ​មួយ​នេះ​គ្រប់ពេល ដែល​ក្នុង​នោះ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នានា ត្រូវ​បាន​គេ​លើក​យក​មក​បង្ហាញ​ក្នុង​គោលបំណង​ឲ្យ​យល់ដឹង​ការពិត​ក៏​មាន ឲ្យ​យល់ដឹង​មិន​ត្រឹមត្រូវ​ក៏​មាន មាន​បំណង​ចង់​ឲ្យ​មាន​ជំលោះ​ផ្នែក​ស្មារតី ក៏​មាន តាមរយៈ​ការ​បំភ្លៃ បំផ្លើស បំភាន់ សុទ្ធសឹងតែ​ជា​ថ្នាំពុល​សង្គម​បំផ្លាញ​ជាតិ​ខ្លួនឯង​។ ហេតុនេះ​រាជបណ្ឌិត្យសភាកម្ពុជា មាន​បំណង​ចង់​ឲ្យ​អ្នកជំនាញ​ខាង​ប្រវត្តិសាស្ត្រ​ទាំងអស់​ស្វែងរក​នូវ​តម្លៃ​សច្ចៈ​ភាព​នៃ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​កន្លងមក​ដើម្បី​ឲ្យ​មានការ​យល់ដឹង​ត្រូវ​។

គួរ​បញ្ជាក់​ថា វេទិកា​ជំនួប​អ្នកប្រវត្តិសាស្ត្រ​ធ្វើឡើង​មាន​គោល​បំណង ជជែក ពិភាក្សា ផ្តល់​យោបល់ ដើម្បី​ស្វែងរក​ការ​ឯកភាព​គ្នា លើ​កាលប្រវត្តិ​សាស្ត្រ​ប្រទេស​កម្ពុជា និង​ការ​ប្រើ​ពាក្យ​ដើម​តាម​សម័យកាល រួម​នឹង​ផ្តល់​យោបល់ កែលម្អ​លើ​ស្នាដៃ ស្តី​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​តាម​កាលប្រវត្តិ​ពី​ការ​កកើត​អរិយធម៌​ដល់​ឆ្នាំ​២០០០ ដើម្បី​ឲ្យ​ឯកសារ​មួយ​នេះ​កាន់​តែ​មាន​តម្លៃ​សម្រាប់​អ្នកអាន និង​អ្នកស្រាវជ្រាវ​នានា៕