ព័ត៍មានទាន់​ហេតុការណ៏
Search

សុគន្ធ និសា ​បញ្ចេញ​ប្រយោគ​មួយ​ឃ្លា​បំផុស​ស្មារតី​ស្ត្រី​ៗ ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ ​ត្រូវចិត្ត​ស្តូក​តែម្តង

ភ្នំពេញ​ ៖​ ​តារា​ចម្រៀង​ស្រី​មុខ​ស្រទន់​មាន​មន្ត​ស្នេហ៍​សំឡេង​ស្រាល​អ្នកនាង សុគន្ធ និសា មុននេះ​បន្តិច​ បាន​បង្ហោះ​សារ​បង្កប់​អត្ថន័យ​មួយ​ប្រយោគ​ដើម្បី​បំផុស​ដល់​មហាជន ​ខណៈ​ដែល​ខ្លឹមសារ​នេះ​ត្រូវបាន​ទស្សនិកជន​ជាច្រើន​បង្ហាញ​ការគាំទ្រ​និ ង​ចាត់ទុកថា​ជា​សារ​ដែល​មាន​អត្ថន័យ​អប់រំ​ខ្ពស់​។​

ផ្អែក​តាម​ខ្លឹមសារ​របស់​អ្នកនាង សុគន្ធ និសា បាន​រៀបរាប់​ថា កូនស្រី​កើតមក​ទទួល​បានការ​ស្រឡាញ់​ថ្នាក់ថ្នម ហួងហែង​ពី​ឪពុកម្តាយ តែ​ក៏មាន​សម្ពាយ​លើ​ស្មារ​មិនតិច​ដែរ​។​កូនស្រី​ដែល​ល្អ ស្តាប់បង្គាប់​ឪពុកម្តាយ ខិតខំ​រៀនសូត្រ​កុំ​ដើរលេង​ផ្ដេសផ្ដាស កូនស្រី​ដែល​ល្អ ចេះ​មើល​ទុក​ធុរៈ​ផ្ទះសម្បែង សម្អាតផ្ទះ រៀបចំ​ម្ហូបចំណី។

អ្នកនាង សុគន្ធ និសា បាន​បន្តទៀតថា​ កូនស្រី​ដែល​ល្អ ថែរក្សា​ខ្លួន មើលថែ​បងប្អូន កុំអោយ​ញាតិ​ផៅ​ស្តីបន្ទោស កូនស្រី​ដែល​ល្អ កិរិយា​ល្អ មារយាទ​ត្រឹមត្រូវ ផ្តល់​កិត្តិយស​គ្រួសារ កុំអោយ​មាន​និន្ទា​ពី​អ្នកជិតខាង​។​ តួនាទី និង​កាតព្វកិច្ច ធ្ងន់ធ្ងរ​មិនចេះចប់ តាំងពី​ថ្ងៃ​កើត ដល់​ថ្ងៃ​ស្លាប់ ទាំង​ដែល​តួនាទី​ទាំងនេះ ភាគច្រើន​មិនមែន​សម្រាប់​ខ្លួនឯង​ផ្ទាល់​ទេ…..។

បន្ថែម​ពីលើ​នេះ​អ្នកនាង សុគន្ធ និសា បានលើកឡើង​ទៀតថា ​គ្រង​ឈុត​មួយ​នេះ តួនាទី​បន្ថែម​ទៀតហើយ តែ​ក៏​អាច​ប្រសើរ​ជាង​មុន​ប្រសិនបើ​គូ​ជីវិត​កូនស្រី​ម្នាក់​នោះ ចង់​ចូលមក​ជីវិត​នាង​ដោយ​ក្តី​អាណិត​ស្រឡាញ់ និង​ជួយ​រំលែក​ទុក្ខ​ធុរៈ​ពី​នាង​។​សូម​ឲ្យ​គូស្នេហ៍​ទាំងអស់ ជា​គូ​ដែល​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក។

តាមរយៈ​ការ​លើក​ឡើង​របស់​តារា​ចម្រៀង​អ្នកនាង សុគន្ធ និសា ខាង​លើ​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការ​គាំទ្រ ​និង​មាន​ខ្លះ​ទៀត​ ក៏បាន​បញ្ចេញ​ទស្សនៈ​ដែរ​ថា ​កូនស្រី ​ដែល​ល្អ​គឺ​បាន​ក្រាប​ក្បាល​ដល់​កន្ទេល។

សូម​ជម្រាប​ថា​ តារា​ចម្រៀង​ស្រី​អ្នកនាង សុគន្ធ និសា បច្ចុប្បន្ន​កំពុងតែ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ជាច្រើន​ ស្រប​ពេល​ដែល​វិស័យ​សិល្បៈ​របស់​នាង​ក៏​កំពុង​តែ​មាន​ភាព​រីកចម្រើន​និង​មមាញឹក​ផង​នោះ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114