ព័ត៍មានទាន់​ហេតុការណ៏
Search

អង្គការសហប្រជាជាតិ​គាំទ្រ​សេចក្ដី​សម្រេច​លើ​អំពើ​ហិង្សា​ផ្លូវ​ភេទ​នៅ​ក្នុង​តំបន់​ជម្លោះ​

ម្ចាស់​ជ័យ​លាភី​ពានរង្វាន់​ណូបែល​សន្តិភាព​អ្នកស្រី Nadia Murad និង​លោក Denis Mukwege បាន​អំពាវនាវ​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៃ​អំពើ​ហិង្សា​ផ្លូវ​ភេទ​នៅក្នុង​តំបន់​ជម្លោះ​ ខណៈ​ពេលដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​អនុម័ត​លើ​សេចក្ដី​សម្រេច​ដ៏​ទន់ខ្សោយ​មួយ​ដែល​ត្រូវបាន​ជំទាស់​ដោយ​សហរដ្ឋអាមេរិក​និង​ប្រទេស​រុស្ស៊ី​។ ការបោះឆ្នោត​លើ​សេចក្ដី​សម្រេច​ដែល​ព្រាង​ដោយ​ប្រទេស​អាល្លឺម៉ង់​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​ការចរចា​ដ៏​តានតឹង​នៅ​នាទី​ចុងក្រោយ​និង​បន្ថែម​ការ​ផ្លាស់​ប្ដូរ​ពាក្យ​ពេចន៍​។ ប្រទេស​ចំនួន​១៣​បាន​បោះឆ្នោត​គាំទ្រ​វា​ខណៈ​ដែល​រុស្ស៊ី​និង​ចិន​អនុបវាទ​។

ប្រទេស​ទាំងពីរ​បាន​និយាយ​ថា ពួកគេ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្លូវ​ភេទ​នៅ​ក្នុង​ជម្លោះ​ប៉ុន្តែ​បាន​ធ្វើ​ការ​ថ្កោលទោស​ចំពោះ “​ការ​បក​ស្រាយ​ធូររលុង​” នៅ​ក្នុង​អត្ថបទ​នេះហើយ​បាន​តស៊ូ​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​អង្គការសហប្រជាជាតិ​ថ្មី​និង​បដិសេធ​អាណត្តិ​ដែល​ត្រូវបាន​អនុម័ត​រួចទៅហើយ​។ ​ប្រទេស​បារាំង​បាន​រិះគន់​សហរដ្ឋអាមេរិក​យ៉ាងខ្លាំង​ចំពោះ​ការគំរាមកំហែង​ប្រើ​សិទ្ធិ​វេតូ​របស់ខ្លួន​លើ​សេចក្ដី​យោង​មួយ​ក្នុង​អត្ថបទ​ស្តីពី​សិទ្ធិ​បន្ត​ពូជ​ដែល​ទីក្រុង​វា​ស៊ីន​តោន​មើលឃើញថា ជាការ​លើកទឹកចិត្ត​នៃ​ការ​រំលូតកូន​។ថ្លែង​មុន​ការបោះឆ្នោត អ្នកស្រី Murad និង​លោក Mukwege បាន​រិះគន់ការបរាជ័យ​ធ្វើ​របស់​សហគមន៍​អន្តរជាតិ​។​

អ្នកស្រី Murad បាន​និយាយ​នៅឯ​អង្គការសហប្រជាជាតិ​អំពី​ការសម្លាប់​រង្គាល​លើ​សហគមន៍ Yazidi របស់​នាង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី​ថា “​មិន​មែនមាន​មនុស្ស​តែ​ម្នាក់​ទេ​ដែល​ត្រូវបាន​ចោទប្រកាន់​ពី​ការធ្វើជា​ទាសករ​ផ្លូវភេទ​”​។សកម្មជន​សិ​ទិ្ធ​មនុស្ស​អ៊ីរ៉ាក់​រូបនេះ​បាន​បន្ថែមថា “​យើង​ផ្តល់​សុន្ទរកថា​នៅ​អង្គការសហប្រជាជាតិ​ប៉ុន្តែ​មិនបាន​ចាត់វិធានការ​ពិតប្រាកដ​ទេ​ទាក់ទង​នឹង​ការទទួលបាន​យុត្តិធម៌​ហើយ​គ្មានអ្វី​ត្រូវបានធ្វើ​ឡើយ​”​។​ចំណែកឯ​លោក Mukwege ដែលជា​វេជ្ជបណ្ឌិត​កុង​ហ្គោ​ទទួលបាន​ពានរង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ ២០១៨​បាន​សួរថា “​តើ​សហគមន៍​អន្តរជាតិ​កំពុង​រង់ចាំ​អ្វី​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​?”​។​ លោក​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​បង្កើត​តុលាការជាតិ​និង​អន្ដរជាតិ​ដើម្បី​កាត់ក្តី​អ្នកប្រព្រឹត្ត​អំពើហិង្សា​ផ្លូវ ភេទ​នៅក្នុង​ជម្លោះ​ផងដែរ​។​

​លោកស្រី Amal Clooney មេធាវី​សិទ្ធិមនុស្ស​ដែល​តំណាង​ឲ្យ Murad និង​ជនរងគ្រោះ Yazidi ផ្សេងទៀត​បាន​ថ្កោលទោស​ការឆ្លើយតប​ជា​អន្តរជាតិ​ដ៏​ទន់ខ្សោយ​។លោកស្រី​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​និង​ប្រទេស​រុស្ស៊ី​ថា​ប្រឆាំងនឹង​ប្រព័ន្ធយុត្តិធម៌​ដើម្បី​ឲ្យ​ជនល្មើស​នៃ​ឧក្រិដ្ឋកម្ម​ទាំងនេះ​មក​ទទួលខុសត្រូវ​។ ​គួរ​បញ្ជាក់ថា អត្ថបទ​របស់​អាល្លឺម៉ង់​ពីដំបូង​ឡើយ​គឺ​បាន​ស្វែងរក​ដើម្បី​បង្កើត​ក្រុមការងារ​ផ្លូវការ​មួយ បង្កើត​យន្តការ​មួយ​ដើម្បី​ជួយ​នាំយក​អ្នក​ដែល​ទទួលខុសត្រូវ​មក​កាត់ទោស​និង​ការពារ​ជនរងគ្រោះ​ដោយ​ផ្តល់​ការទទួលស្គាល់​ជា​ផ្លូវការ​ដល់​សិទ្ធិ​ផ្លូវភេទ​និង​សិទ្ធិ​បន្ត​ពូជ​របស់​ពួកគេ​។ ​ប្រទេស​ចិន រុស្ស៊ី​និង​សហរដ្ឋអាមេរិក​បាន​ប្រឆាំងនឹង​យន្តការ​នេះ​ខណៈ​ក្រុមការងារ​ត្រូវបាន​គេបោះបង់​ចោល​ហើយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​គំរាម​វេតូ​ប្រសិនបើ​អត្ថបទ​នេះ​និយាយ​ពី​សិទ្ធិ​បន្ត​ពូជ​៕ AFP