ព័ត៍មានទាន់​ហេតុការណ៏
Search

UN៖ ឥឡូវនេះ​ជន​ស៊ីវិល​ត្រូវ បាន​សម្លាប់​ដោយ​កងកម្លាំង​អាមេរិក​និង​អា​ហ្វហ្គា​នី​ស្ថាន​ច្រើនជាង​ត្រូវបាន​សម្លាប់​ដោយ​ក្រុម​បះបោរ

​​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ បាន​បង្ហាញ​ថា ជា​លើកដំបូង​ហើយ​ដែល​ជន​ស៊ីវិល​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវ បាន​សម្លាប់​ដោយ​កងកម្លាំង​អាមេរិក​និង​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​ច្រើនជាង​ការ​ត្រូវបាន​សម្លាប់​ដោយ​ក្រុម​តា​លី​បង់​និង​ក្រុម​បះបោរ​ដទៃ​ទៀត​។

​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​នេះ​បាន​កើតឡើង​នៅ​ពេល​ដែល​អាមេរិក​បង្កើន​យុទ្ធនាការ​តាម​អាកាស​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ខណៈ​ខ្លួន​កំពុង​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ជាមួយ​ពួក​តា​លី​បង់​ដែល​ឥឡូវនេះ​កំពុង​គ្រប់គ្រង​ឬ​មាន​ឥទ្ធិពល​លើ​ផ្នែក​នៃ​ប្រទេស​នេះ​ច្រើនជាង​ពេលណា​ទាំងអស់​ចាប់តាំង​ពី​ពួកគេ​ត្រូវ​បាន​បណ្ដេញ​ចេញ​នៅ​ក្នុង​ឆ្នាំ​២០០១​។

​បេសកកម្ម​ជំនួយ​របស់​អង្គការសហប្រជាជាតិ​ក្នុង​ប្រទេស​អា​ហ្វ​ហ្កានី​ស្ថាន (UNAMA) បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ត្រី​មាស​មួយ​ថា អំឡុងពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩ កងកម្លាំង​អន្តរជាតិ​និង​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​បានទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់​ជន​ស៊ីវិល​ចំនួន​៣០៥​នាក់​ខណៈ​ក្រុម​បះបោរ​បានសម្លាប់​មនុស្ស​ចំនួន​២២៧​នាក់​។

​ភាគច្រើន​នៃ​ការស្លាប់​គឺ​បណ្ដាល​មកពី​ការវាយប្រហារ​ពី​អាកាស​ឬ​ប្រតិបត្តិ​ការ​ឆែកឆេរ​នៅលើ​ដី​ដែល​ភាគច្រើន​ធ្វើឡើង​ដោយ​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ហើយ​មាន​មួយចំនួន​ត្រូវបាន UNAMA និយាយថា “​ហាក់ដូចជា​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ទោស​ពៃ​”​។

​របាយការណ៍​នេះ​បាន​លើកឡើងថា “UNAMA សូម​អំពាវនាវ​ដល់​ទាំង​កងកម្លាំង​សន្តិសុខ​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​កង​កម្លាំងយោធា​អន្ដរជាតិ​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​លើ​ការស្លាប់​របស់​ជន​ស៊ីវិល​ហើយ​បញ្ចេញ​លទ្ធផល​នៃ​ការ​រកឃើញ​របស់​ពួកគេ​និង​ផ្ដល់​សំណង​ដល់​ជនរងគ្រោះ​ឲ្យ​បាន​សមស្រប​”​។​

គួរ​បញ្ជាក់​ថា UNAMA បាន​ចាប់ផ្តើម​ចងក្រង​ទិន្នន័យ​ជនរងគ្រោះ​ជា​ជន​ស៊ីវិល​ក្នុង​ឆ្នាំ​២០០៩​ស្របពេល​មាន​ស្ថានភាព​សន្តិសុខ​ដ៏​យ៉ាប់យ៉ឺន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។សរុប​ទាំងអស់ UNAMA បាន​កត់ត្រា​ទុក​ថា មាន​ជនរងគ្រោះ​ចំនួន​១,៧៧៣​នាក់​កាលពី​ត្រីមាស​មុន​ដោយ​ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន​៥៨១​នាក់​និង​១,១៩២​នាក់​រងរបួស​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114