Connect with us

សេដ្ឋកិច្ច

កម្ពុជា​អនុម័ត​គម្រោងវិនិយោគរោងចក្រផលិតសំបក​កង់រថយន្ត មានទំហំទឹកប្រាក់ ៧៧៤ លានដុល្លារ​

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ​បាន​អនុម័តគម្រោងវិនិយោគលើរោងចក្រផលិតសំបកកង់​រថ​យន្ត​ចំនួន ៤ ​ជាមួយទុនវិនិយោគ ៧៧៤ លានដុល្លារ នៅក្នុងឆ្នាំ ២០២៥ ស្ថិតនៅតំបន់សេដ្ឋ​កិច្ច​ពិសេស ISI ខេត្ត​ព្រះ​សីហនុ​ និង​តំបន់សេដ្ឋ​កិច្ច​ពិសេសស្ថិតក្នុង​ខេត្ត​ស្វាយ​រៀង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun ប្រាប់កម្ពុជាថ្មីថា វត្តមានរោង​ចក្រ​ផលិតសំបកកង់រថ​យន្តធំៗ បានធ្វើឱ្យដំណាំកៅស៊ូនៅកម្ពុជា​កាន់តែរីក​ដុះ​ដាលនៅពេល​អនាគត ជាពិសេសនឹងជួយរក្សាបានលំនឹងទីផ្សារនៃអនុវិស័យមួយនេះ និងទាក់ទាញ​ការវិនិ​យោគ។

នាយកប្រតិបត្តិក្រុមហ៊ុន Sailun បានអះអាងថា នៅក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុនរបស់លោកប្រើ​ប្រាស់​កៅ​ស៊ូ​ក្នុងស្រុករហូតដល់ ១០ ម៉ឺនតោន បន្ទាប់ពីរោងចក្ររបស់លោកបានប្រើប្រាស់ចំនួន ៥ ម៉ឺនតោនកាលពី​ឆ្នាំ ២០២៤។

លោក គឹន ឧត្តមមុនីស៊ីណាត បន្ថែមថា៖ «ប្រជាពលរដ្ឋដែលចង់ដាំកៅស៊ូ​មិនទាន់​ហួសពេលទេ​ គ្រាន់តែវត្តមានរោងចក្រផលិតសំបកកង់រថយន្ត Sailun ចំនួន ៣ បច្ចុប្បន្នការ​ផ្គត់ផ្គង់នៅខ្វះ ចុះទម្រាំតែរោងចក្រទាំង ៣ នោះគាត់ផលិតពេញបន្ទុក អាចនិយាយបានថា តម្រូវការ វាមិនមែនត្រឹមតែ ១០ ម៉ឺនតោន ហ្នឹងទេ តម្រូវការវា​អាចនឹង​លើស​​ហ្នឹងទៅ​ទៀត»។

​លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​បានឱ្យដឹងថា ​វត្ត​មាន​​រោងចក្រផលិត​សំបក​កង់​រថ​យន្តបាន​ជួយស្រូប​ទាញ​ជ័រកៅស៊ូក្នុងស្រុកកាន់តែច្រើន។ ​

លោក ម៉ែន សុភក្ដិបញ្ជាក់ថា៖ «ពីមុន​យើង​លក់នាំចេញទៅក្រៅប្រទេស ​ឥឡូវ​មានរោង​ចក្រកង់​ឡាន​ដែលគេ​មកផលិតដោយ​ប្រើកៅ​ស៊ូ​ធម្មជាតិ ផ្នែកនៃគ្រឿងផ្សំផលិត​កង់​ឡាន​​​គឺទិញកៅស៊ូធម្ម​ជាតិ​ក្នុងស្រុក ហើយយើង​លក់​កៅ​ស៊ូ​ក្នុង​ស្រុកយើងអត់ចំណាយ​លើការដឹក​ជញ្ជូន​សេវាផ្សេងៗ»។​

យោងតាមក្រសួងពាណិជ្ជកម្ម ​កម្ពុជា​រកចំណូល​បាន​ជាង ១,២ ​ពាន់លានដុល្លារ ​ពីការ​នាំចេញ​សំបក​កង់​រថយន្ត​នៅ​ក្នុងរយៈពេល​ ១១ ខែ ឆ្នាំ ២០២៥ កើនឡើង ៥៧,៨៨% ធៀប​នឹង​រយៈពេល​ដូចគ្នា​ នៅ​ឆ្នាំ ២០២៤ ​ខណៈ​តម្រូវ​ការ​ជ័រ​កៅស៊ូ​ក្នុង​ស្រុក​កើន​ឡើងខ្ពស់៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម