ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ការងារ​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​បញ្ចៀស​កម្មករ​និយោជិត​ពី​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ

ភ្នំពេញ ​៖ ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​សុវត្ថិភាព​ចរាចរណ៍​ដើម្បី​បញ្ចៀស​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ផលិត​ស្បែកជើង​ពី​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​ឲ្យ​កាន់តែ​ថយចុះ​ថែមទៀត​។

លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មានប្រសាសន៍ថា​ ផែនការ​យុទ្ធសាស្ត្រ​នេះ​នឹង​ដាក់​បញ្ចូល​នូវ​ការ​ពង្រឹង​ច្បាប់​ចរាចរណ៍​ដល់​អ្នក​បើក​បរ​ដឹក​កម្មករ រៀបចំ​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករ​ប្រកប​ដោយ​សុ​វត្តិភាព​តាមរយៈ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​មុន​ពេល​ចេញដំណើរ និង​គ្រប់គ្រង​ចំនួន​ផ្ទុក​កម្មករ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​បច្ចេកទេស​ដើម្បី​ធានា​សុ​វត្តិភាព​ដល់ក​ម្មករ​។

ថ្លែង​ក្រោយ​ចូលរួម​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​១៣៣ ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០១៩​ កាលពី​ព្រឹក​ថ្ងៃទី​២៤​មេសា​នេះ​ នៅ​ទីស្តីការ​ក្រសួង​ លោកបណ្ឌិត អ៊ិត សំហេង​បាន​ស្នើ​ឲ្យ​តំបន់​សេដ្ឋកិច្ច​ពិសេស​និង​គ្រឹះ​ស្ថាន​សហគ្រាស​ដែល​មាន​លទ្ធភាព​គួរ​តែ​រៀបចំ​ឲ្យ​មាន​ជា​និវេសនដ្ឋាន​សម្រាប់​ឲ្យ​កម្មករនិយោជិត​ស្នាក់នៅ​ជិត​រោងចក្រ​ដោយ​មិន​ចាំ​បាច់​ធ្វើដំណើរ​ដោយ​ជិះ​រថយន្ត​ឡើយ​។

ទន្ទឹម​នឹង​នេះ​ក្រសួង​ក៏​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ដឹក​ជញ្ជូន​សាធារណៈ​ដើម្បី​រៀបចំ​ខ្សែ​ដឹក​ជ​ញ្ជូ​ន​ឲ្យ​ស្រប​ទៅ​នឹង​ផ្លូវ​របស់​បងប្អូន​កម្មក​រ​ធ្វើដំណើរ​ទៅ​ធ្វើ​ការ​ដែរ​ព្រោះថា​ ការ​ធ្វើដំណើរ​តាម​រថយន្តក្រុង​គឺ​មិន​គិតថ្លៃ​ឡើយ​សម្រាប់​កម្មករនិយោជិត​។

លោក​សោម​អូន ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​បាន​គាំទ្រ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ព្រោះថា​ បច្ចុប្បន្ន​នេះ​ឡាន​ដឹក​កម្មករ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​បណ្តាល​មក​ពី​ការ​បើកបរ​លើស​ល្បឿន​កំណត់ វ៉ា​ជែង​គ្នា​និង​រថយន្ត​មិនមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ដោយ​កែច្នៃ​ឡាន​ដឹក​ញ្ជួ​ន​ទំនិញ​ទៅជា​ឡាន​ដឹក​កម្មករ​។

លោក ទុន សោភ័ន មន្ត្រី​សម្របសម្រួល​អង្គការ​អន្តរជាតិ​ខាង​ការងារ​បាន​មានប្រសាសន៍ថា​ផែនការ​យុទ្ធសាស្ត្រ​នេះ​នឹង​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ទៅ កម្មករនិយោជិត​នៅតាម​ផ្លូវ​កាន់តែ​ថយចុះ​ថែមទៀត​។

គួរ​បញ្ជាក់​ថា ​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​ក្រសួង​ការងារ​បាន​ចុះ​ផ្សព្វផ្សាយ​ស្តី​ពី​សុ​វត្តិភាព​ចរាចរ​ដល់​កម្មករនិយោជិត​និង​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករ​បាន​ចំនួន​៨៤៩​រោងចក្រ កម្មករ​ជាង​១១​ម៉ឺន​នាក់​និង​អ្នក​បើកបរ​ជិត​៥​ម៉ឺន​នាក់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114