ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹទ្ធសភា ប្រកាស​ទទួលស្គាល់ លោក អ៊ឹង លាង​ហួរ សមាជិក​ព្រឹ​ទ្ធ​សភា​ថ្មី ​លោកស្រី កង សៅរ៍​ធន ជាប់ឆ្នោត​ជា​សមាជិក​គណៈកម្មការ​ផែនការ

ភ្នំពេញ​ ៖ សម័យប្រជុំ​លើក​ទី​៣ ព្រឹទ្ធសភា នីតិកាល​ទី​៤ នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​ប្រកាស​ទទួលស្គាល់ លោក អ៊ឹង លាង​ហួរ ជា​សមាជិក​ព្រឹ​ទ្ធ​សភា​ថ្មី មណ្ឌល​ភូមិភាគ​៧ ជំនួស លោក ជុំ វង ដែល​បានទទួល​មរណភាព និង​បាន​បោះឆ្នោត​ជ្រើសរើស​លោកស្រី កង សៅរ៍​ធន ជា​សមាជិក​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍ​ជនបទ និង​បរិស្ថាន​។

​នៅ​ក្រោយ​សម័យប្រជុំ​លើក​ទី​៣ ព្រឹ​ទ្ធ​សភា នីតិកាល​ទី​៤​នេះ លោក ម៉ម ប៊ុន នាង អ្នក​នាំពា​ក្ស​ព្រឹទ្ធសភា បាន​មាន​ប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន​ថា សម័យប្រជុំ​លើក​ទី​៣​នេះ បាន​ដំណើរការ​តាមរបៀប​វារៈ​ដែល​បាន​គ្រោង​ទុក ក្នុង​នោះ​ប្រកាស​ទទួលស្គាល់​សមាជិក​ព្រឹទ្ធសភា​ថ្មី នីតិកាល​ទី​៤​។ ស្តាប់​របាយការណ៍​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ស្តីពី​សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា​ចន្លោះ​សម័យប្រជុំ​លើក​ទី​២ និង​លើក​ទី​៣ នីតិកាល​ទី​៤​។ បោះឆ្នោត​ជ្រើសរើស​បំពេញ​សមាជិក​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង​បរិស្ថាន ព្រឹទ្ធសភា​នីតិកាល​ទី​៤​។ លោក​បាន​បញ្ជាក់ថា ក្នុងអំឡុងពេល​ចន្លោះ​សម័យប្រជុំ​ព្រឹទ្ធសភា​នេះ ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ គណៈកម្មការ​នានា ក្រុម​សមាជិកា ក្រុម​ភូមិភាគ​នានា និង​សមាជិក សមាជិកា​ព្រឹទ្ធសភា បានរួម​គ្នា ខិតខំ​បំពេញភារកិច្ច​រៀងៗ​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ហើយ​សម្រេច​បាន​លទ្ធផល​ផ្លែផ្កា ជា​គុណប្រយោជន៍​ដល់​ជាតិ និង​ប្រជាពលរដ្ឋ​។ លោក ម៉ម ប៊ុននាង បាន​បញ្ជាក់​ទៀត​ថា ក្នុងស្ថានភាព​អាកាសធាតុ​រាំងស្ងួត និង​ក្តៅ​ខ្លាំង​នេះ សមាជិក​ព្រឹទ្ធសភា គ្រប់​មណ្ឌល ក៏ដូចជា​គណៈកម្មការ​នានា បាន​យកចិត្តទុកដាក់​ចុះទៅ​តាម​មូលដ្ឋាន ជួយ​ជីក​ស្រះ ស្តារ​ស្រះ ស្តារ​ប្រឡាយ កសាង​ទំ​បន់​ទឹក​ថ្មី​បន្ថែម ដើម្បី​បំរើ​សេចក្តីត្រូវការ​ចាំបាច់​របស់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស គិតគូរ​ពី​សុខុមាលភាព​ប្រជាពលរដ្ឋ ដោយ​នាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ជាតិ អន្តរជាតិ ចុះ​ទៅ​ពិនិត្យ​ជូន​ជា​ហូរហែ​ផង​ដែរ​៕