ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាការិនី Mertens និង Ostapenko ហាលអាវ​ដូចគ្នា​នៅ​ការប្រកួត Stuttgart Open​ត្រឹម​ជុំ​ទី​១

កីឡាការិនី Elise Mertens របស់​បែលហ្ស៊ិក និង​កីឡាការិនី​ឡា​ត​វី Jelena Ostapenko ស្ថិតនៅ​ក្នុងចំណោម​កីឡាការិនី​ហាលអាវ​ត្រឹម​ជុំ​ដំបូង​នៃ​ការប្រកួត Porsche Tennis Grand Prix ក្នុង​ទីក្រុង Stuttgart របស់​អាល្លឺម៉ង់ នៅ​ថ្ងៃ​ដែល​គេ​មើលឃើញ​កីឡាការិនី​កំពូលៗ​ជាច្រើន បាន​ដកខ្លួន​ពី​ការប្រកួត​ទោល​។

ការ​ចាប់​គូប្រកួត​ត្រូវបាន​សើរ​រើ​ឡើងវិញ ក្រោយ​កីឡាការិនី​លេខ​២​ពិភពលោក Simona Halep បាន​ដកខ្លួន​ចេញពី​ការប្រកួត​ដោយសារតែ​របួស​ត្រកៀក ខណៈដែល​ជើងឯក Grand Slam២​ជំនាន់ កីឡាការិនី Garbine Muguruza ដកខ្លួន​ចេញ​ដូចគ្នា​ដោយសារ​ឈឺ​។

កីឡាការិនី Mertens​ដែល​បាន​យកឈ្នះ​កីឡាការិនី Halep ដើម្បី​ឈ្នះ​ជើងឯក Qatar Open កាលពី​ខែ​កុ​ម្ភះ​នោះ បាន​ចាញ់​ការប្រកួត​ទាំង​២​សិត​ជាមួយ​កីឡាការិនី​រុស្ស៊ី Daria Kasatkina ក្នុង​លទ្ធផល​ពិន្ទុ 7-6(8) 7-5 នៅ​ការប្រកួត​មួយ​ប្រើពេល​តិចជាង​២​ម៉ោង​។

ថ្វីត្បិតតែ​កីឡាការិនី Kasatkina បង្កកំហុស​ទ្វេដង​៩​លើក​បើ​ធៀប​នឹង​កីឡាការិនី Mertens មានតែ​៤​លើក​ក៏ដោយ ប៉ុន្តែ​នាង​រកបាន​ពិន្ទុ​ច្រើនជាង​នៅ​សិត​ទី​១ និង​បម្រើ​បាន​ច្រើន​នៅ​សិត​ទី​២​។

ខណៈនោះ​ដែរ កីឡាការិនី Ostapenko ដែលជា​ជើងឯក French Open ឆ្នាំ​២០១៧ បាន​ចាញ់​កីឡាការិនី Anastasija Sevastova ក្នុង​លទ្ធផល​ពិន្ទុ 6-2 4-6 6-0 ។

ដោយឡែក កីឡាការិនី​លេខ​១​ពិភពលោក Naomi Osaka បានចាប់ផ្តើម​រដូវ​កាល​វាយ​តឺ​ន្នី​ស​នៅលើ​ទីលាន​ដីក្រហម​របស់​នាង ជាមួយនឹង​ការ​ហាលអាវ​ដូចគ្នា​នៅ​ជុំ​ទី​១ ហើយ​ជើងឯក U.S Open និង Australian Open ម្នាក់នេះ បាន​និយាយ​ថា គោលដៅ​សំខាន់​របស់​នាង គឺ​បញ្ចៀស​ផុតពី​ការ​មាន​របួស មុន​ការប្រកួត French Open នៅ​ខែក្រោយ​៕