ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម Bacelona ជិត​លើក​ពាន La Liga​ក្រោយ​ឈ្នះ​ក្រុម​Alaves ២-០

ក្រុម​យក្ស​អេ​ស្ប៉ា​ញ Barcelona ជិត​ដល់ពេល​លើក​ពាន La Liga​របស់​ពួកគេ បន្ទាប់ពី​រកបាន​ជ័យជំនះ​២-០​លើ​ក្រុម Alaves​កាលពី​ថ្ងៃ​អង្គារ ធ្វើ​ឲ្យ​ពួកគេ​មាន​១២​ពិន្ទុ​នាំមុខគេ​នៅលើ​កំពូល​តារាង ជាមួយនឹង​៤​ប្រកួត​ទៀត ត្រូវ​លេង​។

បើសិនជា​ក្រុម​លេខ​២ Atletico Madrid ចាញ់​ក្រុម Valencia នៅ​ថ្ងៃ​ពុធ ឬ​ចាញ់​ក្រុម Real Valladolid នៅ​ថ្ងៃ​សៅរ៍ នោះ​ក្រុម Barcelona​នឹង​ក្លាយជា​ក្រុម​ជើងឯក មុន​ពេលដែល​ពួកគេ​ប៉ះ​ជាមួយ​ក្រុម Levante នៅ​ល្ងាច​ថ្ងៃ​សៅរ៍​។

ដោយ​ទុក​ជើង​លេង​នៅ​សប្តាហ៍​ក្រោយ​នៅ​ការប្រកួត​ជើង​ទី​១​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League ជាមួយ​ក្រុម Liverpool គ្រូបង្វឹក Ernesto Valverde បានដាក់​កីឡាករ Lionel Messi, Jordi Alba និង​កីឡាករ Arthur លេង​ជា​កីឡាករ​បម្រុង​។

ក្រោយ​បញ្ចប់​ការប្រកួត​តង់​ទី​១ ក្រុម Barcelona​បាន​បង្កើន​ការវាយលុក​របស់ខ្លួន​នៅក្នុង​តង់​ទី​២ ហើយ​កីឡាករ​ខ្សែបម្រើ Carles Alena បានធ្វើ​ឲ្យ​ក្រុម Barcelona​នាំមុខ​មុន នៅក្នុង​ទឹកដី Mendizorroza ក្រោយ​លេង​បាន​៥៤​នាទី​។

កីឡាករ Arturo Vidal និង​កីឡាករ Sergio Roberto លេង​បាន​យ៉ាង​ស៊ីចង្វាក់ ដើម្បី​បញ្ជូន​បាល់​ឲ្យ​កីឡាករ Alena ដោយ​ក្នុងនោះ​កីឡាករ Luis Suarez លោតរំលង​បាល់ ជាហេតុ​ធ្វើ​កីឡាករ​វ័យ​២១​ឆ្នាំ​ម្នាក់នេះ ជា​អ្នក​ពេន​មួយ​ជើង​បានសម្រេច​។

កីឡាករ Suarez បាន​បន្ថែម​គ្រាប់​បាល់​ទី​២ ជាមួយនឹង​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ក្រោយ​បាល់​ប៉ះ​ដៃ​របស់​កីឡាករ Tomas Pina ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ប្រព័ន្ធ​វីដេអូ​ជំនួយការ​អាជ្ញាកណ្តាល VAR ធ្វើ​ឲ្យ​ក្រុម Barcelona​ធ្វើដំណើរ​កាន់តែ​ជិត​ទៅកាន់​ការ​ប្រកា​ជើងឯក League​ជា​លើក​ទី​២៦​របស់​ពួកគេ​។

លោក Valverde បានដាក់​កីឡាករ Messi, Alba និង​កីឡាករ Arthur ឲ្យ​ចូល​លេង​នៅ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ​នៅក្នុង​ការប្រកួត ដើម្បី​ជួយ​សម្រួល​ដល់​ការប្រកួត​របស់​ក្រុម Barcelona​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​នេះ មួយកម្រិត​ទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114