ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Shane Long រកបាន​គ្រាប់​បាល់​លឿន​ជាងគេ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ Premier League

​ខ្សែប្រយុទ្ធ Shane Long របស់​ក្រុម Southampton បាន​រកបាន​គ្រាប់​បាល់​លឿន​ជាងគេ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ Premier League​កាលពី​ថ្ងៃ​អង្គារ ក្រោយ​ស៊ុត​បាល់​ចូល​សំណាញ់​ទី​ទៅហើយ ត្រឹម​វិនាទី​៧.៦៩​វិនាទី​អំឡុង​ការប្រកួត​ស្មើ​១-១​របស់​ក្រុម​គាត់​ជាមួយ​ក្រុម Watford ដែល​ដណ្តើមបាន​១​ពិន្ទុ​ដោយសារ​គ្រាប់​បាល់​ស្មើ​របស់​កីឡាករ Andre Gray ។

គ្រាប់​បាល់​បំបែក​កំណត់ត្រា​របស់​កីឡាករ Long​បាន​កើតមានឡើង​ភ្លាមៗ ក្រោយ​ការប្រកួត​ចាប់ផ្តើម ពេលដែល​គាត់​ប្លុក​ការ​ទាត់​បញ្ចេញ​របស់​ខ្សែការពារ Craig Cathcart របស់​ក្រុម Watford ធ្វើ​ឲ្យ​កីឡាករ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ម្នាក់នេះ ស៊ុត​បាល់​ផុតដៃ​អ្នកចាំទី Ben Foster ។​
​គ្រាប់​បាល់​របស់​កីឡាករ​វ័យ​៣២​ឆ្នាំ​ម្នាក់នេះ បាន​បំបែក​កំណត់ត្រា​ចាស់​បង្កើតឡើង​ដោយ​អតីត​ខ្សែការពារ Ledley King របស់​ក្លិប Spurs ដោយ​ប្រើពេល​៩.៩​វិនាទី ពេល​ប៉ះ​ជាមួយ​ក្រុម Bradford​កាលពី​ខែធ្នូ ឆ្នាំ​២០០០​។

កីឡាករ Long បាន​និយាយប្រាប់ Sky Sports ក្រោយ​ការប្រកួត​ថា វា​គឺជា​កំណត់ត្រា តើ​មែន​ទេ​? វា​ពិតជា​ល្អ​ខ្លាំងណាស់ ដែលមាន​កំណត់ត្រា​បែបនេះ​។

លោក King បាន​មើល​ការប្រកួត​របស់​ក្រុម Spurs​ជាមួយ​ក្រុម Brighton​កាលពី​ថ្ងៃ​អង្គារ ពេលដែល​លើក​មើលឃើញ​កំណត់ត្រា​រយៈពេល​១៩​ឆ្នាំ​របស់គាត់ ត្រូវបាន​គេ​បំបែក​។​

​បន្ទាប់ពី​គ្រាប់​បាល់​របស់លោក King គ្រាប់​បាល់​ដែល​លឿន​ជាងគេ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ Premier League​ត្រូវបាន​ស៊ុត​បញ្ចូល​ទី​ដោយ​លោក Alan Shearer ក្រោយ​លេង​បាន​១០.៥២​វិនាទី សម្រាប់​ក្រុម Newcastle ពេល​ប៉ះ​ជាមួយ​ក្រុម Man City​កាលពី​ឆ្នាំ​២០០៣៕