Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គិភ័យបំផ្លាញនាវាល្បឿនលឿនរាប់សិបគ្រឿងនៅភូកេត ខាត​បង់​ជិត​១០០​លាន​បាត

បានផុស

នៅ

អគ្គិភ័យដ៏ធំមួយបានផ្ទុះឡើងកាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃពុធ​ទី​៧ខែ​មករា​ឆ្នាំ​២០២៦​នេះ នៅកំពង់ផែ Chalong នៃ​ប្រទេស​ថៃ ដោយបានបំផ្លាញនាវាល្បឿនលឿន​ជាង ២០​គ្រឿង និងបង្កការខូចខាតជាទឹកប្រាក់ជិត ១០០លានបាត (ប្រហែល២,៧​លានដុល្លារ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​​បាងកក​ប៉ុស្តិ៍ ភ្លើងបានចាប់ផ្តើមឆេះនៅម៉ោងប្រហែល​៤​ព្រឹក ដោយបានជួបនឹងខ្យល់ខ្លាំង និងបាញ់អណ្តាតភ្លើងយ៉ាងខ្ពស់ទៅលើមេឃ ដែលគេអាចមើលឃើញពីចម្ងាយនៅទូទាំងឆ្នេរសមុទ្រ Chalong។

អភិបាលរងខេត្តភូកេត លោក Adul Chuthong បានរាយការណ៍ថា ដើមចមនៃអគ្គិភ័យនេះបានចាប់ផ្តើមពីការផ្ទុះនៅលើនាវាល្បឿនលឿនមួយគ្រឿងដែលចតនៅកំពង់ផែ។ ដោយសារនាវាភាគច្រើនត្រូវបានចាក់ប្រេងពេញសម្រាប់ត្រៀមដឹកភ្ញៀវទេសចរនៅពេលព្រឹក និងមានខ្យល់សមុទ្របក់ខ្លាំងផងនោះ បានធ្វើឲ្យអណ្តាតភ្លើងឆាបឆេះយ៉ាងលឿនបំផុតរាលដាលដល់នាវាដទៃទៀតដែលចតនៅក្បែរគ្នា។ ក្រុមពន្លត់អគ្គិភ័យមកពីសាលាក្រុងជាច្រើនបានចំណាយពេលរាប់ម៉ោងដើម្បីគ្រប់គ្រងស្ថានការណ៍។ ប្រតិបត្តិការនេះបានជួបការលំបាកយ៉ាងខ្លាំងដោយសារទឹកសមុទ្រនាច ដែលធ្វើឲ្យនាវាពន្លត់អគ្គិភ័យមិនអាចចូលកៀកនឹងកន្លែងកើតហេតុបាន។ ដើម្បីទប់ស្កាត់ការរីករាលដាល ក្រុមអ្នកជួយសង្គ្រោះបានសម្រេចចិត្តកាត់ខ្សែចំណងនាវាដែលមិនទាន់ឆេះ ដើម្បីរុញវាឲ្យឆ្ងាយពីកម្ដៅភ្លើង។

អភិបាលខេត្តភូកេត លោក Nirat Pongsitthithaworn បានបញ្ជា​ឲ្យ​មានការស៊ើបអង្កេតជាបន្ទាន់ និងពិនិត្យមើលរូបភាពពីកាមេរ៉ាសុវត្ថិភាព (CCTV) ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃការផ្ទុះ។ ទោះបីជាមិនមានរបាយការណ៍អំពីអ្នករងរបួសក៏ដោយ ក៏ផលប៉ះពាល់ដល់បរិស្ថានគឺជាកង្វល់ចម្បង។ លោកអភិបាលខេត្តបានបង្គាប់ឲ្យនាយកដ្ឋានកំពង់ផែប្រើប្រាស់ហ្វូមពិសេស និងឧបករណ៍ទប់ស្កាត់ ដើម្បីការពារកុំឲ្យប្រេងហូរចូលក្នុងសមុទ្រ និងបំពុលប្រព័ន្ធអេកូឡូស៊ី។ គ្រោះមហន្តរាយនេះក៏បានជះឥទ្ធិពលដល់វិស័យទេសចរណ៍ផងដែរ ដោយភ្ញៀវទេសចរជាង ១០០នាក់ ត្រូវបានលុបចោលដំណើរកម្សាន្តទៅកាន់កោះ Racha និងកោះ Coral នា​ថ្ងៃ​ពុធ​នេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម