ព័ត៍មានទាន់​ហេតុការណ៏
Search

កាត់ទោស​យុវជន​ចិន​ហុងកុង ដែល​នាំចូល​គ្រឿងញៀន​១៦,៥​គីឡូក្រាម​ មក​កម្ពុជា

ភ្នំពេញ ៖ យុវជន​សញ្ជាតិ​ចិន​ហុងកុង​ម្នាក់​ ត្រូវបាន​តុលាការ​កម្ពុជា​កាត់ទោស​កាលពី​ថ្ងៃ​ទី​២៥​ ខែ​មេសា ឆ្នាំ​២០១៩​នេះ ពាក់ព័ន្ធ​ករណី​នាំ​ចូល​មក​កម្ពុជា​នូវ​គ្រឿងញៀន​ទម្ងន់​១៦,៥​គីឡូក្រាម ​ពី​ប្រទេស​អាល្លឺម៉ង់។ ជន​ត្រូវ​ចោទ​ ឈ្មោះ Liu chun wa អាយុ​២៥​ឆ្នាំ ​ជនជាតិ​ចិន រស់នៅ​កោះ​ហុងកុង។

តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់ Liu chun wa ពីបទ​ដឹកជញ្ជូន រក្សាទុក និង​ជួញដូរ​គ្រឿងញៀន​តាម​មាត្រា​៤០​ នៃ​ច្បាប់ ​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​កម្ពុជា។​

Liu chun wa ត្រូវ​បាន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​កម្ពុជា​ចាប់ខ្លួន ​កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៨ នៅ​ស្ថានីយ​ប្រៃសណីយ៍​កម្ពុជា ខណៈ​ជន​នេះ ​បាន​ទៅ​ទទួលយក​កញ្ចប់​បញ្ញើ​មួយ​មកពី​ប្រទេស​អាល្លឺម៉ង់​ដែលមាន​លេខ​កូដ​បញ្ជាក់​ពី​អត្តសញ្ញាណ​អ្នក​មក​ទទួល។​

ក្នុង​កញ្ចប់​បញ្ញើ​នោះ អាជ្ញាធរ​បាន​រកឃើញ​ថ្នាំ​គ្រាប់​សារធាតុ​ញៀន​ ដល់​ទៅ​៥៥​ភាគរយ​ នៃ​សារធាតុ​សុទ្ធ​ដល់​ទៅ ១៦,៥​គីឡូក្រាម ដាក់​បង្កប់​ជាមួយនឹង​ចំណី​សត្វ។​ ក្នុង​សវនាការ ជនជាប់ចោទ​បាន​បដិសេធ​ចំពោះ​បទចោទប្រកាន់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នេះ។​

ជនជាប់ចោទ​បាន​និយាយថា​ នៅ​កោះ​ហុងកុង ​ខ្លួន​បាន​ស្គាល់​បុរស​ជនជាតិ​ចិន​ម្នាក់​ ឈ្មោះ ប៉ូ តាម​រយៈ​សង្សារ​ខ្លួន។ ក្រោយមក ​ឈ្មោះ ​ប៉ូ បានឲ្យ​ខ្លួន​មក​ប្រទេស​កម្ពុជា ​ដើម្បី​ទទួលយក​កញ្ចប់​បញ្ញើ​មួយ​ដែល​មាន​លេខ​កូដ​ផ្ញើ​មកពី​ប្រទេស​អាល្លឺម៉ង់។​

លុះដល់​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៨ ខ្លួន​គេ​ក៏បាន​ទៅ​ប្រៃសណីយ៍​ដើម្បី​ទទួល​អីវ៉ាន់ ​ក៏ត្រូវ​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​តែម្ដង។ រហូតដល់​ថ្ងៃទី​១៨​ ខែ​កក្កដា ឆ្នាំ​២០១៨ ​តុលាការ​ បាន​ឃុំ​ខ្លួន​គេ​មក​ដល់ពេល​កាត់ទោស​នេះ។

លោក ​ពេជ្រ វិជ្ជាធរ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​បានសម្រេច​ លើក​ពេល​ទៅ​ប្រកាស​សាលក្រម​រឿងក្ដី​នេះ​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩​ខាងមុខ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114