ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ​ខ្មែរ​-​បារាំង វ៉ា សុថន កាន់ជើង​គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន​របស់ខ្លួន​ទោះបីជា​ចាប់ផ្តើម​រដូវ​កាល​ថ្មី​មិនសូវ​បានល្អ

ខ្សែបម្រើ​ខ្មែរ​-​បារាំង វ៉ា សុថន (​ឬ វ៉ា ឃ្វី​នទី​ន​) និង​ជា​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា បានសម្រេច​ត្រឡប់​មកជួយ​ក្រុម​ចាស់​ភ្នំពេញ​ក្រោ​ន របស់ខ្លួន​នៅ​រដូវ​កាល​ឆ្នាំ​២០១៩ នេះ​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ខណៈ​រូបគេ​បានបង្ហាញ​ទស្សនៈ​គាំទ្រ​គ្រូបង្វឹក​ប្រចាំ​ក្លិប​ខ្លួន​ទោះបីជា​ចាប់ផ្តើម​ប្រកួត​មិន​សូន​បានល្អ​ក៏ដោយ​។

កីឡា​ករវ៉ា សុខ​ថន បានបង្ហាញ​ការយល់ឃើញ​ជុំវិញ​របស់ខ្លួន​លើ​គ្រូបង្វឹក Leonardo Vitorino ដែល​កំពុងតែ​រង​សម្ពាធ​ជាខ្លាំង​ក្រោយ​ដឹកនាំ​ក្រុម​ជើងឯក​៦​សម័យកាល ត្រឹម​ឈ្នះ​១​ប្រកួត​និង​ចាញ់​៣​ប្រកួត​។ កីឡាករ​រូបនេះ​បាន​និយាយ​ថា « រាល់​អ្វីៗ​ទាំងអស់​គឺ​យើង​ទទួលខុស​ត្រូវជា​ក្រុម យើង​ជួប​បញ្ហាលំបាក​ជាមួយគ្នា ចំពោះ​គ្រូបង្វឹក​របស់​យើង​គឺ​គាត់​បាន​ព្យាយាម​ខ្លាំង​ក្នុង​ការ​ណែនាំ​ពួកយើង​រួចហើយ​ក្នុង​រយៈពេល​ពីមួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍ ។ ក្នុង​វិស័យ​បាល់ទាត់​គេ​តែងតែ​បន្ទោស​គ្រូបង្វឹក​មុនគេ នៅពេលដែល​ទទួលបាន​លទ្ធផល​អវិជ្ជមាន ចំពោះ​ខ្ញុំ ខ្ញុំ​គិតថា​វា​ហាក់បីដូចជា​លឿន​ពេក​ហើយ​ក្នុងការ​វិនិច្ឆ័យ​ទៅលើ​គាត់ ព្រោះ​គាត់​មក​ទីនេះ​មក​ធ្វើការ​រៀបចំ​ក្រុម​ថ្មី​មួយ ដូច្នេះ​នៅពេលដែល​យើង​ស្ថិតក្នុង​ដំណាក់កាល​រៀបចំ​ក្រុម​ថ្មី និង​ក្រុម​ដែលមាន​កីឡាករ​ក្មេងៗ​ច្រើន​បែបនេះ វា​មិនមែនជា​រឿង​ដែល​ងាយស្រួល​នោះទេ »។

កីឡាករ វ៉ា សុថន បាន​បញ្ជាក់​ថា «គ្រប់គ្នា​ក្នុង​ក្រុម​រីករាយ​នឹង​ការ​ហ្វឹកហាត់​ជាមួយ​គាត់ ព្រោះ​ការ​ហ្វឹកហាត់​របស់​គាត់​ល្អ យើងទាំងអស់​គ្នា​ព្យាយាម​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​បន្ថែមទៀត។ មួយវិញទៀត​លោក Leonardo តែងតែ​ណែនាំ​យើង​ពី​វិធី​ល្អៗ ហើយ​គាត់​ក៏​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​បុគ្គលិក និង​ក្រុម​កីឡាករ​ទាំងអស់​ផង​ដែរ។ គ្រប់គ្នា​យល់ថា ​វា​ជា​រឿង​ដែល​លំបាក​ក្នុងការ​ប្រកួតប្រជែង​យក​ជើងឯក ដែល​អាច​គិតថា​វា​ជា​រឿង​ដែល​មិនអាច​ទៅរួច ប៉ុន្តែ​គ្រូបង្វឹក​របស់​យើង​នៅតែ​បន្ត​រក​អ្វី​ដើម្បី​កែប្រែ​ពួក​យើង ដែល​ធ្វើ​ឲ្យ​ខ្ញុំ​គិតថា​វា​នឹងមាន​រឿង​ល្អ​មួយ​នៅ​ក្នុងនោះ​នាពេលខាងមុខ ដោយ​អ្វីៗ​ទាំងអស់​គឺ​ត្រូវ​ស្ថិត​លើ​ពេលវេលា និង​ភាពជឿជាក់​»​។

សូម​បញ្ជាក់​ថា ឆ្លងកាត់​ការប្រកួត​៤​លើក​នៃ​លី​គ​កំពូល​កម្ពុជា​នា​ពេល​កន្លងមក​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ប្រកួត​ចាញ់​ក្រុម​បឹងកេត​នៅ​លទ្ធផល ២-៣ ប្រកួត​ឈ្នះ​ក្រុមយុវជន​បាទី​នៅ​លទ្ធផល ០-២ ប្រកួត​ចាញ់​ក្រុម​វិសាខា​នៅ​លទ្ធផល ១-៣ និង​ចុងក្រោយ​ប្រកួត​ចាញ់​ក្រុម​ស្វាយរៀង​នៅ​លទ្ធផល ៥-១​។ សម្រាប់​ប្រកួត​បន្ត​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​មួយ​នេះ​ត្រូវ​បើកទ្វារ​កីឡដ្ឋាន Smart RSN Stadium របស់ខ្លួន​ទទួល​ក្រុម​ទទួល​ក្រុម​អាស៊ី​អឺរ៉ុប នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៨​ខែ​មេសា ឆ្នាំ២០១៩៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114