ព័ត៍មានទាន់​ហេតុការណ៏
Search

រុស្ស៊ី​បន្ធូរបន្ថយ​ច្បាប់​ភាពជា​ពលរដ្ឋ​ នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន

​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ ​បាន​បង្ក​ភាព​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ទឹកដី​បំបែក​ខ្លួន​របស់​អ៊ុយ​ក្រែន​ភាគ​ខាងកើត​ក្នុង​ការ​ទទួល​បាន​លិខិតឆ្លងដែន​រុស្ស៊ី​។ រឿងនេះ​បាន​បណ្ដាល​ឲ្យ​មានការ​ថ្កោលទោស​ភ្លាមៗ​ពី​រដ្ឋាភិបាល​ក្រុង​គៀវ​ក្នុង​រយៈពេល​ត្រឹមតែ​បី​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រទេស​នេះ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​។

លោក​ប្រធានាធិបតី Vladimir Putin បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​នេះ​ដែល​សំដៅ​ទៅលើ​ប្រជាពលរដ្ឋ​នៃ​សាធារណរដ្ឋ Donetsk និង Lugansk ដែល​គេ​មិន​ទទួលស្គាល់​ដែល​បាន​បែក​ចេញពី​ទីក្រុង​គៀវ​នៅ​ក្នុង​ឆ្នាំ​២០១៤​ហើយ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​ក្រុង​មូ​ស្គូ​។​ ឥឡូវនេះ ប្រជាជន​ដែល​កំពុង​រស់​នៅ ក្នុង​តំបន់​បំបែក​ខ្លួន​ទាំងពីរ​នេះ​នឹង​មាន​សិទ្ធិ​ទទួល​​​បាន​លិខិតឆ្លងដែន​រុស្ស៊ី​ក្នុង​រយៈពេល​បី​ខែ​បន្ទាប់ពី​បានដាក់​ពាក្យស្នើសុំ​។

​ជម្លោះ​រវាង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​និង​ពួក​ឧទ្ទាម​បំបែក​ខ្លួន​បានចាប់ផ្តើម​ឡើង​បន្ទាប់ពី​ទីក្រុង​មូ​ស្គូ​បាន​កាត់​យក​ឧបទ្វីប Crimea នៅក្នុង​ឆ្នាំ​២០១៤​។ សង្គ្រាម​នេះ​បានសម្លាប់​មនុស្ស​ប្រហែល​១៣,០០០​នាក់​។​ ក្រុមមន្ត្រី​នៅ​ទីក្រុង​គៀវ​បាន​រិះគន់​ទង្វើ​នេះ​ដោយ​និយាយថា ពេលវេលា​គឺមាន​បំណង​ធ្វើ​ឲ្យ​អស្ថិរភាព​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុងអំឡុងពេល​នៃ​ការផ្លាស់ប្តូរ​។ប្រទេស​នេះ​បាន​បោះឆ្នោត​ជ្រើសរើស​តារា​កំប្លែង​លោក Volodymyr Zelensky ឲ្យ​ក្លាយជា​ប្រធានាធិបតី​កាលពី​សប្តាហ៍​មុន​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ លោក Putin បាន​និយាយថា ច្បាប់​ថ្មី​នេះ​គឺជា​បញ្ហា​មនុស្សធម៌​សុទ្ធសាធ​។​

លោក​បាន​និយាយ​នៅក្នុង​ជំនួប​មួយ​ជាមួយ​សមាជិកសភា​នៅ​ទីក្រុង Saint Petersburg ថា “​យើង​គ្មាន​បំណង​បង្កើត​បញ្ហា​សម្រាប់​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​ថ្មី​ទេ​”​។មេដឹកនាំ​រុស្ស៊ី​រូបនេះ​បាន​បន្ថែមថា ប្រជាជន​ដែល​រស់នៅក្នុង​សាធារណរដ្ឋ​ឧទ្ទាម​គឺ​ត្រូវបាន​ដកហូត​ទាំងស្រុង​ពី​សិទ្ធិ​ស៊ីវិល​។ យោងតាម​ច្បាប់​ចម្លង​នៃ​អនុក្រឹត្យ​ដែល​បានចេញ​ផ្សាយ​នៅលើ​វេ​ប​សាយ​វិមាន​ក្រឹម​ឡាំង​បាន​ឲ្យ​ដឹងថា ច្បាប់​នេះ​មាន​គោលដៅ​ការពារ​សិទ្ធិ​និង​ត្រូវបាន​ដឹកនាំ​ដោយ​បទដ្ឋាន​ច្បាប់​អន្តរជាតិ​៕ AFP