ព័ត៍មានទាន់​ហេតុការណ៏
Search

ជាង​ផ្សារដែក​ម្នាក់ ​ឆ្លង​ចរន្ត​អគ្គិសនី ​ឆក់ ​បណ្តាល​ឲ្យ​ស្លាប់​​ខ្លួនឯង​

កំពង់ចាម​ ៖ កម្មករ​ផ្សា​ដំបូល​ដែក​ម្នាក់ បាន​ស្លាប់​ភ្លាមៗ ដោយ​ចរន្ត​អគ្គិសនី​ឆក់ ខណៈ​កំពុង​ផ្សារ​ដំបូល​ដែក​សំយាប​ផ្ទះ​។​ ប៉ូលិស​បានឲ្យ​ដឹងថា​ ថ្ងៃទី​២៥​ ខែ​មេសា ​ឆ្នាំ​២០១៩​ វេលា​ម៉ោង​១២​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មហាលាភ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​មនុស្ស​ឆ្លង​ចរន្ត​អគ្គិសនី​ឆក់​បណ្ដាល​ឲ្យ​ស្លាប់​នៅ​ចំណុច​ផ្ទះ​របស់ ឆា​ត់ ឈៀង នៅ​ភូមិ​ដំណាក់​ព្រីង​កើត ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្ត​កំពង់​ចាម​។​

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ ឈ្មោះ វ៉ា សីឡា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ័យ​សោ​ភ័​ណ្ឌ ឃុំ​ព្រះ​ធាតុ​ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​ មាន​មុខ​របរ ជាង​ផ្សារដែក​។​

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​៧​និង​៣០​នាទី ឈ្មោះ វ៉ា សីឡា បាន​មក​ធ្វើជា​កម្មករ​ផ្សារ​ដែក នៅផ្ទះ​របស់ ​ឈ្មោះ ឆា​ត់ ឈៀង នៅ​ភូមិ​ដំណាក់​ព្រីង​កើត ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម រហូតដល់​វេលា​ម៉ោង​ប្រហែល​១១​និង​១០​នាទី ឈ្មោះ​ វ៉ា សីឡា បាន​ឡើង​លើកដែក​ផ្សា​ ត​សំយាប​ផ្ទះ ហើយ​ប៉ះ​ខ្សែ​បណ្ដាញ បណ្ដាល​ឲ្យ​ឆក់​ ហើយ​ធ្លាប់​ពីលើ​ដំបូង​សំយាប​ផ្ទះ​មក​ដី​ស្លាប់​ដោយ​ខ្លួនឯង​តែម្ដង​។​

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ ក្រោយពី​ទទួល​បាន​ព័ត៌មាន កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​សូទិន សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មហាលាភ ចុះ​ដល់​កន្លែងកើតហេតុ តែ​សាកសព​ត្រូវ​បាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ខ្មែរ​នៅ​ស្រុកកំណើត​ភូមិ​ជ័យ​សោ​ភ័​ណ្ឌ ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បាត់​ទៅ​ហើយ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114