ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019 ៖​ លី​គ​កំពូល​កម្ពុជា សប្ដាហ៍​ទី​៥ ចុង​សប្ដាហ៍​នេះ​ប្រកួត​នៅលើ​ទីលាន​៦​ផ្សេងគ្នា​

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹងធ្វើ​ដំណើរ​ដល់​សប្ដាហ៍​ទី​៥ ហើយ​នៅ​ចុង​សប្ដាហ៍​នេះ ខណៈ​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង កំពុងតែ​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​ឈ្នះ​ទាំង​៤​លើក មាន​១២​ពិន្ទុ​ច្រើនជាងគេ​ក្នុង​ដៃ​។

​សម្រាប់​កម្មវិធី​ប្រកួត​ប្រចាំ​សប្ដាហ៍​ទី​៥ នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែមេសា ឆ្នាំ​២០១៩ ដោយ​ក្រុម​ក្រសួងការពារជាតិ ប៉ះ​បឹងកេត​អែ​ហ្វ​ស៊ី វេលា​ម៉ោង​៦និង៣០​នាទី​រសៀល​លើ​ទីលាន កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​)​ហើយ​ក្រុម​អគ្គីសនី​កម្ពុជា ជួប​ព្រះខ័ន​រាជ​ស្វាយរៀង នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​អគ្គីសនី​កម្ពុជា និង​ក្រុម​ខេត្តកំពង់ចាម ប៉ះ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី នៅ​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់​។

​ចំណែក​៤​គូ​ផ្សេងទៀត​នឹងត្រូវ​ប្រកួត​នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែមេសា ឆ្នាំ​២០១៩ ដោយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ទទួល​វិសាខា នៅ​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ហើយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជួប​ក្រុម​សូល​ទី​ឡូ​អង្គរ នៅ​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា ស្រប​ពេល​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ប៉ះ​ក្រុម​ណាហ្គា​វើ​ល នៅ​វេលា​ម៉ោង​ដូចគ្នា​ដែរ​លើ​ទីលាន​គរុកោសល្យ​ខេត្តតាកែវ និង​ក្រុម​ភ្នំពេញ​ក្រោ​ន ទទួល​ក្រុម​អាស៊ី​អឺរ៉ុប នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន Smart RSN Stadium​។

ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះ​អាសន្ន​ក្រោយ​ប្រកួត​បាន​៤​លើក​នេះ​មក​ឃើញថា​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​១ មាន​១២​ពិន្ទុ​ហើយ​ក្រុម​ក្រសួងការពារជាតិ ឈរ​លេខ​២ មាន​១០​ពិន្ទុ ស្មើគ្នា​ជាមួយ​ក្រុម​វិសាខា ឈរ​លេខ​៣ ហើយ​ក្រុម​ណាហ្គា​វើ​ល ឈរ​លេខ​៤ មាន​៩​ពិន្ទុ និង​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​៥​មាន​៨​ពិន្ទុ​។ ចំណែក​ក្រុម​បឹងកេត ឈរ​លេខ​៦​មាន​៧​ពិន្ទុ ក្រុម​ក្រុម​អាស៊ី​អឺរ៉ុប ឈរ​លេខ​៧ មាន​៦​ពិន្ទុ ហើយ​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​៨ មាន​៦​ពិន្ទុ ក្រុម​គីរីវង់​សុខ​សែន​ជ័យ ឈរ​លេខ​៩ មាន​៣​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​លេខ​១០ ,​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ លេខ​១១ និង​កំពង់ចាម លេខ​១២ ហើយ​ក្រុម​សូល​ទី​ឡូ​អង្គរ ឈរ​លេខ​១៣​មាន​១​ពិន្ទុ និង​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​លេខ​១៤ មិនទាន់មាន​ពិន្ទុ​កាន់​ទេ​។

តាម​គម្រោង​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​មានឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយចំនួន​ដូចជា​ពានរង្វាន់ AFC Cup, Mekong Championship និង​ពានរង្វាន់​មួយ​ចំនួន​ទៀត​៕