ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទះ​លក់​ចាប់ហួយ​១​ខ្នង ​ទំហំ​៤​ម៉ែត្រ ​គុណ ​នឹង ៦​ម៉ែត្រ ត្រូវ​បាន​ឆាបឆេះ​អស់ទាំង​ស្រុង

សៀមរាប ​៖​ សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា ផ្ទះ​លក់​ចាប់ហួយ​មួយ​ខ្នង ​ទំហំ​៤​ម៉ែត្រ ​គុណ ​នឹង​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ជញ្ជាំង​ក្ដារ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង និង​របួសស្រាល​ក្មេង​ម្នាក់ ព្រមទាំង​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​ផងដែរ​។​ ហេតុការណ៍​នេះ ​កើតឡើង​នៅវេលា​ម៉ោង​១៨​និង​៥៥​នាទី ​ថ្ងៃទី​២៤ ខែ​មេសា ​ឆ្នាំ​២០១៩ នៅ​ភូមិ​រហាល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប​។​

លោក​វរសេនីយ៍ឯក ស៊ុន អេង អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៥​នេះ​ថា ជនរងគ្រោះ​ ឈ្មោះ ​រឿន សារ៉ាត់ ​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង ​ប្រពន្ធ​ ឈ្មោះ ឈៀ​ត ស៊ី​យាំ អាយុ ២៥​ឆ្នាំ ទីលំនៅ​ភូមិ​រហាល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប​។ ​កូន ​ឈ្មោះ​ រ៉ាត់ រ៉ា​យុ​ត្តិ ភេទ​ប្រុស អាយុ​៧​ឆ្នាំ របួស​ជើង​ទាំងពីរ​ស្រាល។

​លោក​បន្តថា មូលហេតុ​បណ្តាលមកពី​ ឈ្មោះ​ ឈៀ​ត ស៊ី​យាំ បាន​ដាំបាយ​ នឹង​ចង្ក្រាន​ហ្គាស៍ ​ហើយ​កូន ​ឈ្មោះ ​រ៉ាត់ រ៉ា​យ៉ុ​ត្តិ ភេទ​ប្រុស ​អាយុ​៧​ឆ្នាំ បាន​ជញ្ជូន​ដប​សាំង​ ស្រាប់តែ​ធ្លា​ក់​ដប​សាំង​ ហើយក៏​ឆាប​ឆេះ​ផ្ទះ​ភ្លាមៗ​តែម្តង​។​

លោក​បន្ថែមថា ខូចខាត​ឆេះ​អស់​ផ្ទះ​ ទំហំ​៤​ម៉ែត្រ​ គុណ ​នឹង ៦​ម៉ែត្រ​១​ខ្នង ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី​ជញ្ជាំង​ក្តារ ចាក់សាប​ក្រោម ឆេះ​អស់​ស្រូវ​២០​ការុង​ និង ​អីវ៉ាន់ ​ដែល​ទិញ​មក​ទុក​លក់ ឆេះ​ប្រាក់​ដុល្លារ ៥០០,​ឆេះ​ខ្សែដៃ​ប្លាទីន ទម្ងន់​៣ ជី​,​ឆេះ​អស់​ខ្សែក​មាស​ទម្ងន់​៣​ជី ឆេះ​ប្លង់ដី​ដែល​និស្សិត​ចែក​ឲ្យ​ និង សៀវភៅ​គ្រួសារ​។ ​ក្នុង​ហេតុការណ៍​ពន្លត់​នោះ ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​ស្រុក​ ប្រើប្រាស់​អស់​ទឹក​ចំនួន​២​ឡាន​៕