ព័ត៍មានទាន់​ហេតុការណ៏
Search

សាខា​កាកបាទក្រហមកម្ពុជា រាជធានី រៀបចំ​ពិធី​បិទ​វគ្គ​យល់ដឹង​មូលដ្ឋាន​ដល់ទី​ប្រឹក្សា​យុវជន និង​យុវជន​កាកបាទក្រហម​កម្ពុជា ប្រចាំ​វិទ្យាល័យ​ជាង​១០០​នាក់

ភ្នំពេញ​ ៖ សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ពុធ ៥​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩​នេះ ​បាន​រៀប​ចំ​ពិធី​បិទ​វគ្គ​យល់ដឹង​មូលដ្ឋាន​ជូន​ដល់ទី​ប្រឹក្សា​យុវជន និង​យុវជន​កាកបាទក្រហម​កម្ពុជា ប្រចាំ​វិទ្យាល័យ​សរុប​ចំនួន​១២០​នាក់​។

ពិធី​នេះ​ធ្វើឡើង នៅ​វិទ្យាល័យ ជា ស៊ីម សាមគ្គី ក្រោម​អធិបតីភាព លោក ឯក ឃុន​ដឿ​ន សមាជិក​គណៈកម្មាធិការ​សាខា ដែល​វគ្គ​យល់ដឹង​នេះ​បាន​ចាប់​ដំណើរការ​អស់​រយៈពេល​១​ថ្ងៃ​កន្លងមក​ប្រកបដោយ​ជោគជ័យ​ជា​លទ្ធផល​យុវជន​ទទួលបាន​និទ្ទេស​ល្អ​ចំនួន​៧៥​ភាគរយ និង​មធ្យម​២៥​ភាគរយ។

ទន្ទឹម​នឹង​ការ​ពាំ​នាំ​នូវ​សេចក្តី​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​លោកគ្រូ​អ្នកគ្រូ​ជាទី​ប្រឹក្សា​យុវជន និង​ក្មួយៗ​យុវជន​កាកបាទក្រហម​កម្ពុជា​ទាំងអស់ លោក​សមាជិក​គណៈកម្មាធិកា​រ​សាខា បាន​គូស​បញ្ជាក់​ថា ការ​បើក​វគ្គ​យល់ដឹង​ជូន​នាពេលនេះ​គឺ ដើម្បី​ជួយ​ជា​ពន្លឺ​ស្មារតី​ជូន​ក្មួយៗ​ទាំងអស់​ឲ្យ​បាន​យល់ដឹង​ពី​សារៈសំខាន់ ក្នុងការ​អនុវត្ត និង​បំពេញភារកិច្ច​បេសកកម្ម​មនុស្ស​ធម៌​របស់​ខ្លួន​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ និង​ទទួលបាន​នូវ​ជោគជ័យ​ថែមទៀត។

សូម​បញ្ជាក់​ថា ក្នុង​វគ្គ​យល់ដឹង​មូលដ្ឋាន​នេះ​គ្រូឧទ្ទេស​នាម​បាន​លើកយក​មេរៀន​ចំនួន​៥​មក​បង្ហាត់បង្ហាញ​រួមមាន​៖១/ ប្រវត្តិ​ចលនា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម និង​សមាគម​ជាតិ​កាកបាទក្រហមកម្ពុជា ២/ តួនាទី និង​ភារកិច្ច​យុវជន​កាកបាទក្រហម​កម្ពុជា ៣/ គ្រោះមហន្តរាយ និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ ៤/ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ៥/ វិជ្ជា​សង្គ្រោះ​បឋម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114