ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ដល់ទី​ក្រុង​ប៉េកាំង​ដោយ​សុវត្ថិភាព​ដើម្បី​ចូលរួម​ក្នុង​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី​២​នៅ​ទីក្រុង​ប៉េកាំង

*នៅ​រសៀល​ថ្ងៃទី ២៥ មេសា​នេះ​សម្តេច​ត្រូវបាន​សាកលវិទ្យាល័យ​ប៉េកាំង​ប្រគល់​គោរមងារ​ជូន​ជា​សាស្ត្រាចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​គ​ណៈ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ដល់ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន​ប្រកបដោយ​សុ​វត្ថិភាព​កាលពី​វេលា​ម៉ោង​១៣និង៥០​នាទី​ម៉ោង​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ត្រូវ​នឹង​ម៉ោង​១២និង៥០​នាទី​ម៉ោង​នៅ​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា ​ដើម្បី​ចូលរួម​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី​២​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ដែល​និង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ និង ២៧​មេសា​។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​របស់​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា​។

យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ជើងហោះហើរ​លេខ ០០១ បាន​ធ្វើ​ការ​ចុះចត​ប្រកបដោយ​សុ​វត្ថិភាព​នៅ​អាកាសយាន​អន្តរជាតិ​ប៉េកាំង​ក្រោម​វត្ត​មាន​នៃ​ការ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រាក់ទាក់​បំផុត​លោកស្រី​ជា​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល​ចិន​និង​ឥស្សរជន​ការទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ជាច្រើនរូប។

តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក​នៅ​រសៀល​ថ្ងៃនេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​សំខាន់​មួយ​នៅក្នុង​ពិធី​ជួប​ជាមួយ​និស្សិត​និង​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​ប៉េកាំង​ក្នុង​ឱកាស​ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទទួល​បាន​នូវ​ការ​ប្រគល់​គោរមងារ​ជា​សាស្ត្រាចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ពី​សាកលវិទ្យាល័យ​ប៉េកាំង។

តប​តាម​ការអញ្ជើញ​របស់លោក ស៊ី ជីន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ចូលរួម​ក្នុង ​«​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី​២​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​»​និង​កិច្ចប្រជុំ​សំខាន់ៗ​ផ្សេងទៀត​ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៥-២៩​ខែមេសា​ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉េកាំង​។

​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​រួមមាន​លោក​ឧបនាយក​រដ្ឋមន្ដ្រី ហោ ណាំហុង ,​លោក​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​, លោក​ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ,​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​សាធារណការ​និង​ដឹកជញ្ជូន​, លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី ពាណិជ្ជកម្ម​, លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​សុខាភិបាល ,​លោក ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍ សមាជិក​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្សេង ទៀត​និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​។

នៅក្នុង​សម័យប្រជុំ​ជាន់ខ្ពស់​នៃ​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​២​នៅ​ថ្ងៃទី ២៦ ខែមេសា សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​នឹង​ថ្លែង​សុន្ទរកថា​ពី​មូលបទ​របស់​វេទិកា​ «​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់​និង​ផ្លូវ​បង្កើត​ជោគវាសនា​រួម​ដ៏​ត្រចះត្រចង់​»​។​ នៅ​ថ្ងៃ​បន្ទាប់​នៅក្នុង​សម័យប្រជុំ​តុមូល​របស់​ថ្នាក់ដឹកនាំ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចែករំលែក​ទស្សនវិស័យ​លើ​មូលបទ​«​ការ​ជំរុញ​ការ​តភ្ជាប់​ដើម្បី​ស្វែងរក​ធនធាន​ថ្មី​សម្រាប់​ការរីកចម្រើន​»​។

សម្រាប់​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី​២ ឆ្នាំ​២០១៩​នេះ​កម្មវិធី​ចំនួន ១២ ត្រូវ​បាន​រៀបចំឡើង​ដោយ​រួមមាន​ការ​តភ្ជាប់​គោលនយោបាយ​(Policy Connectivity),​ការ​តភ្ជាប់​ហិរញ្ញវត្ថុ (Financial Connectivity),​ការតភ្ជាប់​ប្រជាជន​និង​ប្រជាជន (People-to-People Connectivity),​វេទិកា​ផ្លាស់ប្តូរ​គំនិត​(Think-tank Exchanges),​វិថី​សូត្រ​ប្រណីត (Clean Silk Road),​ការលើកកម្ពស់​តំបន់​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម (Economic and Trade Cooperation Zone Promotion),​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ (Infrastructure Connectivity),​ការតភ្ជាប់​ពាណិជ្ជកម្ម (Trade Connectivity),​វិថី​សូត្រ​បច្ចេកវិទ្យា (Digital Silk Road),​វិថី​សូត្រ​បៃតង​(Green Silk Road),​វិថី​សូត្រ​នៃ​របកគំហើញ​ថ្មី (Silk Road of Innovation)​និង​កិច្ច​សហប្រតិបត្តិការ​ថ្នាក់ក្រោម​ជាតិ​(Sub-national Cooperation)​។

វេទិកា​នេះ​មាន​ថ្នាក់ដឹកនាំ​ពិភពលោក​ប្រមាណ​ជា​៤០​នាក់​និង​អ្នកតំណាង​មកពី​ជាង​១០០​ប្រទេស​ផ្សេងទៀត​នឹងចូលរួម​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី​២​នេះ​។

​បន្ទាប់ពី​អញ្ជើញ​ចូលរួម​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី​២ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​ប្រមុខរដ្ឋ​រដ្ឋាភិបាល​ផ្សេងទៀត​នឹង​អញ្ជើញ​ចូលរួម​ពិធី​បើក​ពិព័រណ៍​សាកវប្បកម្ម​អន្តរជាតិ​២០១៩​ដែល​នៅក្នុង​ឱកាស​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​សម្ពោធ​ពន្លា​ជាតិ​របស់​កម្ពុជា​។ ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​ចិន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹងមាន​ជំនួប​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង​,​លោកនាយក​រដ្ឋមន្ត្រី លី ខឺ​ឈាង ,​លោក វ៉ាង ហ៊ុន​នី​ង សមាជិក​ការិយាល័យ​នយោបាយ និង ជា​លេខា​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនីស្ត​ចិន​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នឹង​ជួប​ជាមួយ​លោក លី យ៉ុង អគ្គនាយក​អង្គការ​ឧស្សាហកម្ម​អង្គការសហប្រជាជាតិ​ព្រមទាំង​ទទួល​ការចូល ជួប​សម្តែង​ការគួរសម​ពី​តំណាង​ក្រុមហ៊ុន​ចិន​មួយចំនួន​។

​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​មានការ​រំពឹងថា​ នឹង​មាន​ការចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​ស្តីពី​ជំនួយ​របស់​ចិន​ព្រមទាំង​គម្រោង​កិច្ចសហប្រតិបត្តិការ​នា​នា​ផងដែរ ។ លើសពី​នេះ​ទៅ​ទៀត​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ថ្លែង​សុន្ទរកថា​សំខាន់​មួយ នៅក្នុង​ពិធី​ជួប​ជាមួយ និស្សិត​និង​សាស្ត្រាចារ្យ នៅ​សកល​វិទ្យាល័យ​ប៉េកាំង​ក្នុងឱកាស​ដ៏​ឧត្តុង្គឧត្តម​ដែល​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ទទួល​បាន​នូវ​ការប្រគល់​គោរមងារ​ជា​សាស្ត្រាចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ។

​សូមបញ្ជាក់​ថា ​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់​និង​ផ្លូវ​»​គឺជា​ផែនការ​ប្រកបដោយ​មហិច្ឆតា​របស់លោក ស៊ី ជិន​ពីង ស្តីពី​ការបង្កើត​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា​និង​អា​ហ្រិ្វ​ក​តាមរយៈ​ផ្លូវគោក​និង​ផ្លូវទឹក​។ លោក ស៊ី ជិន​ពីង បានប្រកាស​ពី​គម្រោង​យុទ្ធសាស្ត្រ​នេះ​ជា​លើកដំបូង​កាលពី​ឆ្នាំ​២០១៣​។​ប្រទេស​ចំនួន​១២៦ និង​អង្គការ​អន្តរជាតិ​ចំនួន ២៩ បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​ចិន​ដើម្បី​រួមគ្នា​កសាង​គម្រោង​នេះ​។

​សម្រាប់​កម្ពុជា​បាន​ក្លាយជា​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង នៅ​ឆ្នាំ​២០១៦​។ ប្រទេស​កម្ពុជា​ត្រូវ​បាន​មើល​ឃើញ​ថា ​មាន​ការវិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​វិនិយោគ​ជាមួយ​ប្រទេស​ចិន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ការ​រីក​លូតលាស់​ខ្លាំង​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជាប់​ពាក់ព័ន្ធ​នឹង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​នេះ​ផងដែរ​។

ចំពោះ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​និង​វិនិយោគិន​ដ៏​ចម្បង​របស់​កម្ពុជា​។​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ​២០១៧ មាន ចំនួន ៥.៥៧៧ លាន​ដុល្លារ​កើនឡើង​ជាង ២១,៧% បើ​ធៀប​នឹង​ឆ្នាំ ២០១៦​។ ក្នុង​ឆ្នាំ ២០១៧​ទំហំ​វិនិយោគ​ចិន​សរុប​នៅ​កម្ពុជា​ឈរ​លំដាប់​លេខ ១ ធៀប​នឹង​ទំហំ​វិនិយោគទុន​ពី​ប្រទេស​ដទៃទៀត​ដែល​មាន​ទំហំ​សរុប​ប្រមាណ​១.៦៤៤ លាន​ដុល្លារ​។ លើស​ពី​នេះ ប្រទេស​ទាំងពីរ​ក៏បាន​ឯកភាព​គ្នា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កើន​ឡើង​ដល់​៦.០០០​លាន​ដុល្លារ​នៅ​ឆ្នាំ២០២០​។ ចំពោះ​វិស័យ​ទេសចរណ៍​មាន​ក្រុមហ៊ុន​ឤ​កាស​ចរណ៍​ចំនួន ១៥ កំពុង​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ទៀងទាត់ រវាង កម្ពុជា និង​ចិន​។​ នៅ​ឆ្នាំ២០១៧ ទេសចរ​ចិន​មាន​ប្រមាណ ១,២ លាន​នាក់ ។ គិត​ត្រឹម​ត្រីមាស​ទី ១ ឆ្នាំ ២០១៨ នេះ​កម្ពុជា​បានទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ១,៧ លាន​នាក់​ ដែល​ក្នុង​នោះ​ទេសចរ ចិន​មាន​ចំនួន​ជាង ៥០ ម៉ឺន​នាក់។​ ក្នុង​ឆ្នាំ​២០១៨​ចិន​បាន​ផ្តល់​ជំនួយ​ប្រមាណ ៧៤០​លាន​ដុល្លារ​ដើម្បី​ចូលរួម​ចំណែក​កសាង​និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា។ ក្នុង​ឆ្នាំ​សិក្សា​២០១៩​នេះ​មាន​សិស្ស និស្សិត​ខ្មែរ​ជិត ២,០០០​នាក់ កំពុង​សិក្សា​និង​បណ្តុះបណ្តាល​នៅ​តាម​សាលា​នានា ក្រោម​អាហារូបករណ៍​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ចិន​។ កត្តា​ទាំងនេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​តួនាទី​ដ៏​សំខាន់​របស់​ចិន​ក្នុង​ជួយ​ពង្រឹង​សក្តានុពល​សេដ្ឋកិច្ច សង្គម និង​នយោបាយ​នៅ​កម្ពុជា។

សម្តេច​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​វិល​មកដល់​រាជធានី​ភ្នំពេញ​វិញ​នៅ​ម៉ោង ៤ រសៀល​ថ្ងៃទី ២៩ ខែ មេសា​៕