ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បង្ហាញ​សុទិដ្ឋិនិយម​ខ្លាំង​ចំពោះ​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវាត់​និង​ផ្លូវ​»

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានបង្ហាញ​សុទិដ្ឋិនិយម​ជាខ្លាំង​ចំពោះ​គំនិត​ផ្តួចផ្តើម​«​ខ្សែ​ក្រ​វាត់​និង​ផ្លូវ​»​ដែល​ផ្តួចផ្តើម​បង្កើតឡើង​ដោយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង គឺជា​កម្លាំងចលករ​មួយ​យ៉ាងសំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រកប ដោយ​ចីរភាព​សម្រាប់​កម្ពុជា​និង​ប្រទេស​ជា​សមាជិក​ទាំងអស់​សរុប​១២៦ ប្រទេស​នោះ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចាត់ទុក​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវាត់​និង​ផ្លូវ​»​ដែល​បង្កើតឡើង​ដោយ​លោក ស៊ី ជីន​ពីង នៅ​ឆ្នាំ​២០១៣ ជា​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​លក្ខណៈពិសេស​ពីព្រោះ​បាន​ផ្តោត​ជា​សំខាន់​លើ​ការសម្របសម្រួល​គោលនយោបាយ​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​ដៃគូ​ដោយ​ឈរលើ​ស្មារតី​គោរព​គ្នា​ទៅវិញទៅមក​។

ការ​កត់សំគាល់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើឡើង​នៅក្នុង​បទសម្ភាសន៍​ជាមួយនឹង​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួរ មុនពេល​អញ្ជើញ​ទៅ ចូលរួម​វេទិកា​នៃ​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់​និង​ផ្លូវ »​លើក​ទី​២​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។

​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកឡើងថា​ចាប់តាំងពី​ពេល​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​»​បាន​បដិសន្ធិ​ឡើង​សម្តេច​បាន ប្រមើល​មើលឃើញ​នូវ​សក្តានុពល​និង​កាលានុវត្តភាព​ដ៏​ធំ​មហិមា​សម្រាប់​ការពង្រីក​និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជា​អន្តរជាតិ​និង​ក្នុង តំបន់​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សង្កត់​ធ្ងន់​ថា ​កិច្ចសហប្រតិបត្តិការ​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែ​«​ក្រវាត់​និង​ផ្លូវ​»​សម្រេចបាន​នូវ​វឌ្ឍនភាព​គួរ​ឲ្យ​កត់ សម្គាល់ និង មិនអាច​កែ​ប្រកែក​បាន​ក្នុង​រយៈពេល ៦ ឆ្នាំ​គិត​ចាប់តាំងពី​គំនិត​ផ្តួចផ្តើម​នេះ​ ត្រូវ​បាន​ស្នើ​ឡើង​ដោយ​លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន​ក្នុង​ឆ្នាំ​២០១៣។

ប្រទេស​កម្ពុជា​បាន​ក្លាយជា​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់​និង​ផ្លូវ​»​នៅ​ឆ្នាំ ២០១៦​ហើយ​កម្ពុជា​ក៏​ជា​ប្រទេស​សមាជិក​ស្ថាបនិក​នៃ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ដែលជា​ធនាគារ​ដ៏​សំខាន់​ក្នុង​ការផ្តល់​ហិរញ្ញវត្ថុ​ទ្រទ្រង់​ដល់​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវាត់​និង​ផ្លូវ​»​។ ជា​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម​មួយ​នេះ​កម្ពុជា​ត្រូវបាន​មើលឃើញ​ទាញ​បាន​ប្រយោជន៍​ជាច្រើន​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ជាតិ​និង​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​កម្ពុជា​។

​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​គូសបញ្ជាក់​ថា ​សមិទ្ធផល​ថ្មី​មួយ​បាន​លិចចេញ​ជា​រូបរាង​នៅក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​គំនិត​ផ្តួចផ្តើម​នេះ​គឺ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​ដែល​នឹង​ក្លាយជា​កម្លាំងចលករ​មួយ​កែប្រែ​វិមាត្រ​សេដ្ឋកិច្ចកម្ពុជា​ក៏ដូចជា​ការតភ្ជាប់​ក្នុង​តំបន់​ក្នុង​កម្រិត​មួយ​ដែល​មិន​នឹកស្មាន​ដល់។ ក្រៅពី​គម្រោង​ដ៏​ធំ​មួយ​នេះ​គំនិត​ផ្តួចផ្តើម​នេះ​ធ្វើឱ្យមាន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ ទៀត។ ជាពិសេស​លើ​ការ​កសាង​សមត្ថភាព​ស្ថាប័ន​ការចែករំលែក​ចំណេះដឹង​និង​ការ​កសាង​ធនធានមនុស្ស​កំពុងតែ​បោះ​ជំហាន​វិ​វ​ឌ្ឍ​ទៅ​មុខជា​វិជ្ជមាន​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា «​ខ្ញុំ​យល់ថា​កិច្ចសហប្រតិបត្តិការ​ទាំ​ង​នោះ​រឹតតែ​មានគុណ​តម្លៃលើស​ពី​ការបោះ​ទុនវិនិយោគ​លើ ហេដ្ឋារចនាសម្ព័ន្ធ​ទៅទៀត ហើយក៏​ជា​អ្វីដែល​ខ្ញុំ​រំពឹងថា​នឹង​កាន់តែ​ទទួលបាន​នូវ​ការយកចិត្តទុកដាក់ និង លើកស្ទួយ​ថែមទៀត ។ រាជ​រដ្ឋា​ភិ បាល​កម្ពុជា​នឹង​ខិតខំ​ប្រឹងប្រែង​ទាញយក​នូវ​សក្តានុពល​និង​អត្ថប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម​ខ្សែ​«​ក្រវាត់​និង​ផ្លូវ​»​ឲ្យ​បាន​អស់ពី​លទ្ធភាព​ដើម្បី រួមចំណែក​សម្រេច​ឲ្យ​បាន​នូវ​របៀបវារៈ​គោលនយោបាយ ដែលជា​យុទ្ធសាស្ត្រ​ចតុកោណ​បានដាក់​ចេញ​»​។

​សម្តេច​តេ​ជោ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ប្រទេស​ទាំងពីរ​សម្រេច​បាន​ហើយ​សម្តេច​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​សហ ប្រតិបត្តិការ​ទ្វេភាគី​ក្រោម​ក្របខ័ណ្ឌ «​ខ្សែក្រវាត់ និង​ផ្លូវ​»​ដែល​បានផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ឥត​គណនា​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម -​វប្បធម៌​នៃ​ប្រទេស​និង​ប្រជាជន​យើង​ទាំងពីរ​។ ភាព​ជោគជ័យ​នៃ​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ដែល​ជា គម្រោង​វិនិយោគ​ធំ​របស់​ចិន​គឺជា​សក្ខីភាព​មួយ​យ៉ាងច្បាស់​នៃ​ការកសាង​គម្រោង​ផែនការ​កិច្ចសហប្រតិបត្តិការ «​ខ្សែក្រវាត់​និង​ផ្លូវ​»​រវាង​ប្រទេស ទាំងពីរ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បន្ត​ថា សម្តេច​បាន​មើលឃើញថា ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​កម្ពុ​ជាមាន​គោលដៅ និង អាទិភាព​ដូចគ្នា​ពោលគឺ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការតភ្ជាប់​។ ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ​សេដ្ឋកិច្ចកម្ពុជា​មានការ​ផ្លាស់ប្តូរ​ជា​រចនាសម្ព័ន្ធ​និង​មាន​តម្រូវការ​កាន់​តែច្រើន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ប្រភេទ​។ សម្តេច​ជឿជាក់ថា ផ្តើមចេញពី​សង្គតិភាព​នេះ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​នៅ​កម្ពុជា​តទៅ​អនាគត​នឹង​ទទួល​បាន​ការ​គាំទ្រ​ពេញទំហឹង​ពី គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​»​ដើម្បី​បម្រើ​និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ផ្សេងៗ​ទៀត​ដែលមាន​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការតភ្ជាប់ ដោយ​មិនអាច​ខ្វះ​បាន​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ​ព្រោះ​មើលឃើញ​ថា ​ជា​ក្របខ័ណ្ឌ​ដែល​មាន​ចរិត​គាំទ្រ ដល់​កិច្ចសហប្រតិបត្តិការ​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​ផ្អែកលើ​ក្របខ័ណ្ឌ និង គំនិត​ផ្តួចផ្តើម ដែលមាន​ស្រាប់​ដោយ​ឈរលើ​មូលដ្ឋាន​ស្មើភាព គោរព​អធិបតេយ្យភាព​និង​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​ដែលជា​កត្តា​ពង្រឹង​សុខសន្តិភាព ស្មារតី​សាមគ្គីភាព​និង​ការរួមរស់​ជាមួយគ្នា​ដោ យ​សុខដុម​។ ជាក់ស្តែង​គម្រោង​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​គំនិត​ផ្តួចផ្តើម​នេះ​សុទ្ធតែ​បាន​ផ្សាភ្ជាប់​ជាមួយនឹង​ផែនការ​អភិវឌ្ឍ​ជាតិ​របស់ កម្ពុជា​ដូចជា​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​កម្ពុជា​ដើម​។ ម្យ៉ាងទៀត​គំនិត​ផ្តួច ផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ គឺជា​យុទ្ធសាស្ត្រ​រយៈពេល​វែង​ថែមទាំង​មាន​យន្តការ​ហិរញ្ញប្បទាន​ផងដែរ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ការ​ជឿជាក់ថា​ វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ​នឹង​ផ្តល់​ឱកាស​សម្រាប់​ថ្នាក់ដឹកនាំ​ប្រទេស​ដែល​ចូលរួម​ធ្វើ ការផ្លាស់ប្តូរ​យោបល់​និង​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​និង​បញ្ហា​ពហុភាគី​ព្រមទាំង​បង្កើត​នូវ​កាល​នុ​វត្ត​ភាព​យ៉ាងសំខាន់​មួ​យ​សម្រាប់ប​ណ្តា​ប្រទេស​ទាំងអស់​នៅ​លើ​ខ្សែក្រវាត់​និង​ផ្លូវ ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​សន្តិភាព វិបុលភាព​និង​ការអភិវឌ្ឍ​ប្រកបដោយ ចីរភាព​សម្រាប់​ទាំងអស់គ្នា​។

​សម្តេច​តេ​ជោ​សង្ឃឹមថា​វេទិកា​លើក​ទី​ពីរ​នេះ នឹង​ផ្តល់​ឱកាស​ឲ្យ​យើង​ទាំងអស់​គ្នា​ដែល​ជា​ប្រជាជាតិ​មានការ​ជឿជាក់​លើស​កល​ភាវូបនីយកម្ម និង​ការបើកចំហ​សេដ្ឋកិច្ច​ឈរលើ​គោលការណ៍​កិច្ចសហប្រតិបត្តិកា​រ​ជា​ដៃគូ​យូរអង្វែង រួមគ្នា​ពង្រឹងកម្លាំង​សាមគ្គីភាព​ពួតដៃគ្នា​ដើម្បី​ការពារ នូវ​ផលប្រយោជន៍​រួម​និង​វិបុលភាព​រួម​។ សម្តេច​ចង់ឃើញ​បណ្តា​ប្រមុខ​ដឹកនាំ​ទាំងអស់​ដែលជា​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម​នេះ​រួមគ្នា​ប្រើប្រាស់ វេទិកា​នេះ​សម្រាប់​ត្រិះរិះ​ពិភាក្សា​និង​ដាក់ចេញ​នូវ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​និង​ការប្តេជ្ញាចិត្ត​យ៉ាងពិត​ប្រាកដ​ដើម្បី​សម្រេច​ឱ្យបាន​នូវ សមិទ្ធផល​ជា​ផ្លែផ្កា​ថ្មីៗ​ថែមទៀត​ក៏ដូចជា​ការរួម​គ្នា​ទប់​នឹង​ចរន្ត​នៃ​ការ​បំភ្លៃ​បន្តុះបង្អាប់​គំនិត​ផ្តួចផ្តើម​នេះ​ក្នុង​ន័យ​កេងចំណេញ​ផ្នែក​នយោបាយ​។

​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បង្ហាញ​នូវ​ជឿជាក់ថា​ ចរន្ត​វិជ្ជមាន និង​ទស្សនៈ​សុទិដ្ឋិនិយម​កំពុង​កើតមាន និង រីកដុះដាល​ទៅកាន់​តំបន់ ផ្សេងទៀត​នៃ​ពិភពលោក​ជាពិសេស​នៅ​ទ្វីបអឺរ៉ុប​ហើយ​វេទិកា​លើក​ទី​ពីរ​ដ៏​មាន​សារៈសំខាន់​នេះ​នឹង​ផ្តល់នូវ​សក្ខីកម្ម​ជា​ប្រវត្តិសាស្ត្រ​ថា​ប្រជាជាតិ ដ៏​ច្រើន​លើសលប់​ក្នុង​ពិភព​-​លោក​បានជ្រើសរើស​យក​កិច្ចសហប្រតិបត្តិការ និង​ការ​តភ្ជាប់​គ្នា​សម្រាប់​ដំណើរការ​អភិវឌ្ឍ និង វិបុលភាព​របស់ ប្រជាពលរដ្ឋ​ខ្លួន​។ វេទិកា​លើក​នេះ​គឺជា​ការ​បោះ​ជំហាន​ទៅមុខ​ដោយ​ឥត​ងាករេ​ហើយ​ផ្តល់នូវ​មាគ៌ា​មួយ​ដ៏​កាន់តែ​ច្បាស់លាស់​សម្រាប់​កិច្ច​សហ ប្រតិបត្តិការ​ជា​អន្តរជាតិ​ដើម្បី​អ្វីដែល​ខ្ញុំ​មានការ​ពេញចិត្ត​សម្រាប់​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​គឺ​ស្មារតី​នៃ​ការខិតខំ​រួមគ្នា​ទទួលបាន​ផល​ប្រ​យោ ជន៍​ដូចគ្នា​និង​មានឱកាស​ស្មើគ្នា​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ការជឿជាក់​ផង​ដែរ​ថា​ វេទិកា​នេះ​នឹង​ជួយ​ឲ្យ​ប្រទេស​សមាជិក​ទាំងអស់​បន្ត​ធ្វើ​នូវ​អ្វី​ដែល​បាន​ចាប់ផ្តើម​កន្លងមក​ដើម្បី​បង្កើន​ការតភ្ជាប់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​លើកកម្ពស់​ការអភិវឌ្ឍ​ប្រកបដោយ​ស្ថិរភាព ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ជំរុញ​ការផ្លាស់ ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​។ លើសពីនេះ​ទៀត​ភាគី​ទាំងអស់​នឹង​បន្ត​អនុវត្ត​គោលការណ៍ សម្របសម្រួល​ជា​យុទ្ធសាស្ត្រ​និង​ការ​ចែករំលែក ផលប្រយោជន៍​ទៅវិញទៅមក​ជំរុញ​ការតភ្ជាប់​ទូទាំង​ពិភពលោក​និង​រួមគ្នា​អនុវត្ត​របៀបវារៈ​នៃ​ការអភិវឌ្ឍ​ប្រក​ដ​ដោយ​និរន្ត​ភាព​ដាក់ចេញ​ដោយ អង្គការសហប្រជាជាតិ​។

ជា​ចុងក្រោយ​សម្តេច​បាន​សង្កត់​ធ្ងន់​ថា គំនិត​ផ្តួចផ្តើម​នេះ​បានទទួល​នូវ​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​និង​ដៃគូ​អភិវឌ្ឍ​ជាច្រើន​ហើយ​ត្រូវបាន​ចាត់ទុកជា​ចលករ​យ៉ាងសំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បានរួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​និង​សង្គម​នៅតាម​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ក្នុង​តំបន់​ក៏ដូចជា​ក្នុង​ពិភពលោក​។ ការពង្រឹង​និង​ពង្រីក​ការតភ្ជាប់​រវាង​ទ្វីបអាស៊ី​ទាំងមូល​ដែល​រួម​បញ្ចូល​ទាំង​តំបន់​អាស៊ីអាគ្នេយ៍​ជាមួយនឹង​ប្រទេស​ចិន​ដែលជា​ទីផ្សារ​ធំ​បង្អស់​និង​ជា​មហាអំណាច​ធំ​បំផុត​ទី​២​គឺជា​កាលានុវត្តភាព​មួយ​ដ៏​ធំ​សម្បើម​និង​មាន​សក្តានុពល​ដែល​មិនអាច​មើលរំលង​បាន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114