ព័ត៍មានទាន់​ហេតុការណ៏
Search

បរិយាយ ៖ តើ​កម្ពុជា​បានទទួល​ផលប្រយោជន៍​អ្វីខ្លះ​ពី​គម្រោង ផ្លូវ​និង​ខ្សែក្រវាត់ ?

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​នៅ​ថ្ងៃ ២២ ខែ មេសា​បានឱ្យដឹងថា​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ លើក​ទី​២​នេះ​ដែលមាន​រយៈពេល​៥​ថ្ងៃ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៥​ដល់​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ។​នៅក្នុង​សម័យប្រជុំ​ជាន់ខ្ពស់​នៃ​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​២ នៅ​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៩​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​ពី​មូលបទ​របស់​វេទិកា «​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់​និង​ផ្លូវ​៖ បង្កើត​ជោគវាសនា​រួម​ដ៏​ត្រចះត្រចង់​»​។ វេទិកា​នេះ​មាន​ថ្នាក់ដឹកនាំ​ពិភពលោក​ប្រមាណ​ជា​៤០​នាក់ និង​អ្នកតំណាង​មកពី​ជាង​១០០​ប្រទេស​ផ្សេងទៀត​នឹងចូលរួម​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី​២​នេះ​។

​ ​តើ​កម្ពុជា​នឹង​ទទួលផល​ប្រយោជន៍​បែបណា​អំពី​គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ចិន​នេះ​?
​ ​នៅក្នុង​គោលនយោបាយ​ផ្តួចផ្តើម​ដោយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង (Xi Jinping) ស្តីអំពី «​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​»​យើង​អាច​សំគាល់​ឃើញ​នូវ​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​ចិន​ក្នុងការ​ផ្សារភ្ជាប់​សមាហរណកម្ម​សេដ្ឋកិច្ច​ប្រទេស​ចិន​ទៅនឹង​សេដ្ឋកិច្ច​នៃ​៦៥​ប្រទេស​នៅតាម​បណ្តោយ «​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​»​ដែលមាន​តាំងពី អាស៊ី​បូព៌ា អាស៊ី​អ​គ្នេ​យ៍ មជ្ឈិមបូព៌ា អាស៊ី​កណ្តាល មួយផ្នែក​នៃ​ទ្វីបអាហ្វ្រិក និង​អឺរ៉ុប​។​

​ ​យើង​គួរស្វែងយល់​អត្ថន័យ​នៃ​ពាក្យ​«​ខ្សែក្រវាត់​» គឺ​សំដៅ​ខ្សែក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ​(Silk Road Economic Belt)​ដែលជា​ផ្លូវ​របៀង​ត​ភ្ជាប់​ប្រទេស​ចិន​ទៅ​អឺរ៉ុប​ឆ្លងកាត់​អាស៊ី​កណ្តាល​និង​អាស៊ី​ខាងលិច​។ រីឯ​ពាក្យ​«​ផ្លូវ​»​គឺ​សំដៅទៅ​លើផ្លូវ​សូត្រ​តាម​សមុទ្ទ​នា​សតវត្សរ៍​ទី​២១ (21st Century Maritime Silk Road) ដែល​ត​ភ្ជាប់​ប្រទេស​ចិន​ទៅ​អាស៊ី​អ​គ្នេ​យ៍ អាហ្វ្រិក និង​អឺរ៉ុប​។​

​ក្នុង​គម្រោងការ​ដ៏​មហិមា​នេះ​ដែលមាន​ប្រភព​ទុន​ចរាចរ​ទៅមក​ជាង​២០​លាន​លាន​ដុល្លារ​អាមេរិក ប្រទេស​ចិន​នឹង​ផ្តោតទៅលើ​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ឧស្សាហកម្ម​ជឿនលឿន​..​ដែល​នឹងមាន​អំណោយផល​ដល់​ប្រជាជន ៤.៦០០​លាន​នាក់​ស្មើនឹង​៦០​ភាគរយ​នៃ​ប្រជាជន​លើ​ពិភពលោក ។ ប្រទេស​ចិន​ត្រូវគេ​រំពឹងថា​នឹង​ផ្ទេរ នូវ​ឧស្សាហកម្ម អតិពលកម្ម និង​ឧស្សាហកម្ម​ប្រើ​ដើមទុន​ធំៗ​របស់ខ្លួន ក្នុង​រង្វង់​៥​ឆ្នាំ​ខាងមុខ ទៅ​ឲ្យ​បណ្តា​ប្រទេស​តាម​បណ្តោយ «​ខ្សែក្រវាត់​និង ផ្លូវ​»​ទាំងនោះ​។​

​នៅក្នុង​បរិបទ​នេះ​ប្រទេស​កម្ពុជា​ដែលមាន​ទំនាក់ទំនង​ដល់​កំរិត​កំពូល​ជាមួយ​ប្រទេស​ចិន​គឺ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​ជា​មិត្ត​ដែកថែប​គឺជា​ឈ្នាន់​មួយ​យ៉ាងសំខាន់​សំរាប់​ទាក់ទាញ​នូវ​រោងចក្រ​ចិន​ខាងលើ​ឲ្យ​មក​តាំង​ប្រតិបត្តិការ​នៅ​កម្ពុជា​វិញ​តួយ៉ាង​ការវិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា នៅ​ប្រទេស​កម្ពុជា​ដូចជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​(PPSEZ)​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​(SSEZ) ដែល​បច្ចុប្បន្ននេះ​បានទទួល​រោងចក្រ​មក​វិនិយោគ​ដល់​ទៅ​ជាង​១០០​រោងចក្រ​។​



​តាមរយៈ​គោ​លន​យោ​យ​បាយ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​នេះ កម្ពុជា​និង​ចិន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ចពង្រឹង​សហប្រតិបត្តិការ និង​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម នៅ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៥​នៅ​ទីក្រុង​ប៉េកាំង​។​ទី​១.​ការវិនិយោគ​រួម​រវាង​ក្រុមហ៊ុន China Huanneng Group របស់​ចិន​ជាមួយ​ក្រុមហ៊ុន Royal Group របស់​កម្ពុជា សាងសង់​រោងចក្រ​វា​រី​អគ្គិសនី​ទំហំ ៤០០MW នៅ​ទន្លេសេសាន​ក្រោម​ដែលមាន​ទុនវិនិយោគ​ប្រមាណ​៩០០​លាន​ដុល្លារ​។ ទី​២.​ការវិនិយោគ​ប្រមាណ​១,៤​ប៊ី​លាន​ដុល្លារ​សាងសង់​រោងចក្រ​វា​រី​អគ្គិសនី​ទំហំ​២៤៦MW​នៅ​ស្ទឹង​តា​តៃ​ដែល​នឹងមាន​សមត្ថភាព​ចែកចាយ​អគ្គិសនី​ចំនួន​៣០​ភាគរយ​នៃ​អគ្គិសនី​ត្រូវការ​សរុប​។​ទី​៣.​វិនិយោគ​លើ​គម្រោង​ផ្លូវ​ចំនួន​១៦​ខ្សែ​ក្រោម​តម្លៃ​សរុប​១,៦​ប៊ី​លាន​ដុល្លារ​។​ទី​៤.​វិនិយោគ​លើ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នៅក្នុង​ខេត្តសៀមរាប​ដែលមាន​តម្លៃ​៨៨០​លាន​ដុល្លារ​។ ទី​៥ ចិន​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​ប្រមាណ ៣០០,០០០ តោន​ក្នុង​ឆ្នាំ​២០១៨​។​ល​។​

​ចំពោះ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​និង​វិនិយោគិន​ដ៏​ចម្បង​របស់​កម្ពុជា​។​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ​២០១៧ មាន ចំនួន ៥.៥៧៧ លាន​ដុល្លារ​កើនឡើង​ជាង ២១,៧% បើ​ធៀប​នឹង​ឆ្នាំ ២០១៦​។ ក្នុង​ឆ្នាំ ២០១៧​ទំហំ​វិនិយោគ​ចិន​សរុប​នៅ​កម្ពុជា​ឈរ​លំដាប់​លេខ ១ ធៀប​នឹង​ទំហំ​វិនិយោគទុន​ពី​ប្រទេស​ដទៃទៀត​ដែលមាន​ទំហំ​សរុប​ប្រមាណ​១.៦៤៤ លាន​ដុល្លារ​។ លើសពីនេះ ប្រទេស​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កើន​ឡើងដល់​៦.០០០​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០​។​ចំពោះ​វិស័យ​ទេសចរណ៍​មាន​ក្រុមហ៊ុន​ឤ​កាស​ចរណ៍​ចំនួន ១៥ កំពុង​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ទៀងទាត់ រវាង កម្ពុជា និង​ចិន​។​. នៅ​ឆ្នាំ ២០១៧ ទេសចរ​ចិន​មាន​ប្រមាណ ១,២ លាន​នាក់ ។ គិត​ត្រឹម​ត្រីមាស​ទី ១ ឆ្នាំ ២០១៨ នេះ​កម្ពុជា​បានទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ១,៧ លាន​នាក់​ដែល​ក្នុងនោះ​ទេសចរ ចិន​មាន​ចំនួន​ជាង ៥០ ម៉ឺន​នាក់​។​

​មកដល់ពេលនេះ កម្ពុជា​បាននិងកំពុង​អនុវត្ត​នូវ​គោល​យោ​បាយ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​មួយ​នេះ​យ៉ាង​ពេញលេញ​ស្របតាម​នូវ​អ្វីដែល​ប្រទេស​ចិន​បាន​ចុះហត្ថលេខា​ផ្តល់ជំនួយ​ជា​បន្តបន្ទាប់​ជាច្រើន​ពាន់​លាន​ដុល្លារ​មក​កម្ពុជា​សម្រាប់​អភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នានា​ក្នុងប្រទេស​។​



​ជាមួយ​ឱកាស​ប្រកបដោយ​សក្តានុពល​នេះ​កម្ពុជា​ក៏បាន​ពង្រឹង​ខ្លួនឯង​ដើម្បី​ទទួលយក​ផល​ប្រ​យោជន៍​ពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​របស់លោក​ប្រធានាធិបតី​ចិន ។ ជា​វិធានការ​គោលនយោបាយ​ជាក់ស្តែង​សម្រាប់​គាំទ្រ​ចក្ខុ​វិស័យនេះ​, រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​និង​កំពុង​ជំរុញ​អនុវត្ត​យ៉ាងសកម្ម​នូវ «​គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម ២០១៥-២០២៥»​ដែលជា «​យុទ្ធសាស្ត្រ​កំណើន​ថ្មី​»​ឬ ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​កសាង​មូលដ្ឋាន​ផលិតកម្ម​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ជាង​មុន ហើយ​មាន​លក្ខណៈ​សមាហរណកម្ម​ជាមួយនឹង​ខ្សែចង្វាក់​តម្លៃ​ក្នុង​តំបន់ និង លើ​សកលលោក​។ ច្បាស់​ណាស់​ថា ការទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស គឺជា​ចំណុច​គន្លឹះ​នៃ​គោលនយោបាយ​នេះ ដោយ​ក្នុងនេះ​យើង​បាន​ផ្តោត​ឤ​ទិ​ភាព​ទៅលើ​វិស័យ​សំខាន់ៗ​មួយចំនួន មាន​៖ ទី​១-​ឧស្សាហកម្ម​កម្មន្តសាល​ថ្មីៗ​សម្រាប់​បើក​ច្រកចូល ទីផ្សារ​ដែល​ផ្តល់​តម្លៃបន្ថែម​ខ្ពស់ ព្រមទាំង​មាន​ភាព​ច្នៃប្រឌិត និង​ការប្រកួតប្រជែង​ខ្ពស់​; ទី​២-​សហគ្រាស ធុន​តូច និង​មធ្យម ពិសេស ក្នុង​វិស័យ​នៃ​ការផលិត​ឱសថ និង​បរិក្ខារ​ពេទ្យ​, សម្ភារៈ​សំណង់​, សម្ភារៈ​បម្រើការ​វេច​ខ្ចប់​នាំចេញ​, គ្រឿងសង្ហារិម និង​ឧបករណ៍​សម្ភារៈ​បម្រើឱ្យ​ឧស្សាហកម្ម និង​ក​សិ​-​ឧស្សាហកម្ម ដែល​បម្រើឱ្យ​ការនាំចេញ និង​ទីផ្សារ​ក្នុងស្រុក​; ទី​៣-​ប្រភេទ​ឧស្សាហកម្ម​គាំទ្រ​ដល់​កសិកម្ម​, ទេសចរណ៍ និង​វាយនភ័ណ្ឌ ក៏ដូចជា​បម្រើឱ្យ​ខ្សែចង្វាក់​ផលិតកម្ម​តំបន់ និង​ខ្សែចង្វាក់​តម្លៃ​ពិភពលោក ទាំង​ក្នុង​ទម្រង់​ជា​ឧស្សាហកម្ម​អនុគមន៍ និង​ឧស្សាហកម្ម​ប្រតិគ​មន៍​; ទី​៤-​ប្រភេទ​ឧស្សាហកម្ម​បម្រើឱ្យ​ខ្សែចង្វាក់​ផលិតកម្ម​តំបន់​ដែលមាន​ចរិត​ជា​យុទ្ធសាស្ត្រ ដូចជា បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​, ថាមពល​, ឧស្សាហកម្ម​ធុន​ធ្ងន់​, សិប្បកម្ម​វប្បធម៌​, ប្រវត្តិសាស្ត្រ​ប្រពៃណី និង​បច្ចេកវិទ្យា​បៃតង ឲ្យ​មក​ចូលក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា​ជាពិសេស​នៅក្នុង​ខេត្ត​ព្រះសីហនុ​ដែល​រាជរដ្ឋាភិបាល​មានបំណង​យក​ខេត្ត​មួយ​នេះ​ទាំង​មូលមក​ធ្វើជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង សម្រាប់​បំរើ​ដល់​ការនាំចេញ​ទៅកាន់​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​ទៅ​បណ្តា​ប្រទេស​លើ​ពិភពលោក​ដែល​ផ្តល់​ភាពអនុគ្រោះ​ពន្ធគយ​សូន្យ​ភាគរយ​និង​មិន​កំរិត​កំណត់​បរិមាណ​ទំនិញ​នាំ​ចូលទៅ​ប្រទេស​គេ​(Duty-free, Quota-free Access)​។​

​ ​រដ្ឋាភិបាល​កម្ពុជា​-​ចិន បាន​ខិតខំ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដល់​កម្រិត​កំពូល​មួយ គឺ «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» ចាប់ពី​ចុងឆ្នាំ​២០១០​មក​។ ក្រោម «​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​»​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កំពុងតែ​ត្រូវបាន​ពង្រីក​យ៉ាង​លឿន​ថែមទៀត​លើ​វិស័យ​សំខាន់ៗ​មួយចំនួន​ជា​ប្រយោជន៍​ដល់​ការកែលម្អ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​រួមមាន ការពង្រឹង​ផលិតភាព​សេដ្ឋកិច្ច​,​ការបង្កើន​ពាណិជ្ជកម្ម ព្រមទាំង​ការលើកស្ទួយ​ឧស្សាហកម្ម​,​ទេសចរណ៍​, ការវិនិយោគ និង​កសិកម្ម​។ លើ​មូលដ្ឋាន​នេះ​,​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​យ៉ាងសកម្ម​ក្នុង​យន្តការ​សហប្រតិបត្តិកា​រទាំង​ឡាយ​នៃ​«​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​»​ដើម្បី​វឌ្ឍនភាព​និង​ការរីកចម្រើន​រួម​នៃ​តំបន់​និង​សកលលោក​។​

​កម្ពុជា​បាន​គាំទ្រ​ពេញទំហឹង​ចំពោះ​គំនិត​ផ្តួចផ្តើម​និង​គម្រោង​ទាំងឡាយ​ដែល​លោក​ប្រធានាធិបតី​ចិន​បានលើកឡើង​។ ចិន​បាននិងកំពុង​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ដំណើរការ​សេដ្ឋកិច្ច​,​ពាណិជ្ជកម្ម​, និង​នយោបាយ​ពិភពលោក​ជាពិសេស​ក្នុងការ​ជំរុញ​សេរី​ភាវ​បូ​នីយកម្ម​ពាណិជ្ជកម្ម​អន្តរជាតិ​,​សមាហរណកម្ម​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន​,​ដែល​បានរួម​ចំណែក​ដល់​ការបន្ត​លើកស្ទួយ​សកលភាវូបនីយកម្ម និង​ការកសាង​និម្មាបនកម្ម​សេដ្ឋកិច្ចពិភពលោក​ថ្មី​៕