ព័ត៍មានទាន់​ហេតុការណ៏
Search

កសិករ​ចាប់ផ្ដើម​សម្រុក​ដាំ​ដំឡូង​មី​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ បើទោះបី​អាកាសធាតុ​ក្តៅ​ខ្លាំង

​ព្រះវិហារ​ ៖ ប្រជាកសិករ​ព្រួយបារម្ភ​ចំពោះ​ការ​ដាំដុះ​ដំណាំ​ដំឡូង​មី​នៅ​ដើម​រដូវ​វស្សា​ខាងមុខ​នេះ​ព្រោះ​តាម​ការរំពឹងទុក​ទឹកភ្លៀង​ អាច​នឹងមិន​គ្រប់គ្រាន់​បណ្តាល​មកពី​ការប្រែប្រួល​អាកាសធាតុ​មាន​សីតុណ្ហភាព​ក្តៅ​ខ្លាំង​។​

កសិករ​ប្រកប​របរ​ដាំ​ដុះ​ដំឡូង​មី​នៅ​ដើម​រដូវ​វស្សា​ខាងមុខ​នេះ ពួកគេ​កំពុង​ព្រួយបារម្ភ ចំពោះ​ការ​លូតលាស់​ដំណាំ ក្រោយពេល​ពួកគេ​បាន​ដាំ​ដុះ ជា​បណ្តើរៗ ប៉ុន្តែ​ទឹកភ្លៀង មិនទាន់បាន​ធ្លាក់​គ្រប់គ្រាន់​នៅឡើយ ធ្វើ​ឲ្យ​ដំណាំ​ដំឡូង​មី មិនសូវ​បានល្អ។

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ខេត្ត​ព្រះវិហារ ទទួលបាន​ទឹកភ្លៀង​មកដល់​ខែមេសា នេះ ប្រមាណ​ជា​១០០​មិល្លីម៉ែត្រ​ប៉ុណ្ណោះ​ ដែល​កម្រិត​នេះ មិនទាន់​ល្អ​សម្រាប់​ដំណាំ​ដំឡូង​មី ឬ​ដំណាំ​សណ្ដែកបាយ​ឡើយ ព្រោះ​សំណើម​ដី​ក៏​មិន​ទាន់​គ្រប់គ្រាន់។

លោក​បន្តថា​ ប្រសិនបើ​កសិករ ចាប់ផ្តើម​ដាំ​ដុះ​ពី​ពេលនេះ​ទៅ បារម្ភ​នៅ​រយៈពេល​២​ ឬ​៣​សប្ដាហ៍​ខាង​មុខនេះ​មិនមាន​ភ្លៀង​ធ្លាក់ អាចធ្វើ​ឲ្យ​ដំណាំ​នេះ​ងាប់​ទៅវិញ។ លោក​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជា​កសិករ​ទាំងអស់​​រង់ចាំ​ធ្លាក់​ភ្លៀង​ឲ្យ​បាន​សើម​ដី​ល្អ​បន្តិច​សិន ទើប​ចាប់ផ្ដើម​ដាំ​ដំណាំ​នេះ ព្រោះ​វា​អាច​ឲ្យ ដំឡូង​មី ឬ​សណ្តែក​បាយ​លូតលាស់​បានល្អ។

យោងតាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ ក្នុង​ឆ្នាំ​២០១៩​នេះ​បង្ហាញថា ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី នៅ​ទូទាំង​៨​ក្រុង​ស្រុក នៃ​ខេត្តព្រះវិហារ មាន​ប្រមាណ​២​ម៉ឺន​ហិក​តា បើ​ធៀប​នឹង​ឆ្នាំមុន​កើនឡើង​បន្តិច៕