ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងជើង​ទាមទារ​ឲ្យ​សហរដ្ឋអាមេរិក​បង់ថ្លៃ​សម្រាប់​ការ​ព្យាបាល​លោក​Warmbier

របាយការណ៍​មួយ​ បានបង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​កូរ៉េខាងជើង​ បាន​ទាមទា​រ​ឲ្យ​សហរដ្ឋអាមេរិក​បង់​ប្រាក់​ចំនួន​២​លាន​ដុល្លារ​សម្រាប់​ថ្លៃ​ព្យាបាល​និស្សិត​អាមេរិក​ម្នាក់​ឈ្មោះ Otto Warmbier ដែល​សន្លប់​បាត់ស្មារតី ​បន្ទាប់ពី​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​នៅក្នុង​ប្រទេស​ផ្តាច់ការ​មួយ​នេះ។

កាសែត Washington Post បាន​ដកស្រង់​ប្រភព​មិន​បញ្ចេញ​អត្តសញ្ញាណ​មួយ​ដែល​និយាយថា មន្ត្រី​អាមេរិក​ម្នាក់​បាន​ចុះហត្ថលេខា​លើ​ការសន្យា​មួយ​ដើម្បី​បង់ថ្លៃ​វិក័យប័ត្រ​សម្រាប់​ការចំណាយ​ព្យាបាល​មុនពេល​ត្រូវបាន​អនុញ្ញាត​ឲ្យ​នាំ​លោក Warmbier ត្រលប់​ទៅផ្ទះ​ពី​ទីក្រុង​ព្យុងយ៉ាង​នៅក្នុង​ឆ្នាំ​២០១៧​។​

យោងតាម​របាយការណ៍​របស់ Washington Post បាន​ឲ្យ​ដឹងថា បេសកជន​រូបនេះ​បាន​ចុះហត្ថលេខា​លើ​ការសន្យា​ចំពោះ​ការបង្គាប់បញ្ជា​ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​
​កាសែត​នេះ​បាន​រាយការណ៍​ថា វិក្កយបត្រ​នេះ​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ក្រសួង​រតនាគារ​ដែល​វា​នៅតែ​មិន​ទទួលបាន​ការបង់ប្រាក់​នៅក្នុង​ឆ្នាំ​២០១៧​។ វា​មិន​ច្បាស់​ទេ​ថា​តើ​ក្រោយមក រដ្ឋបាល​របស់លោក Trump បាន​បង់លុយ​វិក័យប័ត្រ​នោះដែរ​ឬ​អត់​ឬថា​តើ​វា​បាន​កើតឡើង​ក្នុងអំឡុងពេល​នៃ​ការរៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​របស់លោក ត្រាំ ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ឬក៏​យ៉ាងណា​។​

លោក Warmbier ដែលជា​និស្សិត​សាកលវិទ្យាល័យ​រដ្ឋ Virginia ត្រូវ​ដាក់គុក​បន្ទាប់ពី​រង​ការចោទប្រកាន់ថា​បាន​លួច​ផ្ទាំង​ផ្សព្វផ្សាយ​នៅក្នុង​សណ្ឋាគារ​របស់គាត់​អំឡុងពេល​ធ្វើដំណើរ​ទេស​ចរណ៍​នៅ​ប្រទេស​កូរ៉េខាងជើង​។​

គាត់​បាន​សន្លប់​បន្ទាប់​ពី​រង​ការធ្វើ​ទារុណកម្ម​នៅក្នុង​គុក​ហើយ​បាន​ស្លាប់​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​វិល​ត្រលប់មក​សហរដ្ឋអាមេរិក​វិញ​។​

លោក ត្រាំ បាន​យក​ការផ្សះផ្សារ​ជាមួយ​ប្រទេស​កូរ៉េខាងជើង​ធ្វើជា​គោលនយោបាយ​មួយ​ក្នុង​គោលនយោបាយ​របស់លោក​ហើយ​លោក​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ពីរលើក​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​។​

នៅឯ​កិច្ចប្រជុំ​ចុងក្រោយ​របស់​អ្នក​ទាំងពីរ​ក្នុង​ទីក្រុង​ហាណូយ​កាលពី​ខែកុម្ភៈ លោក​ត្រាំ​បាន​និយាយថា លោក​ទទួលយក​ការអះអាង​របស់លោក​គីម​មិន​ឲ្យ​ដឹងឮ​ពីអ្វី​ដែល​បាន​កើតឡើង​ចំពោះ​លោក Warmbier នៅក្នុង​គុក​ថ្វីបើ​ករណីនេះ​មាន​លក្ខណៈ​ខុសប្លែក​ពី​ធម្មតា​ក៏ដោយ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114