ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ុយ​ក្រែ​ន​ស្វែងរក​វិធានការ​របស់​ UN រឿង​លិខិតឆ្លងដែន​រុស្ស៊ី

ប្រទេស​អ៊ុយ​ក្រែ​ន​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​អំពាវនាវ​ដល់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ឲ្យ​ចាត់វិធានការ​ប្រឆាំង​នឹង​ការសម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី Vladimir Putin ក្នុង​ការផ្តល់​លិខិតឆ្លងដែន​រុស្ស៊ី​ទៅ​ឲ្យ​ជនជាតិ​អ៊ុយ​ក្រែ​ន​ដែល​កំពុង​រស់នៅ​តំបន់​ភាគ​ខាងកើត​ដែល​គ្រប់គ្រង​ដោយ​ក្រុម​បំបែក​ខ្លួន​គាំទ្រ​ក្រុង​មូស្គូ។

លោក Putin បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​នៅ​តំបន់ Donetsk និង Lugansk អាចដាក់​ពាក្យស្នើសុំ​សញ្ជាតិ​រុស្ស៊ី​ក្រោម​ដំណើរការ​ដ៏​លឿន​មួយ​ដែល​នឹង​ផ្តល់​លិខិតឆ្លងដែន​ក្នុង​រយៈពេល​បី​ខែ​។​

ការសម្រេចចិត្ត​នេះ​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​របស់លោក Volodymyr Zelensky ដែល​បាន​អំពាវនាវ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​ជា​អន្តរជាតិ​បន្ថែមទៀត​ប្រឆាំងនឹង​រុស្ស៊ី​អំពី​ការសម្រេចចិត្ត​នេះ​។​

ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​លោក Volodymyr Yelchenko បាន​ប្រាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​មួយ​ថា អនុក្រឹត្យ​នេះ​មាន​លក្ខណៈខុស​ច្បាប់​ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​សកម្មភាព​ពិតប្រាកដ​បើទោះបីជា​ប្រទេស​រុស្ស៊ី​ទំនងជា​នឹង​វេតូ​ឬ​រារាំង​វិធាន​ការដែល​ប្រឆាំងនឹង​អនុក្រឹត្យ​នេះ​ក៏ដោយ​។​

លោក​បាន​និយាយថា សិទ្ធិ​ចូលសញ្ជាតិ​របស់​រុស្ស៊ី​ចំពោះ​ប្រជាជន​អ៊ុយ​ក្រែ​ន​គឺ​ស្មើនឹង​ការ​កាត់​យក​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​និង​ពង្រឹង​ការត្រួតត្រា​របស់​រុស្ស៊ី​ទាំងមូល​លើទឹក​ដី​ដែល​កាន់កាប់​។​

លោក Yelchenko បាន​និយាយថា “​ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្រុមប្រឹក្សា​នេះ​ឲ្យ​ការពារ​ស្ថានការណ៍​ដ៏​អាក្រក់​បំផុត​រួច​ថ្កោលទោស​ចំពោះ​សកម្មភាព​បំផ្លិចបំផ្លាញ​និង​ខុសច្បាប់​របស់​អាជ្ញាធរ​រុស្ស៊ី​ហើយ​ត្រូវ​ស្ដារឡើងវិញ​នូវ​ការគោរព​ចំពោះ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ មហាអំណាច​លោកខាងលិច​បានចាត់ទុក​ជ័យជម្នះ​នៃ​ការបោះឆ្នោត​របស់លោក Zelensky ថា​ជា​ឱកាស​មួយ​ដើម្បី​ចាប់ផ្តើម​ឡើងវិញ​នូវ​កិច្ចចរចា​ជាមួយ​ក្រុង​មូ​ស្គូ​ស្តីពី​ការបញ្ចប់​ជម្លោះ​រយៈពេល​ប្រាំ​ឆ្នាំ​ដែល​បានធ្វើ​ឲ្យ​មនុស្ស​១៣,០០០​នាក់​ស្លាប់​។​

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​លោក Christoph Heusgen បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ថា “​ឥឡូវនេះ យើង​គិតថា ការ​សង្កត់ធ្ងន់​គួរតែ​ស្ថិត​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ជាថ្មី​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង Minsk និង​ដើម្បី​នាំ​សន្តិភាព​ដល់​ប្រជាជន​ដែល​រងគ្រោះ​នៅក្រោម​វិបត្តិ​នេះ​”​។​

កិច្ចព្រមព្រៀង​ទីក្រុង Minsk ដែល​ត្រូវបាន​ដឹកនាំ​ដោយ​ប្រទេស​អាល្លឺម៉ង់​និង​បារាំង​ក្នុង​ឆ្នាំ​២០១៥​គឺ​នឹងត្រូវ​នាំទៅរក​ដំណោះស្រាយ​នយោបាយ​មួយ​ប៉ុន្តែ​វា​បាន​ផ្អាក​ស្របពេល​មានការ​ចោទប្រកាន់​ពី​ភាគី​ទាំងពីរ​ថា​មិនបាន​បំពេញ​តាម​ការសន្យា​៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114