ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​ចេញ​ដីកាចាប់ខ្លួន​មេដឹកនាំ​នៃ​ការ​វាយឆ្មក់​ស្ថានទូត​កូរ៉េខាងជើង​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ​

យោង​តាម​ដីកាចាប់ខ្លួន​សហព័ន្ធ​មួយ​កាលពី​ថ្ងៃ​សុក្រ​បាន​បង្ហាញថា អាជ្ញាធរ​អាមេរិក​កំពុង​ផ្តោត​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ភាគខាងត្បូង​ក្នុង​ការតាមប្រមាញ់​អតីត​សកម្មជន​សិ​ទិ្ធ​មនុស្ស​ម្នាក់​ដែល​ត្រូវបាន​គេ​ចោទប្រកាន់ថា​ដឹកនាំ​អំពើហិង្សា​ក្នុង​ស្ថានទូត​កូរ៉េខាងជើង​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។​

លោក​Adrian Hong Chang កំពុង​តាម​ចាប់​ដោយ​ប្រទេស​អេ​ស្ប៉ា​ញ​ពាក់ព័ន្ធ​ការ​វាយឆ្មក់​ស្ថានទូត​កាលពី​ខែកុម្ភៈ​ប៉ុន្តែ​មេធាវី​របស់គាត់​បានធ្វើ​ការរិះគន់​ក្រសួងយុត្តិធម៌​អាមេរិក​សម្រាប់​ការស្វែងរក​ការចាប់ខ្លួន​គាត់​និង​ធ្វើ​បត្យាប័ន​ដោយ​ផ្អែកលើ​ការអះអាង​មិនគួរ​ឲ្យ​ទុកចិត្តបាន​ពី​សាក្សី​របស់​រដ្ឋាភិបាល​កូរ៉េខាងជើង​។​

ដោយ​ដកស្រង់​ព័ត៌មាន​ពី​អាជ្ញាធរ​អេ​ស្ប៉ា​ញ ដីកា​នេះ​បានចាត់ទុក​លោក Hong Chang ថា​ជា​មេក្លោង​នៃ​ការ​វាយឆ្មក់​មួយ​ដោយ​បុគ្គល​ចំនួន​ប្រាំពីរ​នាក់​នៅ​ស្ថានទូត​កូរ៉េខាងជើង​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ​កាលពី​ថ្ងៃទី​២២​ខែកុម្ភៈ​ដែល​បានចាប់ផ្តើម​ឡើងជា​មួយ​លោក Hong Chang ដែល​តាំងខ្លួន​ធ្វើជា​អ្នកជំនួញ​ម្នាក់​។​

បន្ទាប់មក គាត់​និង​អ្នក​វាយលុក​ប្រាំមួយ​នាក់​ដែល​ប្រដាប់​ដោយ​កាំបិត ដែក និង​កាំភ្លើងខ្លី​ក្លែងក្លាយ​បាន​សម្រុកចូល​ស្ថានទូត​ដោយ​ឃាត់ខ្លួន​និង​វាយ​ធ្វើបាប​ភារធារី​និង​បុគ្គលិក​ផ្សេងទៀត​ជាច្រើន​នាក់​ហើយ​បាន​ឃុំឃាំង​ពួកគេ​ធ្វើជា​ចំណាប់ខ្មាំង​រយៈពេល​ជាច្រើន​ម៉ោង​មុនពេល​ភៀសខ្លួន​ចេញពី​បរិវេណ​នោះ​។​

ដីកា​បាន​និយាយថា ពួកគេ​បាន​នាំយក​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​និង​ទូរស័ព្ទដៃ​ដែល​លួចបាន​ពី​ស្ថានទូត​ដែល​លោក Hong Chang ឬ​ត្រូវបាន​គេ​ស្គាល់​ថា Adrian Hong បានបង្ហាញ​ទៅ FBI ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​ប៉ុន្មាន​ថ្ងៃក្រោយ​បន្ទាប់ពី​បាន​រត់គេចខ្លួន​ត្រលប់​ទៅ​សហរដ្ឋអាមេរិក​វិញ​។​

ឧបទ្ទវហេតុ​នៅ​ស្ថានទូត​បានកើត​ឡើង​ចំពេល​ដ៏​រសើប​ពោលគឺ​ប៉ុន្មាន​ថ្ងៃមុន​ជំនួប​កំពូល​លើក​ទី​ពីរ​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​។ កិច្ចប្រជុំ​នោះបាន​ដួលរលំ​ភ្លាមៗ​ដោយ​អ្នក​ទាំងពីរ​មិនបាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ឡើយ​។​

ក្រសួងការបរទេស​កូរ៉េខាងជើង​បានប្រកាស​ថ្កោលទោស​ឧបទ្ទវហេតុ​នោះ​ថា​ជា “​ការវាយប្រហារ​ភេរវកម្ម​ដ៏​ធ្ងន់ធ្ងរ​” ហើយ​បានលើកឡើង​ពាក្យ​ច​ចាម​អារាម​ដែលថា FBI មាន​ចំណែក​នៅ​ពីក្រោយ​ការ​វាយឆ្មក់​នេះ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​រឿងនេះ​ទេ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114