ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រើ​ដាវ​កាប់​ជនជាតិ​ឥណ្ឌា​ឲ្យ​របួស ​ប្លន់​យក​កាបូប​លុយ​ តែ​គេច​មិន​រួច​

ភ្នំពេញ​ ៖ ​មុខសញ្ញា​ជំនាញ​ខាង​លួច​ ឆក់ ​និង​ប្លន់​ជនបរទេស​ម្នាក់ ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​កណ្តាល​១ ​នៃ​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​ឃាត់ខ្លួន​ទាន់​ពេល ​ខណៈដែល​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​កាបូប​លុយ​របស់​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​បានសម្រេច​ហើយ​ តែ​រត់​មិន​រួច​។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ​ការបង្ក្រាប​ជាក់ស្តែង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រើ​អំពើ​ហិង្សា​(​យក​ដាវ​កែច្នៃ​កាប់​គំរាម​ប្លន់​យក​កាបូបស្ពាយ​)​នោះ ​នៅ​ថ្ងៃ​សៅរ៍ ​៨​កើត​ ខែចេត្រ​ ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃទី​២៧ ​ខែ​មេសា ​ឆ្នាំ​២០១៩​ វេលា​ម៉ោង​២០​និង​៤៥​នាទី ​ដែល​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារកណ្តាល​ទី​១ ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ ​បានធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​០១​នាក់ ​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ ប្រើ​អំពើ​ហិង្សា​(​ប្រើ​ដាវ​កែច្នៃ​គំរាម​ប្លន់​យក​កាបូប​ស្ពាយ​) នៅ​ចំណុច​លើ​ថ្មម៉ាប ​មាត់ទន្លេ ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ភូមិ​ទី​០៣ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​បាន​បន្ត​ថា ​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន ​ឈ្មោះ សៀង គឹម​ហៀ​ង ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ​ ​ ត្រូវបាន​ដកហូត​វត្ថុតាង​រួមមាន​កាបូបស្ពាយ​ពណ៌​ត្នោត​មួយ​ ក្នុងនោះ​មាន​លុយ​ដុល្លារ​ចំនួន​៥ដុល្លារ លិខិតឆ្លងដែន​ចំនួន​០២​ក្បាល​ដែល​មាន​លេខ​(៥៣៣៧៤៦១៤៩#៨២៨២៦៧៨)(​បាន​ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ​)​។​

​ជនរងគ្រោះ ឈ្មោះ​Kamath subash Ravalnath ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ ជនជាតិ​ឥណ្ឌា​ កាន់​លិខិត​ឆ្លង​ដែន​លេខ​J៦១០៥២៨១​ មុខរបរ​ទេសចរណ៍ ​ស្នាក់នៅ​Hotel Hamani ​បន្ទប់​លេខ​៩០៨ ​ជាន់​មាន​ទីតាំង​ផ្ទះ​លេខ​២៥ ​ផ្លូវ​លេខ​១៤៨ ​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ​ខណ្ឌ​ដូនពេញ​។​

​សមត្ថកិច្ច​បន្ត​ថា ​ដំណើររឿង​ហេតុ​នោះ ​គឺ​នៅ​ថ្ងៃទី​២៧ ខែ​មេសា ​ឆ្នាំ​២០១៩ ​វេលា​ម៉ោង​២០​និង​៤៥​នាទី ​មុន​ពេល​កើតហេតុ​ ជនរងគ្រោះ​បាន​ទៅ​អង្គុយលេង​លើ​ថ្មម៉ាប ​មាត់ទន្លេ​ ដោយ​កាន់​កាបូប​ស្ពាយ​ពណ៌​ត្នោត ​ដាក់​លើ​ភ្លៅ​ខាងឆ្វេង ពេលនោះ​ស្រាប់​តែ​មាន​ជនសង្ស័យ​ចំនួន​០១​នាក់​ ដើរមក​ក្បែរ​ពីក្រោយ​ជនរងគ្រោះ ​ហើយ​ជនសង្ស័យ ​ធ្វើ​សកម្មភាព​លួច​យក​កាបូបស្ពាយ​ពី​ដៃ​ជនរងគ្រោះ​បាន​សម្រេច​រត់គេចខ្លួន ពេលនោះ​ ជនរងគ្រោះ ​ក៏បាន​រត់តាម​ស្រែក​ឆោឡោ​ដេញ​តាម​ជនសង្ស័យ​ពី​ក្រោយ។ ពេល​នោះដែរ​ ជនសង្ស័យ​បាន​យក​ដាវ​កែច្នៃ​កាប់​ទៅលើ​ជនរងគ្រោះ​បណ្តាលឲ្យ​រងរបួស ភ្លាមៗនោះ​ កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​កណ្តាល​ទី​១ ​ដែល​កំពុង​ល្បាត​ឃើញ​ បាន​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង​កាបូបស្ពាយ​របស់​ជនរ​ង​គ្រោះ​ និង​ដាវ​កែច្នៃ​របស់​ជនសង្ស័យ​យក​មក​ទីស្នាក់ការ​ប៉ុស្តិ៍​ផ្សារ​កណ្តាល​ទី​១ ​ធ្វើការ​សាកសួរ។​

ចំពោះ​មុខ​ កម្លាំង​ខណ្ឌ​ប៉ុស្តិ៍​ កំពុង​ប្រើ​វិធាន​ការ​ជំនាញ​ស្រាវជ្រាវ​រក​បក្ខពួក ​និង​សកម្មភាព​បាន​ប្រព្រឹត្ត​កន្លងមក ​និង​បាន​កសាង​សំណុំរឿង​តាម​នីតិ​វិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114