ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Putin ស្វាគមន៍​គំនិត​នៃ “​ភាពជា​ពលរដ្ឋ​រួម​” សម្រាប់​ជនជាតិ​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រជាជន​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​គឺជា​ប្រជាជន​តែមួយ​ហើយនឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ភាពជា​ពលរដ្ឋ​រួម​។ លោក​បានលើកឡើង​បែបនេះ​បន្ទាប់ពី​លោក​បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​គៀវ​មានការ​ខឹងសម្បា​ដោយសារតែ​ការផ្តល់ជូន​លិខិតឆ្លងដែន​រុស្ស៊ី​សម្រាប់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​។​

លោក Putin បាន​និយាយថា “​ខ្ញុំ​បាន​និយាយ​ច្រើនលើកច្រើនសារ​មកហើយ​ថា អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​គឺជា​ប្រទេស​បងប្អូន​គ្នា​។ ជាងនេះទៅទៀត ខ្ញុំ​ជឿជាក់ថា ពួកគេ​គឺជា​ប្រជាជន​តែមួយ​ដែលមាន​វប្បធម៌ ភាសា​និង​ប្រវត្តិសាស្ត្រ​ខុសៗ​គ្នា​”​។​

លោក​បន្តថា “​ប្រសិនបើ​អ៊ុយ​ក្រែ​ន​ផ្តល់​លិខិតឆ្លងដែន​ទៅ​ឲ្យ​ជនជាតិ​រុស្ស៊ី​ហើយ​យើង​នៅ​រុស្ស៊ី​ផ្តល់​លិខិតឆ្លងដែន​និង​សញ្ជាតិ​ទៅ​ឲ្យ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន មិនយូរ​មិនឆាប់​យើង​ប្រាកដ​ជាមាន​លទ្ធផល​ដែល​អាច​ទស្សន៍ទាយ​បាន​។ មនុស្ស​គ្រប់រូប​នឹងមាន​សញ្ជាតិ​រួម​”​។​

ក្រុម​អ្នក​អង្កេត​កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់​នូវ​សញ្ញា​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​បន្ទាប់ពី​តារា​កំប្លែង​ដែល​គ្មាន​បទពិសោធ​នយោបាយ​ឈ្មោះ Volodymyr Zelensky បានទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ប្រទេស​អ៊ុយ​ក្រែ​ន​នៅក្នុង​ខែ​នេះ​។​

ទោះបីជា​យ៉ាងណាក៏ដោយ វិមាន​ក្រឹម​ឡាំង​មិនបាន​អបអរ​សារ​ទរ​លោក Zelensky ទេ​ហើយ​នៅក្នុង​សេចក្តីប្រកាស​លើកដំបូង​បន្ទាប់ពី​ការបោះឆ្នោត លោក Putin បាន​និយាយថា ទីក្រុង​មូ​ស្គូ​កំពុង​គិត​ចង់​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​សម្រាប់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ទាំងអស់​ដើម្បី​ទទួលបាន​សញ្ជាតិ​រុស្ស៊ី​។​

កាលពី​សប្តាហ៍​មុន លោក Putin បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​ដែល​កំពុង​រស់នៅក្នុង​តំបន់​បំបែក​ខ្លួន​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន​ទទួលបាន​លិខិតឆ្លងដែន​រុស្ស៊ី​ក្នុង​រយៈពេល​បី​ខែ​បន្ទាប់ពី​ការដាក់​ពាក្យស្នើសុំ។

ទីក្រុង​គៀវ​និង​ប្រទេស​លោកខាងលិច​បាន​ថ្កោលទោស​ចំពោះ​អនុក្រឹត្យ​នេះ​ដោយ​និយាយថា លោក Putin កំពុង​ស្វែងរក​ការធ្វើ​ឲ្យ​មាន​អស្ថិរភាព​បន្ថែមទៀត​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ខណៈ​ក្រុម​អ្នក​រិះគន់​ក្នុងប្រទេស​បាន​និយាយថា វិធានការ​នេះ​នឹង​ក្លាយជា​បន្ទុក​ដ៏​ចម្បង​មួយ​សម្រាប់​សេដ្ឋកិច្ច​រុស្ស៊ី​ដែល​កំពុង​យ៉ាប់យ៉ឺន​រួចទៅហើយ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114