ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ UN លើកឡើង​អំពី​បញ្ហា​របស់​ជនជាតិ​អ៊ុយ​ហ្គ័​រ​ក្នុង​តំបន់​ស៊ី​ង​ជាំ​ង​អំឡុង​ដំណើរ​ទស្សនកិច្ច​ប្រទេស​ចិន

អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អគ្គលេខាធិការ UN លោក Antonio Guterres បានលើកឡើង​ពី​ស្ថានភាព​របស់​ប្រជាជន​មូស្លីម​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង​ប្រទេស​ចិន​ក្នុងអំឡុង​ពេលធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ប៉េកាំង​កាលពី​សប្តាហ៍​មុន​។​

ប្រទេស​ចិន​បាន​ប្រឈមមុខ​នឹង​ការ​ថ្កោលទោស​ពី​អន្តរជាតិ​ចំពោះ​អ្វីដែល​ខ្លួន​ហៅថា​ជា​មណ្ឌល​អប់រំ​និង​បណ្តុះបណ្តាល​នៅ​តំបន់​ភាគ​ខាងលិច​ដាច់ស្រយាល​។​

ក្រុម​សកម្មជន​និយាយថា ពួកគេ​គឺជា​ជំរំ​ឃុំឃាំង​ដ៏​ធំ​ដែល​ផ្ទុក​ជនជាតិ​អ៊ុយ​ហ្គ័​រ​និង​ជន​មូស្លីម​ដទៃទៀត​ជាង​១​លាន​នាក់​។​

ប្រទេស​ចិន​ដែល​បានបង្ហាញ​មណ្ឌល​អប់រំ​របស់ខ្លួន​នេះ​ទៅដល់​អ្នកការទូត​បាន​ប្រាប់​ពួកគេ​ថា “​ការអធិប្បាយ​មិន​សម​ហេតុផល​ពី​ពួក​ជ្រុលនិយម​ឥស្លាម​នៅ​ទីនោះ​បានធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​ប្រែក្លាយ​ទៅជា​បិសាច​ដ៏​សាហាវឃោរឃៅ​”​។​

លោក Guterres បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping កាលពី​ថ្ងៃ​សុក្រ​ក្នុង​ទីក្រុង​ប៉េកាំង​នៅ​ខាងក្រៅ​សន្និសីទ​កំពូល​មួយ​ស្តីពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​និង​ផ្លូវ​របស់​ចិន​។ ទោះបីជា​យ៉ាងណាក៏ដោយ ប្រភព UN បាន​និយាយថា លោក Guterres បានលើកឡើង​ពី​ស្ថានភាព​នៅ​តំបន់​ស៊ីន​ជាំ​ង​អំឡុង​កិច្ចប្រជុំ​ដាច់ដោយឡែក​មួយ​ជាមួយ​អ្នកការទូត​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ចិន​គឺ​លោក Wang Yi​។​

អ្នកនាំពាក្យ UN លោក Stephane Dujarric បាន​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃ​ចន្ទ​ថា “​លោក​អគ្គលេខាធិការ​បា​ន​ពិភាក្សា​អំពី​បញ្ហា​ពាក់ព័ន្ធ​ទាំងអស់​ជាមួយ​អាជ្ញាធរ​ចិន​ដែល​រួមទាំង​ស្ថានភាព​នៅ​តំបន់​ស៊ីន​ជាំ​ង​ផងដែរ​។ អ្វីដែល​លោក​អគ្គលេខាធិការ​បាន​ប្រាប់​វាគ្មិន​ចិន​គឺថា លោក​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លោកស្រី Michelle Bachelet”​។​

លោកស្រី Bachelet បាន​ជំរុញ​ម្តង​ហើយ​ម្តងទៀត​ឲ្យ​ប្រទេស​ចិន​អនុញ្ញាត​ឲ្យ​អង្គការសហប្រជាជាតិ​ទទួលបាន​របាយការណ៍​ស៊ើបអង្កេត​អំពី​ការបាត់​ខ្លួន​និង​ការ​ឃុំឃាំង​ដោយ​បំពាន​ជាពិសេស​លើ​ប្រជាជន​មូស្លីម​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង​។​

ប្រទេស​ចិន​ធ្លាប់បាន​និយាយថា ខ្លួន​នឹង​ស្វាគមន៍​មន្ត្រីជាន់ខ្ពស់ UN ប្រសិនបើ​ពួកគេ​ជៀសវាង​ការជ្រៀតជ្រែក​ក្នុង​បញ្ហា​ក្នុងស្រុក​៕ REUTERS


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114