ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ដាក់​ផែនការ​ស្ដារលូ​ឆ្នាំ​២០១៩ ខណៈ​២០១៨ ការស្តារ​លូ​បានសម្រេច​ជោគ​ជ័យ​ គួរ​ជាទី​មោទនៈ​

ភ្នំពេញ​ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ ​ដឹកនាំ​ដោយ​ លោក ​ឃួ​ង ស្រេង ​ជា​អភិបាល បាន​ដាក់​ផែនការ​និង​ជំរុញ​ឲ្យ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ដូចជា ​អាជ្ញាធរ​ខណ្ឌ ធ្វើការ​ស្ដារ លូ ក្នុង​ផែនការ​ឆ្នាំ​២០១៩ បើទោះបី នៅ​ឆ្នាំ​២០១៨ ផែនការ​ស្ដារលូ យើង​ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោទនភាព​ក៏ដោយ​។​

ការដាក់​ផែនការ និង​ជំរុញ​ឲ្យ​មន្ទីរ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើការ​ស្ដារលូ ក្នុង​ផែនការ​ឆ្នាំ​២០១៩​នេះ លោក ​ឃួ​ង ស្រេង​ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​មួយ កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែ​មេសា​ ឆ្នាំ​២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

លោក​ ឃួ​ង​ ស្រេង​ បាន​មានប្រសាសន៍​លើកឡើងថា ការស្ដារ​ប្រឡាយ លូ ត្រូវតែ​ធ្វើឡើង​ដោយ​ប្រទាក់​ក្រឡា​គ្នា​ដើម្បី ឲ្យ​ទឹក​ហូរ​បាន​។ លើ​បញ្ហា​នេះ រដ្ឋបាល​រាជធានី​របស់​យើង​បាន​កសាង​ស្ថានីយ​បូមទឹក​ជាច្រើន​កន្លែង យើង​បានធ្វើការ​ប្រទានកម្ម ដីធ្លី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្ទឹងមានជ័យ ដើម្បី​យើង​អាច​ស្ថាបនា​ប្រឡាយ​រំដោះ​ទឹកស្ទឹង​មានជ័យ បើកមុខ​ទឹក ដោះស្រាយ ការ​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ​ អង្គការ​ចៃ​កា ​ក៏បាន ខិតខំ​ដោះស្រាយ​ជុំវិញ​បញ្ហា​លិចលង់​នេះ​ផងដែរ ដោយ​អង្គការ​ចៃ​ការ​បាន​ធ្វើ​ប្រឡាយ លូ រំដោះ​ទឹក តាំងពី​ជំហាន​ទី១ រហូតដល់​ជំហាន​ទី​៣ ហើយ​ពេល​ថ្មីៗ​នេះ​អង្គការ​ចៃ​កា ក៏បាន​បន្ត ជំហាន​ទី​៤​បន្ថែមទៀត​ ដែល​ពិធី​នោះបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ លោក ​ឃួ​ង ស្រេង​ ក៏បាន​ណែនាំ​ឲ្យ​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្វើ​របាយការណ៍​ ស្ដីពី​ការ​ស្តារ​លូ ប្រឡាយ​នៅ​ក្នុង​ឆ្នាំ​២០១៨ ដោយ​បញ្ជូន​មក​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ដើម្បី​យើង​រៀបចំ​ផែនការ ​នៃ​ការ​ស្តារលូ ប្រឡាយ​នៅក្នុង​ឆ្នាំ​២០១៩ បន្តទៀត ធ្វើយ៉ាង​ណា​អាច​រំដោះ​ទឹក​បានជា​អតិបរមា​។​

សាំ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹងថា ផែនការ​ស្ដារ​លោក​នៅក្នុង​៤​ខណ្ឌ កណ្ដាល​រាជធានី​ភ្នំពេញ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ស្នា​បូម លូ បាន​ប្រវែង​១៤១០៩១​ម៉ែត្រ ក្នុង​នោះ ខណ្ឌ​ដូនពេញ​មាន​ប្រវែង​២៤៣៩០​ម៉ែត្រ ខណ្ឌ​ចំការមន ប្រវែង​២៨០៦៨​ម៉ែត្រ ខណ្ឌ​ទួលគោក ប្រវែង​២៨៨១៩​ម៉ែត្រ និង ​ខណ្ឌ​៧​មករា មាន​ប្រវែង​២០៨១៤​ម៉ែត្រ​។​

លោក សាំ ពិសិដ្ឋ​ បានបញ្ជាក់​ផងដែរ​ថា ក្រោយពី​ការស្ដារ​លូ នៅក្នុង​បួន​ខណ្ឌ មាន​ខណ្ឌ​ចំនួន​ពីរ មិន​ទទួល​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ទៀត​ទេ​។ ​នោះ​គឺ ខណ្ឌ​ចំការមន​ និង​ខណ្ឌ៧​មករា។ ចំណែក​២​ទៀត ខណ្ឌដូនពេញ​ និង​ខណ្ឌទួលគោក​ អាច​ដោះស្រាយ បាន​មួយ​កម្រិត ពិសេស​គឺ​ការ​ដោះស្រាយ​បាន​នៅ​ខាងត្បូង ផ្លូវ​សហព័ន្ធ​រុស្ស៊ី ដោយ​នៅ​ខាងជើង​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី​ មានការ​លិច​លង់​ដោយ​អន្លើ។ ​ចំណែក​នៅ​ខាង​ខណ្ឌដូនពេញ​វិញ គឺមាន​ការលិចលង់​ខ្លះ​នៅ​ប៉ែក​ខាងជើង​វត្តភ្នំ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន ​បាននិងកំពុង​ធ្វើការ​ដោះស្រាយ ដើម្បី​កាត់បន្ថយ​ឲ្យ​បាន​នូវ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នេះហើយ​៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114