ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក ឡេ ដឹក​អា​ញ់ អតីត​ប្រធានាធិបតី​វៀតណាម​នៅ​ទីក្រុង​ហាណូយ

ភ្នំពេញ ​៖​ នៅវេលា​ម៉ោង​៤ រសៀល​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​​ដឹកនាំ​គណៈប្រតិភូ កម្ពុជា​មួយក្រុម​ដែលមាន​គណៈប្រតិភូ​រាជរដ្ឋាភិបាល រួមទាំង​កងទ័ព​និង​គណៈប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា​ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​លោក ឡេ ដឹក​អា​ញ់ (Le Duc Anh)​អតីត​ប្រធានាធិបតី​វៀតណាម​នៅ​ទីក្រុង​ហាណូយ។ លោក ឡេ ដឹក​អា​ញ់ បានទទួល​មរណភាព​ក្នុង​អាយុ ៩៩ ឆ្នាំ កាលពី​វេលា​យប់​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩ ដោយសារ​រោគាពាធ។

លោក ឡេ ដឹក​អា​ញ់ ក្នុង​ឋានៈ​ជា​នាយទាហាន​ និង​ប្រធាន​រដ្ឋបាល​ រួម​ចំណែក​យ៉ាងសកម្ម​និង​ធំធេង​ក្នុង​ការជួយ​រំដោះ​ជីវិត​ប្រជាជន​កម្ពុជា​ពីរបប ប្រល័យ​ពូជសាសន៍​ប៉ុលពត ,​ទប់ស្កាត់​ការវិល​ត្រឡប់​នៃ​របប​ប្រល័យ​ពូជសាសន៍ និង ឧបត្ថម្ភ​គាំទ្រ​ការស្ដារ​និង​កសាង​មាតុប្រទេស​កម្ពុជា​ឲ្យ​រស់ ឡើងវិញ ក្នុង​ការកសាង​កម្លាំង​ទ័ព​និង​រៀបចំ​ផែនការ​វាយ​ផ្តួលរំលំ​របប​ប៉ុលពត​កាល​ខែធ្នូ ឆ្នាំ​១៩៧៨​ផងដែរ។

សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​វៀតណាម​កាលពី​ខែធ្នូ ឆ្នាំ​២០១៣ ធ្លាប់បាន​ទៅសួរសុខទុក្ខ​និង​សំណេះសំណាល ជាមួយ​លោក ឡេ ដឹក​អា​ញ់ ផងដែរ​។​

លោក ឡេ ដឹក​អា​ញ់ កើត​នៅ​ឆ្នាំ​១៩២០ ក្នុង​ខេត្ត​ធួន ធៀន​-​វ៉េ ភាគ​កណ្តាល លោក​បាន​ចូលរួម​បដិវត្តន៍​នៅ​ឆ្នាំ ១៩៣៧ និង​បាន​ក្លាយជា​សមាជិក​បក្ស​កុំម្មុយនីស្ត​វៀតណាម​នៅ​មួយឆ្នាំ​បន្ទាប់​។

លោក​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​ទល់នឹង​បារាំង​អស់​១០​ឆ្នាំ​រវាង​ឆ្នាំ​១៩៤៥​និង​១៩៥៤​និង​ក្រោយមក ប្រយុទ្ធ​ក្នុង​សង្គ្រាម​វៀតណាម​ទល់នឹង​អាមេរិក​អស់​ពេល​១២​ឆ្នាំ ចាប់ផ្តើម​ពី​ឆ្នាំ​១៩៦៤​។​

ក្រោយ​បដិវត្តន៍​ខែសីហា​ផ្តើមឡើង​ដោយ​ចលនា​វៀត​មិញ​(​សម្ពន្ធ​សម្រាប់​ឯករាជ្យភាព​វៀតណាម​)​ប្រឆាំង​ការគ្រប់គ្រង​អាណានិគម​បារាំង​នៅ​វៀត ណា​ម លោក​បាន​ធ្វើជា​មេដឹកនាំ​អនុ​សេនា​តូច​និង​បន្ត​ក្លាយជា​ប្រធាន​នយោបាយ​នៅក្នុង​កងអនុសេនាធំ​មួយ​និង​បន្ទាប់មក​កងវរសេនាធំ​។​ចាប់ពី​ខែតុលា​ឆ្នាំ​១៩៤៨​ដល់​១៩៥០ លោក​ជា​នាយសេនាធិការ​យោធា​តំបន់​៧​និង​៨​ដែល​ប្រយុទ្ធ​នៅ​វៀតណាម​ខាងត្បូង​។​

ចាប់ពី​ឆ្នាំ​១៩៥១​ដល់​១៩៥៤ លោក​បម្រើការ​ជា​រង​សេនាធិការ​និង​នាយសេនាធិការ​ស្តីទី​សម្រាប់​តំបន់​កូ​សាំង​ស៊ីន និង ចាប់ពី​ឆ្នាំ ១៩៦៣ លោក​បម្រើ​ការជានា​យរ​ង​សេនាធិការ​ចម្រុះ​របស់​កងទ័ព​ប្រជាជន​វៀតណាម ។​

លោក ឡេ ឌឹ​ក អា​ញ់ បាន​ឡើងជា​មេបញ្ជាការរង​និង​នាយសេនាធិការ​នៃ​កងកម្លាំងប្រដាប់អាវុធ​រំដោះប្រជាជន​នៅ​វៀតណាម​ខាងត្បូង​ចាប់ពី ឆ្នាំ​១៩៦៤​ដល់​១៩៧៤ ។ លោក​បាន​ឡើង​ឋានៈ​ពី​វរសេនីយ៍ឯក​ទៅជា​ឧ​ត្ត​ម​សេនីយ៍​ឯក​នៅ​ឆ្នាំ ១៩៧៤ មុន​ក្លាយជា​មេបញ្ជាការរង​នៃ​យុទ្ធនាការ​ហូជីមិញ​ដែលជា​ការវាយប្រហារ​ដ៏​ធំ​មួយ​ដែល​បាន​ចូលរួម​ដល់​ការដួលរលំ​វៀតណាម​ខាងត្បូង​និង​បញ្ចប់សង្គ្រាម​វៀតណាម​នៅ​ឆ្នាំ​១៩៧៥​។​

លោក​បាន​ធ្វើជា​រដ្ឋមន្ត្រី​ការពារជាតិ​ចាប់ពី​ឆ្នាំ ១៩៨៧ ដល់ ១៩៩១ និង នៅ​ខែកញ្ញា​ឆ្នាំ​១៩៩២ លោក​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធានាធិបតី​វៀត ណា​ម​ជា​តំណែង​ដែល​លោក​កាន់​រហូតដល់​ឆ្នាំ​១៩៩៧​។​

តាម​ការគ្រោងទុក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ដឹក​នា​គណៈប្រតិភូ​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​នៅ​រសៀល​ថ្ងៃទី ៣ ខែ ឧសភា បន្ទាប់ ពី​អញ្ជើញ​ចូលរួម​បុណ្យសព និង គោរព​វិញ្ញាណក្ខន្ធ​លោក ឡេ ដឹក​អា​ញ់ នៅ​ព្រឹក​ថ្ងៃទី ៣ ខែ មេសា​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម ៕