ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ីរ៉ង់​ចង់បាន​ទំនាក់ទំនង​ល្អជា​មួយ​អារ៉ាប៊ីសាអ៊ូឌីត​និង​អារ៉ាប់​រួម​

ប្រទេស​អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​សង្ឃឹមថា​នឹងមាន​ទំនាក់ទំនង​ល្អជា​មួយគូ​ប្រជែង​គឺ​អារ៉ាប៊ីសាអ៊ូឌីត​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ហើយ​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​ជម្លោះ​ដ៏​ជូរចត់​ជាមួយ​ប្រទេស​កាតា​ដែលជា​អ្នកជិតខាង​។​

រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​ក្រុង​តេ​រ៉ង់​ក្នុង​ឆ្នាំ​២០១៦​បន្ទាប់ពី​បាតុករ​ដែល​ខឹងសម្បា​ចំពោះ​ការប្រហារជីវិត​បព្វជិត​និកាយ​ស៊ី​អ៊ី​ត​កំពូល​បាន​ដុត​ស្ថានទូត​របស់ខ្លួន​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​។​

នៅ​ឆ្នាំ​បន្ទាប់​នោះ អារ៉ាប៊ីសាអ៊ូឌីត​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​គឺ​បា​រ៉ែ​ន​និង​អារ៉ាប់​រួម​បានធ្វើ​ពហិការ​ពាណិជ្ជក​ម្ម​និង​ធ្វើដំណើរ​លើ​ប្រទេស​កាតា​ដោយ​ទាមទារ​ឲ្យ​ប្រទេស​នេះ​ពិនិត្យមើល​គោលនយោបាយ​ប្រកាន់​តឹង​របស់ខ្លួន​។​

រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​និយាយថា “​យើង​មាន​ទំនាក់ទំនង​ល្អជា​មួយ​កាតា គុយ​វ៉ែត​និង​អូ​ម៉​ង់​”​។​

លោក Zarif បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ខាងក្រៅ​កិច្ចសន្ទនា​កិច្ចសហប្រតិបត្តិការ​អា​ស៊ី​នៅ​ទីក្រុង​ដូ​ហា​ថា “​យើង​សង្ឃឹមថា​នឹងមាន​ទំនាក់ទំនង​ដូចគ្នានេះ​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត បា​រ៉ែ​ន​និង​អារ៉ាប់​រួម​។ យើង​ក៏​សង្ឃឹម​ផងដែរ​ថា បណ្តា​ប្រទេស​នៅក្នុង​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូង​សមុទ្រ (GCC) នឹង​អាច​ដោះស្រាយ​ភាព​ខ្វែងគំនិត​គ្នា​ដោយ​សន្តិវិធី​”​។​

អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់​រួម​និង​បា​រ៉ែ​ន​បាន​ចោទប្រកាន់​កាតា​ម្តង​ហើយ​ម្តង​ទៀតថា​បាន​បង្ក​ការគំរាមកំហែង​ដល់​សន្តិសុខ​ឈូង​សមុទ្រ​តាមរយៈ​ការគាំទ្រ​ដល់ “​ភាពជ្រុលនិយម​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ក្រុង​ដូ​ហា​បាន​បដិសេធ​ជា​បន្ត​បន្ទាន់​អំពី​ការចោទប្រកាន់​នេះ​ប៉ុន្តែ​បាន​ចោទប្រកាន់​អតីត​សម្ព័ន្ធមិត្ត​របស់ខ្លួន​នេះ​វិញ​ថា​កំពុងតែ​ស្វែងរក​លេស​ដើម្បី​ផ្លាស់ប្តូរ​របប​នេះ​៕ AFP