ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​​អ្នក​កាង​ខារ៉ាអូខេ​តាម​ផ្លូវ​២០០៤​ នាំគ្នា​ព្រួត​វាយ​សមត្ថកិច្ច​ទាំង​មាន​កាំភ្លើង​នៅ​នឹង​ដៃ

​ភ្នំពេញ ៖ ជនសង្ស័យ ​ជា​ក្រុម​ក្មេង​ទំនើង​កាង​ខារ៉ាអូខេ​តាម​ផ្លូវ​២០០៤ ​ដែល​គេ​ល្បី​ថា ជា​ក្រុម​បង្ក​ភាព​រញ៉េរញ៉ៃ​តាម​ផ្លូវ​សាធារណៈ មកដល់ពេលនេះ​ហាក់​ថ្លើមធំ​ពាសមេឃ​ណាស់ ​ឃើញ​សមត្ថកិច្ច​ជិះ​ម៉ូតូ​មាន​កាំភ្លើង​នៅ​នឹង​ដៃ​ទៅ​ហើយ បែរជា​ជិះ​ម៉ូតូ​ជ្រែ​ចុះឡើង នៅពេល​សមត្ថកិច្ច​សួរនាំ បែរជា​ខឹង​ព្រួត​គ្នា​វាយ​សមត្ថកិច្ច​បាក់​ខ្ទង់ច្រមុះ​ទៅវិញ មិនតែប៉ុណ្ណោះ​បែរជា​ចោទ​ថា ​សមត្ថកិច្ច​ដេញ​វាយ​ប្រជាពលរដ្ឋ​ល្អ​ដូចជា​ពួកគេ​ទៅវិញ។​

ដើម្បី​ទប់ទល់​ការពារ​ខ្លួន​សមត្ថកិច្ច​បាន​បង្ខំចិត្ត​ផ្ទុះអាវុធ​គំរាម​ជាច្រើន​គ្រាប់ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ​ឈានចូល​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៩ នៅតាម​បណ្ដោយ​ផ្លូវ​២០០៤ ហៅ​ផ្លូវ​ម៉ៃ​ដា​ស្ថិតនៅ​ភូមិ ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

ជនសង្ស័យ​ទី​១​.ឈ្មោះ ​ផាន ស្រូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​លក់​គ្រឿងបន្លាស់​រថយន្ត ស្នាក់នៅ​ម្តុំ​លូ​ប្រាំ។ ជនសង្ស័យ​ទី​២.ឈ្មោះ ​ផាន ស្រៀ​ង ត្រូវជា​បងប្អូន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាង​ដែក ស្នាក់នៅ​ម្តុំ​លូ​ប្រាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ឆ្នាំង ជនសង្ស័យ​២​នាក់​ទៀត​ជា​អ្នក​កាង​ខារ៉ា​អូខេ និង​ជា​អ្នក​មកជួយ​អន្តរាគមន៍ ​យក​ដាវរ​កកាប់​សមត្ថ​កិច្ច​ ឈ្មោះ ​ថូ ហឿន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​បុគ្គលិក​ខារ៉ាអូខេ ស្នាក់​នៅក្នុង​ខារ៉ាអូខេ រុន​សោ​ន ទីតាំង​កើតហេតុ​ខាងលើ ។ ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​ចាន់ ចាវ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បុគ្គលិក​ខារ៉ាអូខេ។​

តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដែលជា​ជនរងគ្រោះ​បានបញ្ជាក់​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​១​ បាន​នាំ​អ្នកទោស​គ្រឿងញៀន​ចំនួន​៥​នាក់ ​បញ្ជូនទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​បាន​ត្រឡប់​ទៅ​ប៉ុស្តិ៍​វិញ​ ជិះ​កាត់ តាម​បណ្ដោយ​ផ្លូវ​២០០៤ មកដល់​ម្តុំ​ហាង​ខារ៉ាអូខេ ជាច្រើន​ជិត​ស្តុ​ប​វត្ត​អង្គ​តា​មិញ ស្រាប់តែ​ឃើញ​ជនសង្ស័យ​មួយក្រុម​៣​នាក់​ប្រុស​២ ស្រី​១ ជិះ​ម៉ូតូ​២​គ្រឿង​ ជិះ​ជ្រែ​តាមផ្លូវ ហើយ​សមត្ថកិច្ច​ហៅ​សួរនាំ ​បែរជា​ជនបង្ក​ខាងលើ​ឌឺ​ដង​ដាក់​សមត្ថកិច្ច​ និង ស្រែកហៅ​បក្សពួក​នៅ​កាង​ហាង​ខារ៉ាអូខេ​ម្តុំ​នោះ​ឲ្យ​មក​ជួយ​អន្តរាគមន៍ ហើយ​បន្ទាប់មក​បាននាំគ្នា​វាយ​សមត្ថកិច្ច​ទាំង​មាន​កាំភ្លើង​អាការ​នៅ​នឹង​ដៃ ​បណ្តាល​ឲ្យ​បាក់​ក្តោង​ច្រមុះ​ម្នាក់ ហើយ​ភាគី​បង្ក​បាននាំគ្នា​ជាច្រើន​នាក់ មាន​ក្រុម​កាង​ខារ៉ាអូខេ​ផង បាន​ចោទប្រកាន់ថា​សមត្ថកិច្ច​វាយ​ប្រជាពលរដ្ឋ​ទៅវិញ។
ក្រោយពេល​កើតហេតុ ​សមត្ថកិច្ច​ចាប់ខ្លួន​ជនដៃដល់​បាន​៤​នាក់ ​យកមក​សួរនាំ​ និង​ចាត់ការ​តាម​នីតិវិធី៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114