ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ប្រុស​សង្ហា បញ្ញា សិទ្ធិ រង​ព័ត៌មាន​អាស្រូវ​ជំពាក់​លុយ SOUND CLUB​ របស់​ លោក​ឧកញ៉ា ឌួង ឆាយ

ភ្នំពេញ ​៖​ តារា​ប្រុស​រូប​សង្ហា​មានឈ្មោះ​ល្បី​លើ​វិថី​សិល្បៈ​ លោក បញ្ញា សិទ្ធិ ថ្មីៗ​នេះ ​បាន​រង​នូវ​ព័ត៌មាន​អាស្រូវ​ដ៏​រសើប​និង​អាម៉ាស់ ​ក្រោយ​ពេលដែល​ខាង SOUND CLUB របស់ លោក​ឧកញ៉ា ឌួង ឆាយ បានប្រកាស​ឲ្យ​ចូល​ដោះស្រាយ​បំណុល​បង្ក​ការចាប់អារម្មណ៍​ និង​ភ្ញាក់ផ្អើល​ដល់​មហាជន​ព្រមទាំង​មិត្តភ័ក្ដិ​រួម​អាជីព​សិល្បៈ។

ដំណឹង​ដែល​ត្រូវបាន SOUND CLUB​ ប្រកាស​ជា​សាធារណៈ​នៅលើ​បណ្ដាញ​សង្គម​(Page)​ របស់​SOUND CLUB មិន​ត្រឹមតែ​បង្ក​ការភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​ខ្លាំង​ដល់​មហាជន​នោះ​ទេ​ ភ្លាមៗ​នោះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​បង្ហាញ​ការហួសចិត្ត ​ខណៈ​ដែល​តា​រា​ប្រុស ​លោក បញ្ញា សិទ្ធិ មិនគួរ​ធ្វើបែបនេះ​រហូត​ ត្រូវបាន​SOUND CLUB​ប្រកាស​ឲ្យ​ចូលខ្លួន​ដោះស្រាយ​ដូច្នេះ​ទេ​។​

បើ​យោងតាម​សំណេរ​សរសេរ​នៅលើ​ផេ​ក​ផ្លូវការ​SOUND CLUB ​របស់ លោក​ឧកញ៉ា ឌួង ឆាយ បាន​លើក​ឡើង​បែបនេះ​ថា ​សូម​សំណូមពរ​ឲ្យ​ លោក បញ្ញា សិទ្ធិ ដែលជា​អតីត​បុគ្គលិក​សោ​ន​ក្លឹប​មក​ធ្វើការ​ដោះស្រាយ​បំណុល​ដែល​បាន​ខ្ចី​ប្រាក់​ចងការ​រួច​ក្រុមហ៊ុន​បាន​ជួយ​សង​ជំនួស​ក្នុងអំឡុងពេល​បំពេញការងារ មក​ទូទាត់​សង​ឲ្យ​គ្រប់​ចំនួន​នៅក្នុង​ខែ​នេះ​។​

ជុំវិញ​ដំណឹង​អាស្រូវ​ និង​ដ៏​រសើប​ខាងលើនេះ​ កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​០៣ ​ខែឧសភា ​ឆ្នាំ​២០១៩ ​មិន​អាច​ស្វែងរក​ការបកស្រាយ​ពី ​លោក បញ្ញា សិទ្ធិ បាន​នៅឡើយ​ទេ ​ខណៈ​ដែល​បច្ចុប្បន្ន​លោក​កំពុង​ចេញទៅ​សម្តែង​នៅក្រៅ​ស្រុក​។​

ដោយឡែក​ បើ​ចាប់អារម្មណ៍​ទៅ​មើល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ឯណោះ​វិញ​ ស្រប​ពេល​ដែល​ផ្ទុះ​ដំណឹង​នេះ ​លោក បញ្ញា សិទ្ធិ បាន​ចេញមុខ​បញ្ជាក់​ថា ​ខ្ញុំ​មិន​អី​ទេ ​អរគុណ​សម្រាប់​ការ​បារម្ភ​ពី​បងប្អូន ខ្ញុំ​កំពុង​នៅ​ប្រទេស​អូស្ត្រាលី ខ្ញុំ​កំពុង​សម្ដែង​នៅទី​នេះ​ ហើយ​រឿង​ទាំងអស់​ដែលមាន​ជាមួយ​Sound Club ខ្ញុំ​បាន​ទាក់ទង​ទៅ​ហើយ ហើយក៏​បាន​បញ្ចប់​ហើយ​ដែល​ព័ត៌មាន​កុំ​បន្ត​ចុះផ្សាយ​ទៀត​។​

លោក បញ្ញា សិទ្ធិ បាន​បញ្ជាក់ថា សូម​ឲ្យ​អ្នក​ដែល​ជេរ​ និង​ព័ត៌មាន​ទាំងអស់ សូម​ឲ្យ​ដឹង​ការ​ពិត​ចាំ​ថា​ចាំ​ជេរ មនុស្ស​ម្នាក់ៗ​មិន​ថា​អ្នកមាន ​ឬក៏​អ្នកក្រ​ក៏​ចេះ​ឈឺ ​ក៏​ចេះ ​ញ៉ាំ​ក៏​ចេះ​មាន​កិត្តិយស​ដែរ ខ្ញុំ​ជា​កូន​អ្នក​ក្រ​ និង​ជា​កូន​ដែល​កើត​ក្នុង​ត្រកូល​កសិករ ប្រឹង​រាល់ថ្ងៃនេះ ​គឺ​ដោយសារ​គ្រួសារ​ក្រ និង ខ្វះខាត និង មាន​ម្តាយ​មាន​ជំងឺ​ប្រចាំកាយ ត្រូវ​រ៉ាប់រង​ច្រើន សូម​កុំ​មើលងាយ​អ្នកក្រ​។​

បន្ថែម​ពីលើ​នេះ​ តារា​ប្រុស​ លោក បញ្ញា សិទ្ធិ បាន​លើកឡើងថា ​មួយរយៈ​ចុងក្រោយ​នេះ ​ខ្ញុំ​បាន​ចេញ​មក​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី ​និង​កំពុង​មក​រក​ថវិកា​ខ្លះ ​ដើម្បី​ជួយ​ដល់​គ្រួសារ​ ជាពិសេស​ខ្ញុំ​កំពុង​មាន​អ្នក​ម្តាយ​កំពុង​ឈឺ​សូម​SOUND CLUB​ មេត្តា​ដល់​ខ្ញុំ ​ដែល​ជា​បុគ្គលិក​ចាស់​ផង Facebook វា​ពិត​ល្បី​ណាស់ ឥលូវ​ល្បី​ហើយ អស់ចិត្ត​នៅ​។​ ជាមួយគ្នានេះដែរ​ ខាង​ភាគី SOUND CLUB​ក៏បាន​បញ្ជាក់​វិញ​ដែរ​ថា​ លោក បញ្ញា សិទ្ធិ បាន​ទាក់ទង​មក​ខាង​ក្រុមហ៊ុន​ហើយ ពី​ព្រោះ​គាត់​ជាប់រវល់​នៅ​ក្រៅ​ប្រទេស​ទើប​មិនអាច​ទាក់ទង​បាន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114