ព័ត៍មានទាន់​ហេតុការណ៏
Search

សកម្មជន​ស្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​៤​នាក់​ទៀត ​ត្រូវបាន​ដោះលែង​រង់ចាំ​ការជំនុំជម្រះ

ក្រុម​អ្នកធ្វើ​យុទ្ធនាការ​បាន​និយាយថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ បាន​ដោះលែង​សកម្មជន​នារី​ចំនួន​៤​នាក់​បន្ថែមទៀត​ដើម្បី​រង់ចាំ​ការជំនុំជម្រះ​ដែលជា​ហេតុ​នាំ​ឲ្យ​ចំនួន​សរុប​នៃ​ស្ត្រី​ដែល​ត្រូវបាន​ដោះលែង​ជា​បណ្តោះអាសន្ន​ឡើងដល់​ប្រាំពីរ​នាក់​។​

ពួកគេ​ស្ថិត​ក្នុងចំណោម​សកម្មជន​ទាំង​១១​នាក់​ដែល​កំពុង​រង់ចាំ​ការកាត់ក្តី​លើ​បទចោទប្រកាន់​ជាច្រើន​ដែល​រួមមាន​ទាំង​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នកការទូត​និង​ក្រុម​សិទ្ធិមនុស្ស​បរទេស​ផងដែរ​។​

ក្រុម​សិទ្ធិមនុស្ស ALQST ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​បាន​និយាយ​នៅលើ Twitter ថា “​នាង Hatoon al-Fassi, Amal al-Harbi, Maysaa al-Manea, និង Abeer Namankani ត្រូវបាន​ដោះលែង​ជា​បណ្ដោះអាសន្ន​”​។​

មេធាវី​អារ៉ាប៊ីសាអ៊ូឌីត​ម្នាក់​ដែលមាន​សិទ្ធិ​ទទួល​ការកាត់ក្តី​នៅ​តុលាការ​ព្រហ្មទណ្ឌ​ទីក្រុង​រី​យ៉ា​ដ​បានបញ្ជាក់​ដាច់ដោយឡែក​ពី​ការដោះលែង​នារី​ទាំង​៤​នាក់​នេះ​។​

ក្រុម Prisoners of Conscience ដែលជា​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត​តាមដាន​អ្នកទោសនយោបាយ​បាន​រាយការណ៍​ពី​ការដោះលែង​បណ្តោះអាសន្ន​លើ​ស្ត្រី​ទី​ប្រាំ​ដែលជា​និស្សិត​សាកលវិទ្យាល័យ​ឈ្មោះ Shadan al-Anezi​។​

សកម្មជន​ម្នាក់​ផ្សេងទៀត​បាន​ប្រាប់ AFP ថា ក្រុមគ្រួសារ​នៃ​ស្ត្រី​យ៉ាងតិច​ពីរ​នាក់​ត្រូវបាន​គេ​កោះហៅ​ទៅ​តុលា​ការដែល​ជាហេតុ​នាំ​ឲ្យ​មាន​ក្តីសង្ឃឹម​នៃ​ការបង់ប្រាក់​ធានា​ប៉ុន្តែ​ពួកគេ​ត្រូវបាន​បដិសេធ​ដោយ​គ្មាន​ការពន្យល់​ណាមួយ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ពុំមាន​សេចក្តី​អត្ថាធិប្បាយ​ភ្លាមៗ​ពី​អាជ្ញាធរ​អារ៉ាប៊ីសាអ៊ូឌីត​ទេ​។​
​ស្ត្រី​បីនាក់​ទៀត​ដែល​ត្រូវ​កាត់ទោស​រួមមាន​ឈ្មោះ Aziza al-Yousef, blogger Eman al-Nafjan និង Rokaya al-Mohareb ត្រូវបាន​ដោះលែង​ជា​បណ្ដោះអាសន្ន​កាលពី​ចុងខែ​មីនា​។​

ទីក្រុង​រី​យ៉ា​ដ​បាន​ប្រឈម​នឹង​សម្ពាធ​ពី​រដ្ឋាភិបាល​លោកខាងលិច​ឲ្យ​ដោះលែង​នារី​ទាំងនោះ​ដែល​ភាគច្រើន​ត្រូវបាន​ឃុំខ្លួន​កាលពី​រដូវក្តៅ​មុន​នៅក្នុង​ការបង្ក្រាប​ប្រឆាំងនឹង​សកម្មជន​នានា​មុនពេល​មានការ​លើកលែង​ជា​ប្រវត្តិសាស្ត្រ​នៃ​បម្រាម​អាយុកាល​ច្រើន​ទសវត្ស​រ៍លើ​អ្នកបើកបរ​ភេទ​ស្រី​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114