ព័ត៍មានទាន់​ហេតុការណ៏
Search

ចំនួន​អ្នកស្លាប់​ក្នុងការ​បាញ់ប្រហារ​នៅ​ព្រះវិហារ​ក្រុង Christchurch ឡើងដល់​៥១​នាក់​

ចំនួន​អ្នកស្លាប់​ពី​ការវាយប្រហារ​នៅ​វិហារ​ឥស្លាម​ក្រុង Christchurch បាន​កើន​ឡើងដល់​៥១​នាក់​បន្ទាប់ពី​បុរស​សញ្ជាតិ​ទួរគី​អាយុ​៤៦​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ដោយសារ​របួស​ក្នុងការ​បាញ់ប្រហារ​កាល​ពីថ្ងៃ​ទី​១៥​ខែមីនា​។ នេះ​បើ​យោងតាម​សំដី​របស់​នាយករដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់​លោកស្រី Jacinda Ardern។

លោកស្រី Ardern បាន​ថ្លែងថា “​នេះ​ជា​ព័ត៌មាន​គួរ​ឲ្យ​សោកស្តាយ​សម្រាប់​ទូទាំងប្រទេស​ទួរគី​ក៏ដូចជា​នូ​វែ​ល​ហ្សេ​ឡង់​ផងដែរ​។ បុរស​រូបនេះ​បានទទួល​ការថែរក្សា​យ៉ាង​យកចិត្តទុកដាក់​តាំងពី​ការវាយប្រហារ​មក​។ ហើយ​យើងទាំងអស់គ្នា​សង្ឃឹមថានឹង​ទទួលបាន​លទ្ធផល​ល្អ​បំផុត​។ ប៉ុន្តែ​ឥឡូវនេះ គាត់​បានទទួល​មរណភាព​ដោយសារ​របួស​ក្នុងការ​បាញ់ប្រហារ​នៅ​វិហារ​ឥស្លាម Al Noor”។

ប៉ូលិស​បាន​និយាយថា បុរស​រូបនេះ​បាន​ស្លាប់​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ហើយ​ក្រុមគ្រួសារ​របស់គាត់​បាន​ស្នើសុំ​កុំ​បញ្ចេញ​ឈ្មោះ​របស់គាត់​ជា​សាធារណៈ​។​

ជនជាតិ​អូស្ត្រាលី​ឈ្មោះ Brenton Tarrant ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​វាយប្រហារ​ទៅលើ​វិហារ​ឥស្លាម​ពីរ​កន្លែង​ដែល​នៅ​ទីនោះ​អ្នក​គោរពបូជា​កំពុង​ប្រមូល​ផ្ដុំគ្នា​សម្រាប់​ការ​អធិដ្ឋាន​ថ្ងៃ​សុក្រ​។​

ឥឡូវនេះ​គាត់​កំពុងស្ថិត​នៅក្នុង​ពន្ធនាគារ​សន្តិសុខ​អតិបរមា​ហើយ​កំពុង​ទទួល​ការធ្វើ​តេស្ត​ជំងឺផ្លូវចិត្ត​ដើម្បី​កំណត់ថា​តើ​គាត់​មាន​សតិ​សមស្រប​ដើម្បី​ចូលរួម​ការជំនុំជម្រះ​ក្តី​ពីបទ​មនុស្សឃាត​ចំនួន​៥០​ករណី​និង​ឃាតកម្ម​ប៉ុនប៉ង​ជាមុន​ចំនួន​៣៩​នាក់​ដែរ​ឬក៏​អត់​។​

ប៉ូលិស​បាន​និយាយថា ការស្លាប់​ចុងក្រោយ​បំផុត​គឺជា​បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​បាញ់សម្លាប់​នៅ​វិហារ​ឥស្លាម Al Noor ដែលជា​កន្លែង​ជនរងគ្រោះ​ជាង​៤០​នាក់​ត្រូវបាន​សម្លាប់​មុនពេល​ខ្មាន់កាំភ្លើង​បើក​ការវាយប្រហារ​នៅ​វិហារ​ឥស្លាម​មួយ​ផ្សេងទៀត​នៅ​ជាយក្រុង Linwood​។​

លោកស្រី Ardern បាន​និយាយថា មនុស្ស​ចំនួន​៩​នាក់​នៅតែ​ស្ថិតក្នុង​មន្ទីរពេទ្យ​ហើយ​ពួកគេ​ទាំងអស់​ស្ថិតក្នុង​ស្ថានភាព​ធម្មតា​។​

បន្ទាប់ពី​ការវាយប្រហារ​នោះ លោកស្រី Ardern បាន​ហៅ​ការបាញ់ប្រហារ​សម្លាប់រ​ង្គា​ល​អាក្រក់​បំផុត​នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​សម័យថ្មី​របស់​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​មួយ​នេះ​ថា​ជា​ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​មួយ​របស់​ប្រទេស​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114