ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់​ នឹង​រៀបការ​ជាមួយ​ដៃគូ​យូរអង្វែង​

នាយករដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់​លោកស្រី Jacinda Ardern និង​ដៃគូ​យូរអង្វែង​របស់លោក​ស្រី​ឈ្មោះ Clarke Gayford បាន​ភ្ជាប់ពាក្យ​ដើម្បី​រៀបការ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ពី​ការិយាល័យ​របស់លោក​ស្រី​។​

អ្នកនាំពាក្យ​ម្នាក់​របស់លោក​ស្រី Ardern និង​លោក Gayford បាន​និយាយថា គូស្នេហ៍​ដែលមាន​កូនស្រី​ម្នាក់​ឈ្មោះ Neve មួយគូ​នេះ​បាន​យល់ព្រម​ភ្ជាប់ពាក្យ​អំឡុងពេល​សម្រាក​នៃ​ពិធីបុណ្យ Easter​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក​មិនអាច​ប្រាប់​បានទេ​ថា​តើ​កាលបរិច្ឆេទ​នៃ​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​នាយ​ក​រដ្ឋមន្ត្រី​រូបនេះ​ត្រូវ​កំណត់​នៅពេលណា​ឬ​នរណា​ជា​អ្នក​សុំ​រៀបការ​។​
​អ្នកនាំពាក្យ​រូបនេះ​បាន​ប្រាប់ AFP ថា “​ខ្ញុំ​មិនអាច​និយាយ​អ្វី​បានទេ​អំពី​រឿងនេះ​ក្រៅពី​ការភ្ជាប់​ពាក្យ​ហើយ​វា​បាន​កើតឡើង​អំឡុង​ពិធីបុណ្យ Easter”​។​

លោកស្រី Ardern អាយុ​៣៨​ឆ្នាំ​បានផ្តល់​កំណើត​ដល់ Neve កាលពី​ខែមិថុនា​ឆ្នាំមុន​ដែល​ធ្វើ​ឲ្យ​លោកស្រី​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី​២​នៅលើ​ពិភពលោក​ដែល​សម្រាលកូន​ខណៈ​កំពុងកាន់​តំណែង​ហើយ​ក្រោយមក​បាន​យក​កូន​ទៅ​សម័យប្រជុំ​របស់​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក​។​
​ចាប់តាំងពី​ការ​ផ្តល់កំណើត​នោះមក លោក Gayford ដែលជា​ពិធីករ​ទូរទស្សន៍​បាន​ដើរតួនាទី​ជា​ឪពុក​នៅផ្ទះ​។​

ការភ្ជាប់​ពាក្យ​នេះ​ធ្វើឡើង​ចំពេល​វេលា​ដ៏​លំបាក​មួយ​សម្រាប់​លោកស្រី Ardern ដែល​ត្រូវបាន​គេ​សរសើរ​យ៉ាងខ្លាំង​អំពី​ការឆ្លើយតប​របស់លោក​ស្រី​ចំពោះ​ការបាញ់ប្រហារ​នៅ​ព្រះវិហារ​ក្រុង Christchurch កាលពី​ថ្ងៃទី​១៥​ខែមីនា​ដែល​បានសម្លាប់​ជីវិត​អ្នក​ថ្វាយបង្គំ​ឥស្លាម​ចំនួន​៥១​នាក់​។​

ព័ត៌មាន​នៃ​ការ​ភ្ជាប់ពាក្យ​នេះ​បាន​បែកធ្លាយ​បន្ទាប់ពី​អ្នកកាសែត​កត់សម្គាល់ឃើញ​ថា លោកស្រី Ardern មាន​ពាក់ចិញ្ចៀន​ពេជ្រ​ខណៈ​កំពុង​បំពេញភារកិច្ច​របស់លោក​ស្រី​កាលពី​ថ្ងៃ​សុក្រ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ យ៉ាងហោចណាស់​ក៏មាន​ការជូនដំណឹង​ខុស​ចំនួន​ពីរដង​ផងដែរ​កាលពី​លើក​មុន​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114