ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ ទៅ​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់ ​ពី “​ចីរភាព​បំណុល​សម្រាប់ ចីរភាព​កំណើន​: ចីរភាព ហិរញ្ញប្បទាន សម្រាប់​ការអភិវឌ្ឍន៍​”នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​

ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៃ​សាធារណរដ្ឋ​បារាំង នា​ល្ងាច ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​ដឹកនាំ គណៈប្រតិភូ ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់ ស្ដីពី “​ចីរភាព បំណុល សម្រាប់​ចីរភាព កំណើន​ ៖ ចីរភាព​ហិរញ្ញប្បទាន សម្រាប់ ការអភិវឌ្ឍ (Sustainable Debt for Sustainable Growth: Sound Financing for Development) នៅ​ទីក្រុង​ប៉ារីស​, ប្រទេស​បារាំង។

កិច្ចប្រជុំ​ជាន់ខ្ពស់​នេះ នឹងមាន​ការចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​, ទេសាភិបាល​ធនាគារ​កណ្តាល ប្រធាន​ស្ថាប័ន​អន្តរជាតិ ស្ថាប័ន​សិក្សា​ស្រាវជ្រាវ និង​តំណាង ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ឯកជន​ធំៗ មកពី តាម​បណ្តា​ប្រទេស​ប្រមាណ​៦០ លើ​ពិភពលោក​រួមមាន ​៖ រដ្ឋមន្ត្រី ហិរញ្ញវត្ថុ​បារាំង​ដែល​ជា​ម្ចាស់ផ្ទះ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​,​ជប៉ុន និង​ទេសាភិបាល​ធនាគារ​កណ្តាល​ចក្រភព​អង់គ្លេស ជា​ដើម។

ក្រោម​ប្រធានបទ ​“​ចីរភាព​បំណុល សម្រាប់​ចីរភាព​កំណើន ៖ ចីរភាព​ហិរញ្ញប្បទាន សម្រាប់​ការ​អភិវឌ្ឍ​” កិច្ចប្រជុំ គ្រោង​នឹង​ផ្តោត​ការពិភាក្សា​ទៅលើ​ប្រធានបទ​សំខាន់​រួមមាន ​៖ យុទ្ធសាស្ត្រ​ក្នុង​ការ​បំពេញតម្រូវកា​រ ហិរញ្ញប្បទាន ដើម្បី​ជំរុញ​ការ អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយៗ និង​សម្រេចបាន នូវ​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព ដោយ​រួម​ទាំង​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ផងដែរ ​ព្រមទាំង វិធីសាស្ត្រ ដែល​ប្រទេស​មាន​តម្រូវការ​ហិរញ្ញប្បទាន​សម្រាប់​អភិវឌ្ឍន៍ អាចអនុវត្ត​បាន​ដោយ​ជៀសវាង​នូវ​ការ​ជំពាក់​បំណុល​ច្រើន​ហួស​ហេតុ។

ក្នុងឱកាស​បំពេញបេសកកម្ម​ការងារ​នេះ ឯកឧត្ដម​អគ្គបណ្ឌិត សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន នឹង​ដឹកនាំ​ប្រតិភូ​កម្ពុជា​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​តំណាង ជាន់ខ្ពស់ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បារាំង នាយក​គ្រប់គ្រង​ទូទៅ ​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) តំណាង​ជាន់ខ្ពស់ ​នៃ សហគមន៍​អឺរ៉ុប (EU) និង ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​របស់​ភាគី​មិត្ត​បារាំង។​
​​
ជាមួយគ្នានេះដែរ តាម​ការគ្រោងទុក​ឯកឧត្ដម​អគ្គ​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹង​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សម្រាប់​គម្រោង​ធ្វើ​-​ទំនើបកម្ម​លើ​ប្រព័ន្ធ​បណ្តាញ​បញ្ជូន​ និង​ចែកចាយ​អគ្គិសនី ក្នុង​ទឹកប្រាក់​ចំនួន ២៩,១ លាន​អឺរ៉ូ ដែល​គម្រោង​នេះ​មាន​ទិសដៅ​ក្នុងការ​ពង្រីក និង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​អគ្គិសនី​ឲ្យ​មានការ​វិវត្តន៍​ទៅ​រក​ប្រព័ន្ធ​ឆ្លាត​វៃ (Smart Grid) ដែល​អាច​សម្រួល​យ៉ាងច្រើន​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​ទាំងមូល ក៏ដូចជា​បង្កើន​ប្រសិទ្ធភាព និង​និរន្តរភាព​ក្នុងការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114