ព័ត៍មានទាន់​ហេតុការណ៏
Search

សន្តិ​សុខ​​ម្នាក់ ​ស្លាប់​នៅពេល​ដេក​យាម ​ក្នុង​រោងចក្រ​

កំពង់ចាម​ ៖ សន្តិសុខ​រោងចក្រ​ម្នាក់​ បានមក​ដេក​យាម​ការពារ​សុវត្ថិភាព​នៅក្នុង​រោងចក្រ​របស់ខ្លួន ហើយ​ក៏បាន​ស្លាប់​នៅ​ទីនោះ​។​

លោក សំ​ណា​ល់ អធិការ​នគរបាល​ស្រុក​បាធាយ​បានឲ្យ​ដឹងថា​ នៅ​ថ្ងៃទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៩ ម៉ោង​០១​និង​០០​នាទី រំលង​អធ្រាត្រ លោក​អធិការ​នគរបាល បាន​ទទួល​ព័ត៌មាន​ថា​ មាន​មនុស្ស​ម្នាក់ ឈ្មោះ​ សៀម សោរ ភេទ​ប្រុស​ អាយុ​៥១ឆ្នាំ​ នៅ​ភូមិ​ត្រ​យ៉ង​ពង ឃុំ​ជើងព្រៃ ស្រុក​បាធាយ ខេត្ត​កំពង់​ចាម មុខរបរ​សន្តិសុខ​រោងចក្រ លី​ឈាង​ខ​ប បាន​ដេកស្លាប់​នៅ​ចំណុច​រោង​យាម ​ក្នុង​រោងចក្រ លី​ឈាង​ខ​ប ភូមិ​បាធាយ​ឃុំ​បាធាយ ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម​។​

លោក​អធិការ​បន្តថា ក្រោយ​ទទួល​ព័ត៌មាន​ភ្លាម​ លោក​បាន​សុំ​ការ​អនុញ្ញាត​ពី​ លោក ​ហួត វុទ្ធី ព្រះ​រាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ចាម ហើយ​សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ពិនិត្យ​សព ឃើញថា ផ្នែក​ក្បាល ដងខ្លួន​ និង​ អវយវៈ​ ពុំមាន​ស្លាកស្នាម​អ្វី​ទេ​។​

ឆ្លងតាម​ការស្រាវជ្រាវ​នៅ​កន្លែងកើតហេតុ និង​ជុំវិញ​កន្លែងកើតហេតុ ព្រមទាំង​ការបំភ្លឺ​ក្រុមគ្រួសារ​ជន​រងគ្រោះ ​និង​សាក្សី​រួចមក គណៈកម្មការ​សន្និដ្ឋានបានថា ការស្លាប់​របស់​ឈ្មោះ សៀម សោរ ​ពុំមាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ ​គឺ ​ឈ្មោះ សៀម សោរ ពិតជា​ស្លាប់​ដោយ​ឡើង​សំពាធ​ឈាម បណ្ដាលឲ្យ​បែ​ក​សរសៃ​ឈាម​ស្លាប់​ពិតប្រាកដ​មែន​។​

ក្រោយពី​គណៈកម្មការ​ពិនិត្យ​រួច ​បានប្រគល់​សាកសព​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114