ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រោក​ពី​ព្រលឹម ឌុប​ប្រពន្ធ មក​រក​ទិញ​ម្ហូប​ដើម្បី​លក់​បន្ដ ត្រូវ​ចោរ​១​ក្រុម​ស្ទាក់​ប្លន់​យក​លុយ ​និង​គ្រឿង​អលង្ការ​អស់​គ្មាន​សល់

​ភ្នំពេញ​ ៖ បុរស/ស្ត្រី​ពីរ​នាក់​ប្ដី​ប្រពន្ធ​ ដែល​តែងតែ​ងើប​ពី​ព្រឹក​ព្រលឹម​ ជិះ​ម៉ូតូឌុប​គ្នា​មករក​ទិញ​ទំនិញ​នៅ​ផ្សារ​ជម្ពូ​វ័ន​ ដើម្បី​លក់​បន្ដ​នៅផ្ទះ ជួល​របស់ខ្លួន នៅពេល​ជិះ​មកដល់​ចំណុចកើតហេតុ មុខ​ភូមិ​អង្គ​កែវ ត្រូវបាន​ជនល្មើស​មួយក្រុម​ មាន​គ្នា​៤​នាក់​ ជិះ​ម៉ូតូ​ពីរ​គ្រឿង​ មក​ដេញ​កៀរ​ឲ្យ​ឈប់ ​រួច​កញ្ឆក់​យក​កាបូប​លុយ​ដែល​មាន​គ្រឿងអលង្ការ​នៅ​ក្នុង​នោះ​ផងដែរ បើ​សរុប​ទាំង​លុយ​ដុល្លារ​ និង​លុយ​រៀល ទាំង​គ្រឿងអលង្ការ​ប្រហែល​ជាង​១​ពាន់​ដុល្លារ​ឯណោះ។​

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ព្រឹក ​ថ្ងៃទី​៤​ ខែឧសភា ​ឆ្នាំ​២០១៩ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ មុខ​ភូមិ​អង្គ​កែវ​ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

ជនរងគ្រោះ​មានឈ្មោះ ញឹម សំអាត ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មុខរបរ​លក់ដូរ មាន​ប្តី​ ឈ្មោះ ពេជ្រ សុវណ្ណ អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះជួល ភូមិ​វាល សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​កោះ​កុក ឃុំ​កោះ​ទទឹម ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ សម្ភារៈ​លុយកាក់​បាត់បង់ ប្រាក់​ដុល្លារ​ជាង​៨០០​ដុល្លារ ប្រាក់​រៀល ជាង​៧០​ម៉ឺន​រៀល គ្រឿង​អលង្ការ ខ្សែក ខ្សែដៃ របស់​កូន​ផ្ញើទុក សរុប​អស់ ជាង​១.០០០​ដុល្លារ។​

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជា​រៀងរាល់​ព្រឹក ពួកគាត់​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ តែងតែ​ងើប​ទៅ​ផ្សារ​រក​ទិញ បន្លែ ម្ហូប នៅ​ផ្សារ​ជម្ពូ​វ័ន ដើម្បី​យកទៅលក់​បន្ត​នៅផ្ទះ​ជួល ហើយ​នៅពេល​កើតហេតុ នៅវេលា​ម៉ោង​៥​ព្រឹក គាត់​២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់​ស្ពឺ 1B-0240 ជិះ​ទៅរក​ទិញ​បន្លែ​ដូច​សព្វដង ដោយ​ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ពី​លិចទៅ​កើត លុះដល់​ចំណុច​ភូមិ​អង្គ​កែវ ជិត​ដល់​ផ្សារ​ជម្ពូ​វ័ន​ទៅហើយ ស្រាប់តែ​លេចមុខ​ជន​សង្ស័យ​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង តាម​មកពី​ក្រោយ មួយគ្រឿង​​ ម៉ាក Nex មួយគ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក ជិះ​មក​ពាំង​ពីមុខ ទុក​ឲ្យ​ម៉ូតូ Nex អែប​ជាប់​ពី​ខាងឆ្វេង ធ្វើ​ឲ្យ​ម៉ូតូ​ឈប់ រួច​ជនសង្ស័យ​ឆក់​ដណ្តើមយក​កាបូប​ពី​ចង្កេះ​ស្ដ្រី​ជា​ប្រពន្ធ ហើយ​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ម៉ូតូ​ពាំង​ឃាត់​ពីមុខ មក​កាច់​សោ​ម៉ូតូ​ពន្លត់​ម៉ាស៊ីន​ម៉ូតូ។ ពេលនោះ ក្រុម​ជនសង្ស័យ ឡើង​ជិះ​ម៉ូតូ គេចខ្លួន ទៅ​បាត់អស់ ទោះជា​ដេញតាម ក៏​មិនទាន់ មានតែ​រត់​ចូល​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣ ឲ្យ​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ឆក់ លួច​ខាងលើ​ ដើម្បី​យកមក​ផ្ដន្ទាទោស​តាមច្បាប់ តែ​មិនដឹងថា​រកឃើញ​ឬ​អត់​ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114