ព័ត៍មានទាន់​ហេតុការណ៏
Search

អធិរាជ​ថ្មី​របស់​ជប៉ុន​ជំរុញ​ឲ្យ​ពិភពលោក​មាន​សន្តិភាព​នៅក្នុង​សុន្ទរកថា​ជា​សាធារណៈ​លើកដំបូង

ព្រះ​ចៅ​អធិរាជ Naruhito បាន​ជំរុញ​ឲ្យ​ប្រទេស​ជប៉ុន​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​សន្តិភាព​ពិភពលោក​ខណៈពេល​ព្រះអង្គ​ បានបង្ហាញ​ខ្លួន​ជា​សាធារណៈ​លើកដំបូង​នៅ​ថ្ងៃ​សៅរ៍​នៅ​ចំពោះមុខ​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​។​

ព្រះ​ចៅ Naruhito ព្រះជន្ម​៥៩​វស្សា​ដែល​បាន​ឡើង​គ្រងរាជ្យ​ប​ល្ល័​ង Chrysanthemum កាលពី​ថ្ងៃ​ពុធ​មានបន្ទូលថា “​ខ្ញុំ​សូម​ជូនពរ​ឲ្យ​ប្រទេស​របស់​យើង​រួម​ដៃ​ជាមួយ​ប្រទេសក្រៅ​ដើម្បី​ស្វែងរក​សន្តិភាព​ឲ្យ​ពិភពលោក​និង​ការអភិវឌ្ឍ​បន្ថែមទៀត​”​។​

ព្រះ​ចៅ​អធិរាជ​ទី​១២៦​របស់​ជប៉ុន​អង្គ​នេះ​បានបង្ហាញ​ខ្លួន​រយៈពេល​ខ្លី​នៅលើ​យ៉រ​កញ្ចក់​របស់​ព្រះបរមរាជវាំង​នៅ​កណ្តាល​ទីក្រុង​តូ​ក្យូ​រួមជាមួយ​រាជវង្ស​ពេញវ័យ​ដទៃទៀត​ព្រមទាំង​អធិរាជ​នី Masako ផងដែរ​។​

ព្រះ​ចៅ​អធិរាជ​និង​អធិរាជ​នី​ដែល​សម្រាក​ពី​តំណែង Akihito និង Michiko គឺ​មិនបាន​ចូលរួម​ជាមួយ​បុត្រ​របស់ខ្លួន​ទេ​នៅពេលដែល​អ្នក​ទាំងពីរ​សម្រេចចិត្ត​ដកខ្លួន​ចេញពី​មុខតំណែង​ជា​ផ្លូវការ​បន្ទាប់ពី​ការ​សោយរាជ្យ​រយៈពេល​បី​ទសវត្ស​។​

ព្រះ​ចៅ​អធិរាជ Akihito ព្រះជន្ម​៨៥​វស្សា​គឺជា​អធិរាជ​ជប៉ុន​ដំបូង​គេ​ដែល​ដាក់រាជ្យ​ក្នុង​រយៈពេល​ជាង​ពីរ​សតវត្ស​។​

ព្រះអង្គ Akihito បាន​ក្លាយជា​អធិរាជ​នៅក្នុង​ឆ្នាំ​១៩៨៩​បន្ទាប់ពី​ការ​សោយ​ទិវង្គត​របស់​បិតា​ទ្រង់​ព្រះនាម Hirohito​។​

ក្លឹប​នានា​បាន​ប្រារព្ធ​ពិធី​រាប់​ថយក្រោយ​កាលពី​យប់​ថ្ងៃ​អង្គារ កាំជ្រួច​បាន​ផ្ទុះឡើង​នៅលើ​អាកាស​ហើយ​ហាង​លក់ដូរ​នានា​បានដាក់​លក់ទំនិញ​បញ្ចុះតម្លៃ​ពិសេស​ដើម្បី​គោរព​ដល់ “Reiwa” ដែលជា​ឈ្មោះ​សករាជ​ថ្មី​ក្រោម​ការ​គ្រង​រាជ​របស់​ព្រះ​ចៅ​អធិរាជ Naruhito​។ គូ​ស្វាមីភរិយា​រាប់រយ​គូ​បាន​ប្រញាប់ប្រញាល់​ទៅ​ការិយាល័យ​ក្រុង​ដើម្បី​ចុះឈ្មោះ​រៀប​អាពាហ៍ពិពាហ៍​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114