ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន​បូក​បី​ បញ្ជាក់​ពី​ជំហរ​ប្រឆាំងនឹង​ការ​គាំពារ​និយម​គ្រប់​ទម្រង់​ និង​ជំរុញ​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​

​ភ្នំពេញ​ ៖ យោងតាម​សេចក្ដីថ្លែងការណ៍​រួម ​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារ កណ្តាល​អាស៊ាន​បូក​៣ លើក​ទី​២២ (22ndAFMGM+3), បណ្តា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារ​កណ្តាល​អាស៊ាន​បូក​បី​ បាន​គូស​បញ្ជាក់​ពី​ការ​ប្រឆាំង​ទៅនឹង​ការ​គាំពារ​និយម​គ្រប់​ទម្រង់ និង​ ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​អនុវត្ត​នូវ​វិធាន​ នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ពហុ​ភាគី​និយម និង​ការ​បើកចំហរ​ក្នុង​តំបន់​។​

គួរ​បញ្ជាក់ដែរថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន​បូក​៣ លើក​ទី​២២ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ណា​ឌី ប្រទេស​ហ្វី​ជី នៅក្នុង​អំឡុង ​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​។

លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង ហិរញ្ញវត្ថុ បាន​ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ខាងលើនេះ​។​

បណ្តា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន​បូក​បី ក៏បាន​ពិភាក្សា និង​ ផ្លាស់​ប្ដូរ​យោបល់​ផងដែរ អំពី​ស្ថានភាព និង​ការវិវត្តន៍​ថ្មីៗ​ នៃ​សេដ្ឋកិច្ច​សកល និង ​តំបន់ ដោយបាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កំណើនសេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ាន​បូក​៣ ដែល​ត្រូវបាន​ព្យាករណ៍​ប្រមាណ ៤,៦% និង ៤,៤% ក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ រៀង​គ្នា (​ប្រភពពី ADB) ដែល​គាំទ្រ​ដោយ​ការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស និង​រឹងមាំ​នៃ​តម្រូវការ​ក្នុងស្រុក និង​វិនិយោគ​។ ក៏ប៉ុន្តែ​អង្គប្រជុំ​ក៏បាន​ទទួល​ស្គាល់​អំពី​ភាពចាំបាច់​ក្នុង​ការបន្ត​ប្រើប្រាស់​នូវ​រាល់​ឧបករណ៍​គោលនយោបាយ​នានា នៅក្នុង​តំបន់​អាស៊ាន​បូក​៣ សំដៅ​ឆ្លើយតប​ទៅនឹង​ហានិភ័យ​ចំពោះមុខ​មួយចំនួន ដូចជា​ភាព​តានតឹង​ នៃ​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​, ការធ្លាក់ចុះ​នូវ​កំណើនសេដ្ឋកិច្ច​អឺរ៉ុប​ហួស​ពី​ការរំពឹងទុក និង Brexit, និង​ការវិវត្តន៍​ថ្មីៗ​នៃ​ស្ថានភាព​នយោបាយ ព្រមទាំង​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​រចនាសម្ព័ន្ធ​រយៈពេល​វែង រួមមាន​៖ គំលាត​រវាង​តម្រូវការ​និង​ទំហំ​ទុន​ក្នុងការ វិនិយោគ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​, បញ្ហា​ប្រជាជនមាន​វ័យ​ចំណាស់​កាន់តែច្រើន​, ការ​បំរែបំរួល​អាកាសធាតុ​, និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។​

ក្រៅពីនេះ​អង្គប្រជុំ​ក៏បាន​ពិនិត្យ និង​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​គំនិត​ផ្តួចផ្តើម​សំខាន់ៗ​ចំនួន៣ ដែល​ស្ថិតនៅក្រោម​យន្តការ​កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ​អាស៊ាន​បូក​៣ ដែល​រួមមាន ​៖ (១).​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច អាស៊ាន​បូក​៣ (AMRO), (២).​ពហុ​ភាវូបនីយកម្ម​គំនិត​ផ្ដួចផ្ដើម​ឈៀង​ម៉ៃ (CMIM) និង (៣). គំនិត​ផ្ដួចផ្ដើម​ទីផ្សារ​សញ្ញាប័ណ្ណ​អាស៊ី (ABMI)​។

ជា​លទ្ធផល អង្គប្រជុំ​បានអនុម័ត​លើ​ឯកសារ​មួយចំនួន​រួមមាន ​៖ (១). ឯកសារ​ទិសដៅ​យុទ្ធសាស្ត្រ​នៃ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​បូក​៣, (២). សេចក្តីព្រាង​វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង CMIM, (៣). ឯកសារ​ណែនាំ​ទូទៅ​ស្តីពី​ការបង់​ភាគទាន​ជា​រូបិយវត្ថុ​ក្នុងស្រុក​ក្រោម​យន្តការ CMIM និង (៤). ឯកសារ​ផែនទី​ចង្អុល​ផ្លូវ​រយៈពេល​មធ្យម ២០១៩-២០២២ នៃ​គំនិត​ផ្តួចផ្តើម​ទីផ្សារ​សញ្ញា​បណ្ណ​អាស៊ី​។

អង្គប្រជុំ ​ក៏បាន​ស្វាគមន៍​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ AMRO ក្នុង​ការបន្ត​ពង្រឹងសមត្ថភាព​របស់​ខ្លួន​លើ​ការងារ​អង្កេត​តាមដាន និង​វិភាគ​សេដ្ឋកិច្ច​របស់​ប្រទេស​ជា​សមាជិក ក៏ដូចជា​ការផ្តល់​អនុ​សាសន៍​គោលនយោបាយ​នានា សំដៅ​ចូលរួមចំណែក​រក្សា​នូវ​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តំបន់​។

អង្គប្រជុំ​ ក៏បាន​ស្វាគមន៍​លោក Toshinori Doi ដែល​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ថ្មី​របស់ AMRO សម្រាប់​អាណត្តិ​រយៈពេល៣ឆ្នាំ ផងដែរ​។ អង្គប្រជុំ​បានកត់សម្គាល់​វឌ្ឍនភាព​ នៃ​ការបន្ត​ពង្រឹង និង​លើកកម្ពស់​ដំណើរការ និង​ការត្រៀម​រួចរាល់​ នៃ​យន្តការ​ហិរញ្ញវត្ថុ​តំបន់ តាមរយៈ​ការបញ្ចប់​ការធ្វើ​តេស្ត​សាកល្បង​យន្តការ CMIM លើក​ទី ៩ និង​កំពុង​រៀបចំ​តេស្ត​លើក​ទី ១០ ក៏ដូចជា​ការពិភាក្សា​លើ​ការរៀបចំ​ឯកសារ​ពាក់​ព័ន្ធ​នឹង​ប្រតិបត្តិការ​របស់​យន្តកា​រ​នេះ សំដៅ​ធានាថា​យន្តការ CMIM អាច​ឆ្លើយតប​ទៅនឹង​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ជា​សមាជិក​នាពេល​អនាគត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ទាន់ពេលវេលា​។ ជាងនេះទៅទៀត អង្គប្រជុំ​បាន​សំដែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​រីកចម្រើន​ នៃ​កិច្ចសហប្រតិបត្តិការ នៅក្នុង​ក្របខណ្ឌ​គំនិត​ផ្តួចផ្តើម​ទីផ្សារ​សញ្ញាប័ណ្ណ​អាស៊ី ដែល​មាន​តួនាទី​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​ទីផ្សារ​សញ្ញាប័ណ្ណ​ជា​រូបិយវត្ថុ​ជាតិ​នៅតាម​ប្រទេស​ជា​សមាជិក និង​មាន​តួនាទី​ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​ភាព​ធន ​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​តំបន់ តាមរយៈ​ការ​ជំរុញ​ការប្រើប្រាស់​ហិរញ្ញប្បទាន​ជា​រូបិយវត្ថុ​ជាតិ​។

នៅក្នុង​អំឡុង​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​លើក​ទី​៥២ នៅ​ប្រទេស​ហ្វី​ជី​នេះ​ផង​ដែរ តាម​ការអញ្ជើញ​របស់​ជប៉ុន​, លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំ ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ក៏បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​បណ្តា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន ដែលជា​សមាជិក​នៃ​ក្រប​ខ័ណ្ឌ​ធានារ៉ាប់រង​លើ​ហានិភ័យ នៃ​គ្រោះមហន្តរាយ​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ (SEADRIF) រួមមាន ​៖ កម្ពុជា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ មី​យ៉ាន់​ម៉ា ហ្វីលីពីន និង​សឹង្ហ​បុរី ព្រមទាំង​តំណាង​ធនាគារ​ពិភព​លោក និង​លេខាធិការដ្ឋាន​អាស៊ាន​។

កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក តា​រ៉ូ អាសូ ដែលជា​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន និង​បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​។

អង្គប្រជុំ​បានធ្វើការ​ពិនិត្យ និង​ពិភាក្សា​លើ​បច្ចុប្បន្នភាព​នៃ​ដំណើរការ​ នៃ​បន្ត​រៀបចំ​បង្កើត​យន្តការ និង​អនុវត្ត SEADRIF ដែល​ក្នុងនោះ​អង្គប្រជុំ​បានកត់សម្គាល់​លើ​វឌ្ឍនភាព​សំខាន់ៗ​ចុងក្រោយ​មួយ​ចំនួន រួមមាន ​៖ ការបង្កើត​ក្រុមហ៊ុន​ធានារ៉ាប់រង SEADRIF និង​ការសម្រេចចិត្ត​របស់​ហ្វីលីពីន​ក្នុង​ការចូល​ជា​សមាជិក​ថ្មី​របស់ SEADRIF​។ អង្គ​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​លើ​វឌ្ឍនភាព​ថ្មីៗ​នៃ​យន្តការ SEADRIF និង​បាន​គូសបញ្ជាក់​ជាថ្មី​ម្តងទៀត​អំពី​សារៈសំខាន់​នៃ​យន្តការ SEADRIF នេះ ក្នុង​ការជួយ​ប្រទេស​ជា​សមាជិក​នៅពេល​ជួប​គ្រោះមហន្តរាយធម្មជាតិ​។

អង្គ​ប្រជុំបាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​ពង្រឹង​សហប្រតិបត្តិការ​ក្នុងការ​អភិវឌ្ឍ SEADRIF ឲ្យ​ក្លាយ​ជា​យន្តការ​តំបន់​មួយ​ដែល​អាចឆ្លើយតប​ទាន់ពេលវេលា និង​ មាន​ប្រសិទ្ធភាព ក៏ដូចជា​ពង្រឹង​ភាព​ធន់​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់​អាស៊ាន​បូក​៣​ចំពោះ ផល​ប៉ះពាល់ និង​ហានិភ័យ​ នៃ​គ្រោះ​មហន្តរាយ និង​ការប្រែប្រួល​អាកាសធាតុ​។ អង្គ​ប្រជុំបាន​ថ្លែងអំណរគុណ​ដល់​ធនាគា​រ​ពិភពលោក​ដែល​បានផ្តល់​ជំនួយ​បច្ចេកទេស និង​លេខាធិការដ្ឋាន​អាស៊ាន ដែល​បាន​ផ្តល់​សេវា​គាំទ្រ នៅ​ក្នុង​ដំណើរការ ​នៃ​ការរៀបចំ​យន្តការ SEADRIF៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114