ព័ត៍មានទាន់​ហេតុការណ៏
Search

សហព័ន្ធ​កីឡា​ខ្មែរ​ទោចក្រយាន បង្កើត​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ​ដើម្បី​អភិវឌ្ឍ​វិស័យ​ប្រណាំង​កង់​ភ្នំ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ផុលផុស

ភ្នំពេញ​ ៖​ សហព័ន្ធ​កីឡា​ខ្មែរ​ទោចក្រយាន បាន​បង្កើត​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ​ដើម្បី​អភិវឌ្ឍ​វិស័យ​ប្រណាំង​កង់​ភ្នំ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ផុលផុស​ថែមទៀត​ខណៈ​ការប្រណាំង​កង់​ភ្នំ​ដំណាក់កាល​ទី​១​នៅ​រាជធានី​ភ្នំពេញ​មាន​អ្នកចូលរួម​ច្រើន​ជា​បណ្តា​ឆ្នាំមុនៗ​ប្រមាណ​ជិត​១០០​នាក់​ទាំង​មនុស្ស​ចាស់​និង​កុមារ​ផងដែរ​។

ថ្លែង​ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​ប្រកួតប្រណាំង​កង់​ភ្នំ ឬ​ហៅថា​( Mountai Biking Series ឆ្នាំ២០១៩) កាលពី​អាទិត្យ​ទី​៥​ខែឧសភា​កន្លងទៅ​នៅ​ទីលានប្រណាំង​ព្រែកលៀប លោក ព្យែ អ៊ីវ​កាត់​ទ្រី អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​ខ្មែរ​ទោចក្រយាន​និង​ជា​ស្ថាបនិក​បង្កើត​ព្រឹត្តិការណ៍​នេះ​បាន​ឲ្យ​ដឹងថា ​ការប្រកួត​ដំណាក់កាល​ទី​១ គឺ​ទទួលបាន​ជោគជ័យ ជាង​ឆ្នាំមុនៗ​ព្រោះ​មាន​អ្នកចូលរួម​ច្រើន​លើសពី​ការរំពឹងទុក ពិសេស​គឺ​ក្មេងៗ​តែម្តង។

លោក ព្យែ អ៊ីវ​កាត់​ទ្រី បញ្ជាក់​ថា ការប្រកួត​ជុំ​ដំបូង​នេះ ភូមិសាស្ត្រ​ផ្លូវ​ប្រកួត​ហាក់ ស្រួល​បន្តិច សម្រាប់​អ្នកចូលរួម ត្បិត​យើង​ចង់​ឲ្យ​កីឡាករ​កីឡាការិនី​ចូលរួម​ប្រកួត​បាន​ច្រើន ។ ប៉ុន្តែ​ដំណាក់កាល​ប្រកួត​ជុំ​បន្តបន្ទាប់​ទៀត​យើង​និង​ធ្វើ​ផ្លូវ​សម្រាប់​ប្រកួត​ឲ្យ​មាន​សភាព​លំបាក​បន្តិច​ម្តងៗ​តាម​ដំណាក់កាល​នៃ​ការប្រកួត។

ដោយឡែក លោក អ៊ុ វណ្ណៈ ប្រធាន​ផ្នែក​ទំនាក់ទំនង​ក្រុមហ៊ុន​វី​តា​ល់​បាន​លើកឡើងថា ការចូលរួម​គាំទ្រ​ឧបត្ថម្ភ ពី​វី​តា​ល់​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​កង់​ដ៍​ពេញនិយម​មួយ​នេះ គឺធ្វើឡើង​ក្នុង​គោលដៅ រួមចំណែក​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ប្រណាំង​កង់​ភ្នំ​នៅ​កម្ពុជា​ឲ្យ​កាន់​តែមាន​ភាព​ផុលផុស​ខ្លាំង​ឡើងៗ​និង​ដើម្បី​ផលិត​បាន​នូវ​ធនធាន​កីឡាករ​កីឡាការិនី​កង់​ភ្នំ​ល្អៗ​ត្រៀម​ចេញ​ប្រកួតប្រជែង​ទាំង​នៅ​ថ្នាក់ជាតិ​និង​អន្តរជាតិ​នាពេលខាងមុខ។

លោក​បាន​បន្តទៀតថា វី​តា​ល់​តែង​ចូលរួម ឧបត្ថម្ភ​គ្រប់​សកម្មភាព ដូច ការងារ​សង្គម មនុស្សធម៌ និង​សកម្មភាព​កីឡា តាមរយៈ​មូលនិធិ​២៥​រៀល ដែល​ប្រជាពលរដ្ឋ​ជាវ​ទឹក​វី​តា​ល់​១​ទឹក​១​ដប​យកទៅ​ពិសារ។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រកួតប្រណាំង​កង់​ភ្នំ​ដែល​ប្រសិទ្ធិ​នាម​ថា Mountai Biking Series ឆ្នាំ​២០១៩​មាន​ចំនួន​៥​ដំណាក់កាល ដំណាក់កាល​ទី​១ ធ្វើ​នៅ​ទីលានប្រណាំង​ព្រែកលៀប នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​៥​ខែឧសភា ម្សិលមិញ​នេះ រីឯ​ដំណាក់កាល​ទី​២ ធ្វើ​នៅ​ខេត្ត​កែប​នា​ថ្ងៃទី​១៦ ខែមិថុនា ដំណាក់កាល​ទី​៣​ធ្វើ​នៅ​ភ្នំ​ជៀល ខេត្តកំពង់ស្ពឺ​ថ្ងៃទី​២១ ខែ សីហា ដំណាក់កាល​ទី​៤​ធ្វើ​នៅ​ភ្នំ​បា​សិទ្ធិ ខេត្តកណ្តាល ថ្ងៃទី​៣ ខែវិច្ឆិកា និង​ដំណាក់កាល​ទី​៥ ជុំ​ចុងក្រោយ​ធ្វើ​នៅ កំពូលភ្នំ​គិរី​រម្យ​ថ្ងៃទី​១៥ ខែ ១២ ឆ្នាំ​២០១៩៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114