ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Rouhani ៖ អ៊ីរ៉ង់​ត្រូវតែ​ទប់ស្កាត់​លើ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​តាមរយៈ​ការបន្ត​នាំចេញ​ប្រេង និង​ផលិតផល​មិន​ពាក់ព័ន្ធ​នឹង​ប្រេង​

ប្រធានាធិបតី Hassan Rouhani បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា អ៊ីរ៉ង់​ត្រូវតែ​ប្រឆាំងនឹង​ទណ្ឌកម្ម​របស់​អាមេរិក​ដោយ​បន្ត​ការនាំចេញ​ប្រេង ក៏ដូចជា​បង្កើន​ការនាំចេញ​ផលិតផល​មិនមែន​ប្រេង​ឱ្យបាន​កាន់តែ​ច្រើនជាង​មុន​។​

ប្រសាសន៍​របស់លោក​ប្រធានាធិបតី​ត្រូវបាន​ចាក់ផ្សាយ​ផ្ទាល់​នៅលើ​ទូរទស្សន៍​អ៊ីរ៉ង់ គឺ​មួយថ្ងៃ​ក្រោយពី​ក្រុង​វ៉ាស៊ីនតោន​បានធ្វើ​សកម្មភាព​បង្ខំ​អ៊ីរ៉ង់​ឱ្យ​បញ្ឈប់​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ន្យោ​ម​កម្រិត​ទាប និង​ការពង្រីក​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​តែមួយគត់​របស់ខ្លួន ដែល​កំពុង​បង្កើត​យុទ្ធនាការ​មួយ​ដើម្បី​បញ្ឈប់​កម្មវិធី​មី​ស៊ី​ល​ផ្លោង​របស់​ក្រុង​តេ​អេ​រ៉ង់ និង​ទប់ស្កាត់​អំណាច​ក្នុង​តំបន់​របស់​ប្រទេស​នេះ​។​

លោក​បាន​និយាយថា “​អាមេរិក​កំពុង​ព្យាយាម​កាត់បន្ថយ​ប្រភព​ធន​បរទេស​របស់​យើង​! ដូច្នេះ​យើង​ត្រូវតែ​បង្កើន​ចំណូល​ពី​រូបិយប័ណ្ណ​រឹង​របស់​យើង និង​កាត់បន្ថយ​ការចាយវាយ​!”
“​កាលពី​ឆ្នាំមុន យើង​បានធ្វើ​ការនាំចេញ​ផលិតផល​មិនមែន​ប្រេង​របស់​យើង​បាន ៤៣​ពាន់​លាន​ដុល្លារ​! យើង​គួរតែ​បង្កើន​ការផលិត និង​បង្កើន​ការនាំចេញ​ផលិតផល​ទាំងនេះ​អស់​បន្ថែមទៀត និង​ទប់ទល់​ផែនការ​អាក្រក់​របស់​អា​មេ​រិ​ក​ដែល​ប្រឆាំង​ការលក់​ប្រេង​របស់​យើង​!”

កាលពី​សប្ដាហ៍​មុននេះ អាមេរិក​ថា​នឹង​មិនមាន​ករណី​លើកលែង​ណាមួយ​ឡើយ​ចំពោះ​ប្រទេស​ណា​ដែល​ទិញ​ប្រេង​ពី​អ៊ីរ៉ង់ ក្នុង​គោលបំណង​គាប​ឱ្យ​ការនាំចេញ​ប្រេង​របស់​ប្រទេសមួយ​នេះ​ធ្លាក់ចុះ​ដល់​សូន្យ​តែម្ដង​។

គួរ​រម្លឹក​ដែរ​ថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រដ្ឋបាល​លោក​ត្រាំ​បានដាក់​ទណ្ឌកម្ម​លើ​វិស័យ​នយោបាយ និង​សេដ្ឋកិច្ច​របស់​ក្រុង​តេ​ហេ​រ៉ង់​ឱ្យនៅ​ដាច់​ពី​គេ ដោយ​ចាប់ផ្ដើម​ពី​ការបញ្ឈប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​អាមេរិក​កាលពី​ឆ្នាំទៅ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114