Connect with us

ព័ត៌មានអន្ដរជាតិ

អេស្ប៉ាញ៖ ចេតនារបស់អាមេរិកចង់​យកទឹកដី Greenland នឹងផ្ដល់ផលចំណេញដល់ពូទីន

បានផុស

នៅ

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez បានព្រមានកាលពីថ្ងៃអាទិត្យ​ទី​១៨​ខែ​មករា​ឆ្នាំ​២០២៦​ថា រាល់ការប៉ុនប៉ងណាមួយរបស់សហរដ្ឋអាមេរិក ក្នុងការឈ្លានពាន ឬដណ្តើមយកទឹកដី Greenland ដោយបង្ខំ នឹងក្លាយជាការវាយប្រហារជាប្រវត្តិសាស្ត្រចំពោះអង្គការ​ណាតូ និងបម្រើដល់ផលប្រយោជន៍របស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។

លោក Pedro Sánchez (រូបថត៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទសម្ភាសន៍ជាមួយកាសែត La Vanguardia លោក Sánchez បានអះអាងថា ទង្វើបែបនេះនឹង «ផ្តល់ភាពស្របច្បាប់» ដល់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយអាចជាសញ្ញានៃ «ការបញ្ចប់» នៃសម្ព័ន្ធភាពយោធាឆ្លងមហាសមុទ្រអាត្លង់ទិក។

មតិយោបល់របស់នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​ បានធ្វើឡើងបន្ទាប់ពីមានការកើនឡើងនូវវោហាសាស្ត្រពីសំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលកាលពីថ្ងៃសៅរ៍បានប្តេជ្ញាដាក់ពន្ធគយជាបន្តបន្ទាប់លើសម្ព័ន្ធមិត្តអឺរ៉ុប ដើម្បីដាក់សម្ពាធ​ឲ្យ​ប្រទេសដាណឺម៉ាកលក់ទឹកដីស្វយ័តនៅតំបន់អាកទិក​មួយ​នេះ។ តាមផែនការ ពន្ធលើការនាំចូល១០%ដំបូងលើទំនិញពីប្រទេសដាណឺម៉ាក ន័រវែស ស៊ុយអែត បារាំង អាល្លឺម៉ង់ ហូឡង់ ហ្វាំងឡង់ និងចក្រភពអង់គ្លេស នឹងត្រូវចូលជាធរមាននៅថ្ងៃទី១​ខែកុម្ភៈ។ លោកត្រាំ បានបញ្ជាក់​ថា អត្រាពន្ធនឹងកើនឡើងដល់​២៥%នៅ​ថ្ងៃទី១​ខែមិថុនា បើមិនមានកិច្ចព្រមព្រៀងសម្រាប់«ការទិញយកទាំងស្រុង»នូវកោះ Greenland នោះទេ។

វិវាទទឹកដីនេះ បានធ្វើ​ឲ្យ​ទំនាក់ទំនងរវាង​អាមេរិក និងអឺរ៉ុបធ្លាក់ចុះដល់កម្រិតទាបថ្មីមួយ ខណៈដែលមេដឹកនាំនៅទីក្រុង Copenhagen និងទីក្រុង Nuuk បានបញ្ជាក់ម្តងហើយម្តងទៀតថា កោះនេះមិនមែនសម្រាប់លក់នោះឡើយ។ សមាជិកសហភាពអឺរ៉ុបត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅសប្តាហ៍នេះ ដើម្បីសម្របសម្រួលការឆ្លើយតបចំពោះវិបត្តិពាណិជ្ជកម្ម និងសន្តិសុខដែលកំពុងកើនឡើងនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម