ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​ចិន​ប្រុស/ស្រី​ពីរ​នាក់​​ ​ប្រើ​ល្បិច​ជួល​រថយន្ត​​គេ​ជិះ រួច​ធ្វើ​សកម្មភាព​ប្លន់​មិន​បាន​សម្រេច ​ត្រូវ​ឃាត់ខ្លួន

​តាកែវ ៖ ជនសង្ស័យ​ក្នុងករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ជា​ជនជាតិ​ចិន​ប្រុស/ស្រី​២​នាក់ ​ត្រូវបាន​ប៉ូលិស​ស្រុក​ត្រាំកក់ សហការ​ជាមួយ​កម្លាំង​ជំនាញ​ នៃ​ស្នងការ​នគរបាល​ខេត្ត​តាកែវ ធ្វើការ​ឃាត់ខ្លួន​បាន បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​រថយន្ត​លុយ​ស៊ី​ស​មួយគ្រឿង​ដែល​ពួកគេ​ជួល​ជិះ​មកពី​ភ្នំពេញ​។

ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់​ដែល​ប្លន់​រថយន្ត​នេះ ធ្វើឡើង​នៅ​ផ្លូវបំបែក​អង្គតាសោម ភូមិ​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ វេលា​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៩ ដោយ​កម្លាំង​ប៉ូលិស​ស្រុក​ត្រាំកក់ សហការ​ជា​មួយ​នឹង​កម្លាំង​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត​តាកែវ​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​ស្រុក​ត្រាំកក់​បាន​ប្រាប់​ថា ជនជាតិ​ចិន​ទាំងពីរ​នាក់​ បាន​ជួល​រថយន្ត lexus RX300 ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-8959 ពណ៌​ទឹកប្រាក់ ជិះ​ពី​ពោធិចិនតុង លុះ​មកដល់​ចំណុច​ផ្សារ​គុម្ព​ឫស្សី ឃុំ​តាំង​ដូង ស្រុក​បាទី ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ភ្ជង់​ជនរងគ្រោះ គំរាម​ប្លន់​រថយន្ត ខណៈ​ដែល​ជនរងគ្រោះ​កំពុងតែ​បើកបរ​។

ក្រោយមក អ្នក​បើកបរ​ជា​ម្ចាស់​រថយន្ត​ ក៏បាន​ប្រើ​ល្បិច​ធ្វើជា​ចង់​បត់ជើងធំ រួច​ក៏បាន​ប្រតាយប្រតប់​គ្នា​ជាមួយ​ជនសង្ស័យ តែ​ត្រូវ​បាន​ជនជាតិ​ចិន​នោះ​ ចាក់​នឹង​កាំបិត​ធ្វើ​ឲ្យ​រង​របួស បន្ទាប់មក​ជន​សង្ស័យ​បាន​បើក​រថយន្ត​ពីរ​នាក់​ជនជាតិ​ចិន​ស្រី​ម្នាក់ទៀត​បន្ត​មក​ខាងមុខ​លើ​ផ្លូវ​ជាតិ​លេខ​៣ លុះ​មក​ដល់​ស្រុក​ត្រាំកក់ ​ក៏​ត្រូវ​បាន​កម្លាំង​ប៉ូលិស ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​ត្រាំកក់​ចាប់​ឃាត់ខ្លួន​បានតែ​ម្តង​។

ប៉ូលិស​បាន​បញ្ជាក់​ថា ជនសង្ស័យ​មាន ឈ្មោះ ចាង ជីន​ស៊ីន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង ​ម្នាក់ទៀត​មានឈ្មោះ សែ​វ ជីន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ទាំងពីរ​នាក់​ស្នាក់នៅ​ទីក្រុង​ភ្នំពេញ​។​

បច្ចុប្បន្ន ​ជនសង្ស័យ​ ក្នុងករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ទាំង​២​នាក់​ ដែល​បង្ក្រាប​បាន​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ ​នៃ​អធិការ​នគរបាល​ស្រុក​ត្រាំកក់​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត​តាកែវ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114