ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​ជា​អធិបតី​ពិធី​អបអរសាទរ​ខួប​១៥៦ ទិវា​ពិភពលោក​កាកបាទ ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា​

ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ​ខួប​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍ​ចន្ទ​ក្រហម ៨​ឧសភា ដែល​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​។​

ពិធី​អបអរសាទរ​ខួប​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា​ឆ្នាំនេះ ធ្វើ​ឡើង​ក្រោម​ប្រធានបទ «​ខ្ញុំ​ស្រឡាញ់ កាកបាទក្រហមកម្ពុជា​»​។ ទន្ទឹម​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​១៥៦ ទិវា​ពិភពលោក​កាកបាទ ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា និង​ពិធី​អបអរ​ខួប ១០០​ឆ្នាំ នៃ​ការ​បង្កើត​សហព័ន្ធ​អន្តរជាតិ នៃ​សមាគម​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម (១៩១៩-២០១៩)។​

ការ​ប្រារព្ធ​ទិវា​ដ៏​មហោឡារិក​នេះ ដឹកនាំ​ដោយ​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា និង​មាន​ការចូល រួម​ពី​ឥស្សរជន ថ្នាក់ដឹកនាំ​ជាតិ អន្តរជាតិ សប្បុរសជន និង​សិស្ស និស្សិត​សរុប​ប្រមាណ​៤​ពាន់​នាក់​។​

ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម បាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល​សម្រេចបាន និង​កៀរគរ​រក​មូលនិធិ ដើម្បី​បន្ត​ប្រតិបត្តិការ​មនុស្ស​ធម៌ ជួយ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដោយ​មិន​ប្រកាន់​និន្នាការ​នយោ​បាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់​។​

កាកបាទក្រហម​កម្ពុជា ដែលមាន​ សម្តេច​ព្រះមហា​ក្ស​ត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ គង់ប្រថាប់​ជា​ព្រះប្រធាន​កិត្តិយស និង​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន គឺជា​អង្គការ​មនុស្សធម៌​ដ៏​ធំ​បំផុត​នៅ​កម្ពុជា ធ្វើ​សកម្មភាព​លើ​ការងារ​ស្នូល​ចំនួន​៤​រួមមាន ​៖
​ទី​១-ការចូលរួមចំណែក​សង្គ្រោះ​ជីវិត កសាង​ភាព​ធន់​ទៅនឹង​គ្រោះ​មហន្ដរាយ​ដោយ​ធម្មជាតិ និង​មនុស្ស​បង្កើតឡើង។
ទី​២-ចូលរួមចំណែក​កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់ ​នៃ​មាតា ទារក និង​កុមារ ការពារ​ជំងឺ​ឆ្លងៗ​ផ្សេង និង​អន្តរាគមន៍​សុខភាព​គ្រាអាសន្ន។​
ទី​៣-ការលើកកម្ពស់​គោលការណ៍​គ្រឹះ តម្លៃ​មនុស្ស សេចក្ដីថ្លៃថ្នូរ​របស់​មនុស្សជាតិ និង​វប្បធម៌ អហិង្សា។
​ទី​៤-ពង្រឹង​ការ​រក្សា​កិត្តិនាម កាកបាទក្រហម​កម្ពុជា ជា​សមាគម​ជាតិ​មានដំណើរ​ការ​ល្អ ក្នុង​ការ​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ នៅ​គ្រប់​ទីកន្លែង និង​ទាន់​ពេលវេលា​។​

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​បាន​ថ្លែង​ថា ជា​ការ​ពិត​ណាស់​ក្នុង​ឆ្នាំ២០១៨​ និង ៤​ខែ​ ដើមឆ្នាំ​២០១៩​នេះ កាកបាទក្រហម​កម្ពុជា​ដែលមាន​សាខា​នៅ​តាម​រាជធានី​ខេត្ត​ទាំង២៥ អាច​សម្រេច​បាន​នូវ​សមិទ្ធផល​ធំៗ​គួរឲ្យ​កត់សម្គាល់​ជា​រួម​មាន​ប្រជាពលរដ្ឋ​តាម​ជនបទ​ដាច់ស្រយាល​ជិត​៣​ម៉ឺន​គ្រួសារ ​បានទទួល​អណ្ដូង​ទឹកស្អាត​ចំនួន​១៣៩ ចាស់ៗ​គ្មាន​ទីពឹង​គ្រួសារ​ពិការភាព ស្ត្រី​មេម៉ាយ ទុរគត​ចំនួន​១៦៧​គ្រួសារ​ទទួល​បាន​ផ្ទះ​ថ្មី ប្រជាពលរដ្ឋ​តាម​ជនបទ​៤៥៣​គ្រួសារ​ទទួល​បាន​បង្គន់​អនាម័យ គ្រួសារ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ និង​ចាស់​ឥត​ទីពឹង​កុមារ​កំព្រា​គ្រួសារ​មាន​ជំងឺ​រ៉ាំរ៉ៃ ស្ត្រី​មេម៉ាយ​ចំនួន​ជាង១៤​ម៉ឺន​គ្រួសារ ទទួល​បាន​អំណោយ​ជា​ស្បៀង សម្ភារៈ​ជួយ​សម្រាល​ជីវភាព​រស់នៅ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ប្រឈម​ជំងឺគ្រុនចាញ់​គ្រុន​ឈាម​ចំនួន ២​ម៉ឺន​គ្រួសារ​ បាន​ទទួល​អំណោយ​ជា​មុង​សុវត្ថិភាព អ្នក​ពិការ​ជើង​ចំនួន​៩៥៦​នាក់ ទទួល​បាន​រទេះ​ពិការ ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​រាប់រយ​គ្រួសារ​ទទួលបាន​ប្រាក់កម្ចី​ធ្វើ​ដើម​ទុន​ប្រកប​របរ​ចិញ្ចឹមជីវិត អ្នកស្ម័គ្រចិត្ត​និង​បុគ្គលិក​ក្នុង​វិស័យ​ឯកជន​ជាង​៤​ពាន់​នាក់ ទទួលបាន​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សង្គ្រោះ​បឋម ប្រជាពលរដ្ឋ​តាម​សហគមន៍​រាប់ម៉ឺន​គ្រួ​សារបាន​ចូលរួម​ក្នុងការ​ផ្សព្វផ្សាយ ​លើកកម្ពស់​ការយល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន​គ្រាប់ ​មិនទាន់​ទទួល​ការ​ថែទាំ​សុខភាព​ការប្រើប្រាស់​ទឹកស្អាត​អនាម័យ​អាហារូបត្ថម្ភ​។

ជាមួយគ្នានេះ​ សិស្ស​និស្សិត​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៨​ម៉ឺន​នាក់ ទទួល​បាន​ចំណេះ​ដឹង​តាមរយៈ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ ស្តីពី​ចរាចរណ៍​ផ្លូវគោក​។​

ជា​រៀងរាល់​ឆ្នាំ​កាកបាទក្រហម​កម្ពុជា​តែងតែ​ផ្សព្វផ្សាយ​ជូន​បងប្អូន​ជនរួមជាតិ​តាម​គ្រប់​ប្រព័ន្ធ​ព័ត៌​មាន​នូវ​សារ​អំពាវនាវ​ ស្តីពី​ការអប់រំ​ថែទាំ​សុខភាព​ក្នុង​ឱកាស​ទិវា​ជាតិ​សុខភាព​មាតា​ទារក ​និង​កុមារ ថ្ងៃ​២១​កុម្ភៈ ទិវា​ឆ្មប​ជាតិ​ប្រៃ​ខ្ពស់​សភា​ និង​ទិវា​ពិភពលោក​ប្រយុទ្ធ​ និង​ជំងឺ​អេដស៍​១​ធ្នូ​។​

លើសពីនេះទៅទៀត ក្នុង​រយៈពេល​៤​ខែ​ដើម​ឆ្នាំ​២០១៩​នេះ សាខា​២៥​រាជធានី ខេត្ត​បាន​ផ្ដល់​អំណោយ​ជូន​អ្នករងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​១១៦​ដង ​ចំនួន​៣.០៣៥​គ្រួសារ​។
​ជាមួយគ្នានេះដែរ កាកបាទក្រហម​កម្ពុជា​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​តាមរយៈ​មូល​និធិ​គន្ធបុប្ផា​កម្ពុជា​ចំនួន១​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​២០១៨​ ហើយ​នៅ​ឆ្នាំ​២០១៩​នេះ​ នឹង​បន្ត​ជួយ​ទៀត​ដល់​ថវិកា​អស់​ធំ​ប្រចាំឆ្នាំ​ដល់​អង្គការ​ចំនួន​៣​ចុះ​សួរ​សុខទុក្ខ សមាគម​ និង​អង្គការ​មួយចំនួន​ ដើម្បី​ឧបត្ថម្ភ​ស្បៀង ផ្តល់​អាហារ​សាមគ្គី​ដល់​កុមារ​កំព្រា អ្នកមាន​ពិការភាព សិស្ស​និស្សិត​ក្រីក្រ ព្រមទាំង​ផ្ដល់​ដល់​អនុសាខា​តាម​ខណ្ឌ​ទាំង​១២​ក្នុង​រាជធានី ចំនួន​ពីរ​លើក​ ក្នុង​មួយឆ្នាំ​នូវ​អង្ករ​ជាង​២០០​តោន សម្រាប់​ប្រជាពលរដ្ឋ​រងគ្រោះ ៧.២០០​គ្រួសារ​ទៀត​។​

ក្នុង​ស្មារតី​សាមគ្គីភាព​ជាមួយ​សមាគម​ជាតិ​ជា​បងប្អូន កាកបាទក្រហម​កម្ពុជា​នៅបាន​ផ្ដល់​ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ​ ជួយ​ដល់​អ្នករងគ្រោះ​ដោយ​ការបាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ឡាវ​ និង​ចំនួន​៥​ម៉ឺន​ដុល្លារ ជួយ​អ្នករងគ្រោះ​ដោយ​រញ្ជួយ​ដី ​និង​រលក​យក្ស​ស៊ូណាមិ​នៅ​ឥណ្ឌូណេស៊ី​។​

សម្ដេច​ប្រធាន​បាន​គូសបញ្ជាក់ថា សុខ​សន្តិ ភាព ស្ថិរភាព និង​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ នៃ​កំណើន​សេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​បាន​ផ្ដល់ឱកាស​ឲ្យ​កាកបាទក្រហម​កម្ពុជា​ព​ង្រី​កបាន​ភាព​ម្ចាស់ការ​ និង​សម្រេច​បាន​សមិទ្ធផល​ជាច្រើន​។ សមិទ្ធផល ​នៃ​កាកបាទក្រហម​កម្ពុជា សម្រេចបាន​ទាំងអស់​គឺ​ពិតជា​មិនអាច​កាត់ផ្ដាច់​បានឡើយ​ពី​ការគាំទ្រ​របស់​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ នឹង​ការចូលរួម​បរិច្ចាគ​ដ៏​មានតម្លៃ​ពី​សំណាក់​ សម្ដេច ឯកឧត្ដម លោកជំទាវ លោក​ឧកញ៉ា លោក លោក​ស្រី​សប្បុរស​ជនជាតិ អន្តរជាតិ​ទាំងអស់​ដែលមាន​សប្បុរសធម៌​មាន​ក្តី មេត្តា អាណិត​អាសូរ​ និង​ចែក​រំលែក​ក្តី​ស្រឡាញ់​ជាមួយ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​តាមរយៈ​កាកបាទក្រហម​កម្ពុជា។​

លោក​គ្រី​ស្តុ​បស​ត់​ធឺរ ប្រធាន​ប្រតិភូ​ភូមិភាគ​គណៈកម្មាធិការ​ជាតិ​ នៃ​កាកបាទក្រហម អាយ​.​ស៊ី​.​អរ​.​ស៊ី ប្រច​ទីក្រុង​បាងកក បាន​មានប្រសាសន៍ថា ទិវា​ពិភពលោក​កាក​ក្រហម អឌ្ឍចន្ទ​ក្រហម​៨​ឧសភា​ឆ្នាំ​២០១៩ គឺជា​ទិវា​ដែល​ត្រូវ​ចងចាំ​។ ​ចលនា​កាកបាទក្រហម ​និង​អឌ្ឍចន្ទ​ក្រហម គឺ​មាន​តែមួយគត់ គឺ​តួនាទី ​និង​គោលការណ៍​ ត្រូវបាន​ទទួលស្គាល់​ជា​សាកល​ដោយ​រដ្ឋ​ និង​ប្រជាជន​។​ ចលនា​នេះ​បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​រក្សាបាន​នូវ​ឯករាជ្យ​របស់ខ្លួន​ពី​នយោបាយ ជាតិ​សាសន៍​ និង​សាសនា និង​ស្ថិត​លើ​គោលការណ៍ ភាពមិនលំអៀង​ និង​អព្យាក្រឹត ភាព​។

​លោក​បញ្ជាក់ថា កាកបាទក្រហម​កម្ពុជា​ដែលមាន​សមាជិក​ និង​អ្នក​ស្ម័គ្រ​ចិត្ត​ប្រមាណ៥០.០០០​នាក់ ដែល​នេះ​ជា​គំរូ​មួយ​ដល់​បណ្តា​សមាជិក​របស់​គ្រួសារ​កាកបាទក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​ដទៃ​ទៀត​។​ ក្នុងនាម​ជា​ដៃគូ​ដែល​គួរ​ឲ្យ​ទុកចិត្ត​របស់​កាកបាទក្រហម​កម្ពុជា គណៈកម្មាធិការ​អន្តរជាតិ​កាកបាទ​ក្រហម​ ដែលមាន​វត្តមាន​ដ៏​យូរអង្វែង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នឹង​រក្សា​នូវ​ភាពជា​ដៃគូ​យូរ​អង្វែង​នេះ​តទៅទៀត​ ហើយ​នឹង​បន្ត​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​លើ​វិស័យ​ស្តារនី​តិសម្បទា ​និង​លុបបំបាត់ កាត់បន្ថយ​គ្រោះថ្នាក់​ដោយ​អាវុធជាតិផ្ទុះ ដើម្បី​ផ្តល់នូវ​ឱកាស​សង្គម​ថ្មី​សម្រាប់​សហគមន៍​នៅ​កម្ពុជា។​

សូម​បញ្ជាក់​ថា ពិធី​អបអរសាទរ​ខួប​១៥៥ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា កាលពី​ឆ្នាំ​២០១៨​កន្លងទៅ កាកបាទក្រហម​កម្ពុជា ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​សប្បុរសជន​នានា​សរុប​ជាង១៨​លាន​ដុល្លារ​អាមេរិក៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114