Connect with us

ព័ត៌មានជាតិ

គណៈកម្មការជំនាញព្រឹទ្ធសភា ជួបតំណាងរដ្ឋាភិបាល ដើម្បីជជែកលើសេចក្តីព្រាងច្បាប់ស្ដីពីច្បាប់សមុទ្រ

បានផុស

នៅ

នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោកស្រី ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា បានដឹកនាំអន្តរគណៈកម្មការជំនាញព្រឹទ្ធសភា ជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចប្រគល់ឱ្យគណៈកម្មការនីតិកម្ម និងយុត្តិធម៌ សហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន រួមនឹងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា ដើម្បីធ្វើការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ហើយត្រូវនាំយកយោបល់មកជូនគណៈកម្មាធិការអចិន្ត្រៃយ៍វិញ មុនដាក់ឆ្លងសម័យប្រជុំពេញអង្គព្រឹទ្ធសភា។

អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) កំណត់អំពីក្របខ័ណ្ឌគតិយុត្តនៃការកំណត់ព្រំដែនសមុទ្រ សេរីភាពផ្នែកនាវាចរណ៌ តាមផ្លូវសមុទ្រ សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការប្រើប្រាស់លម្អសមុទ្រ និងសេចក្តីណែនាំនានាសម្រាប់ការធ្វើធុរកិច្ច កិច្ចការពារបរិស្ថាន ព្រមទាំងការគ្រប់គ្រងធនធានធម្មជាតិសមុទ្រដ៏សម្បូរបែប ដែលជាការចងក្រងនូវវិធានទំនៀមទម្លាប់អន្តរជាតិក្នុងវិស័យសមុទ្រ ព្រមទាំងបទប្បញ្ញត្តិពាក់ព័ន្ធអាជ្ញាធរបាតសមុទ្រអន្តជាតិ និងយន្តការដោះស្រាយវិវាទនីតិសមុទ្រ។

បើតាមព្រឹទ្ធសភា អនុសញ្ញានេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា ដែលជាប្រទេសមានសមុទ្រទទួលបាននូវក្របខ័ណ្ឌច្បាប់សមុទ្រមួយពេញលេញសម្រាប់កិច្ចការសមុទ្រក្នុងនាមជាប្រទេសជាប់សមុទ្រ ទទួលបានការការពារតាមផ្លូវច្បាប់សមុទ្រអន្តរជាតិទាក់ទងនឹងការគ្រប់គ្រងសមុទ្ររបស់កម្ពុជា ដូចជា ការគ្រប់គ្រងនិងការអភិរក្សបរិស្ថានសមុទ្រ ការធ្វើអាជីវកម្មលើធនធានសមុទ្រ និងការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ។

បន្ថែមពីនេះ អនុសញ្ញានេះ ក៏នឹងពង្រឹងតួនាទីកម្ពុជាលើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការដោយស្មើមុខ ក្នុងការគ្រប់គ្រងសមុទ្រនឹងការដោះស្រាយបញ្ហាសមុទ្រជាមួយបណ្តាប្រទេសនានា និងមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសសមាសភាពអាជ្ញាធរបាតសមុទ្រអន្តរជាតិ ក៏ដូចជាចៅក្រមតុលាការអន្តរជាតិនីតិសមុទ្រ ព្រមទាំងទទួលបាននូវកិច្ចសហប្រតិបត្តិការនឹងជំនួយបច្ចេកទេស ជំនួយផ្នែកច្បាប់អន្តរជាតិពាក់ព័ន្ធនឹងការការពារ និងការអភិរក្សបរិស្ថានសមុទ្រ និងការផ្ទេរបច្ចេកវិទ្យាពីរដ្ឋភាគី និងស្ថាប័នអន្តរជាតិ ធានាពាក់ព័ន្ធនឹងអនុសញ្ញានេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម